ឯកឧត្តម ឆាយ សុផល អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានតាមគេហទំព័រ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានក្នុងយុគសម័យឌីជីថល
ភ្នំពេញ៖ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍមូល ធនមនុស្ស ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ តំណាង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានតាមគេហទំព័រ» ដើម្បីពង្រឹងសមត្ថភាពមន្ត្រីព័ត៌មានក្នុងយុគសម័យឌីជីថល។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃ ដោយធ្វើពិធីបើកនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន ដោយមានសិក្ខាកាមចូលរួមចំនួន ១១៣នាក់ ស្រី ០៩នាក់ មកពី អគ្គលេខាធិការ, អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ,អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ វិទ្យុជាតិ , ទីភ្នាក់ងារសារព័ត៌មាន, អធិការដ្ឋាន, មណ្ឌលបណ្ដុះបណ្ដាល , និងមកពីមន្ទីរព័ត៌មាន រាជធានី ខេត្ត ។
ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍមូល ធនមនុស្ស ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក.អ.ម បានគូសថា ក្នុងបរិបទនៃការធ្វើបរិវត្តកម្មឌីជីថលវិស័យព័ត៌មាននិងផ្សព្វផ្សាយ ស្ថាប័នព័ត៌មានត្រូវបានតម្រូវឲ្យបម្លែងខ្លួនពីការផ្សាយបែបប្រពៃណីទៅកាន់ការផ្សព្វផ្សាយតាម បណ្តាញពហុថ្នាល ដើម្បីឆ្លើយតបទៅនឹងឥរិយាបទរបស់ស្សនិកជននិងអ្នកស្តាប់សម័យថ្មីនៃសករាជឌីជីថល។
ក្នុងន័យនេះ មាតិកាដែលមានគុណភាពខ្ពស់ មានភាពត្រឹមត្រូវ និងមានភាពទាក់ទាញគឺជាចំណុចស្នូលសម្រាប់បង្កើនភាពជឿជាក់ និងលើកកម្ពស់ប្រសិទ្ធភាពនៃព័ត៌មានផ្លូវការ។
ដោយសារហេតុនេះវគ្គបណ្តុះនៅថ្ងៃនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពសិក្ខាកាម ក្នុងការសរសេរព័ត៌មានតាមស្តង់ដារវិជ្ជាជីវៈនិងការផលិតមាតិកាឲ្យសមស្របនឹងបរិបទឌីជីថលនិងការផ្សព្វផ្សាយតាមគេហទំព័រ។ ទន្ទឹមនេះសិក្ខាកាមនឹងទទួលបានទាំងចំណេះដឹង បទពិសោធន៍ និងជំនាញអនុវត្តជាក់ស្តែង ដើម្បីយកទៅអភិវឌ្ឍការងាររបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព និងមានវិជ្ជាជីវៈខ្ពស់។
ឯកឧត្តម ឆាយ សុផល បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ក្រោមការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ដែលបន្តពី ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រី នៅទូទាំងប្រទេសលើជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍។ ធនធានមនុស្សជារឿងដ៏សំខាន់ក្នុងការអភិវឌ្ឍខ្លួន គ្រួសារនិងសង្គម ក៏ប៉ុន្តែមូលធនមនុស្សរឹតតែចាំ បាច់ព្រោះថាមូលធនមនុស្សមិនមែនត្រឹមតែមានចំណេះជំនាញនោះទេ ប៉ុន្តែពួកគេអាចបង្កើតស្នាដៃ បន្សល់ទុកឱ្យអ្នកជំនាន់ថ្មីទុកជាមេរៀននិងបទពិសោធសម្រាប់ការងារផ្ទាល់ខ្លួន និងសង្គម។ ជា ឧទាហរណ៍ ជាងជួសជុលម៉ូតូជាធនធានមនុស្សមួយ ប៉ុន្តែគេនឹងក្លាយជាមូលធនមនុស្ស ប្រសិនគេអាចចងក្រងឯកសារ ឬសៀវភៅទុកសម្រាប់ជាការស្វែងយល់នៃអ្នកជំនាន់ក្រោយ។
ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងថា ក្នុងយុគសម័យបរិវត្តកម្មឌីជីថល ការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក និងគេហទំព័រ បានក្លាយជាយន្តការដ៏សំខាន់មួយសម្រាប់ស្ថាប័នរដ្ឋ ក្នុងការផ្តល់ព័ត៌មានជូនសាធារណជន ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។ គេហទំព័រផ្លូវការរបស់ស្ថាប័ន មិនត្រឹមតែជាបណ្តាញផ្សព្វផ្សាយព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាបង្អួចសម្រាប់បង្ហាញសមិទ្ធផល សកម្មភាព និងសេវាសាធារណៈរបស់ស្ថាប័នទៅកាន់ប្រជាពលរដ្ឋ និងដៃគូពាក់ព័ន្ធផងដែរ។ ដូច្នេះ ការសរសេរព័ត៌មានសម្រាប់ផ្សព្វផ្សាយតាម គេហទំព័រ តម្រូវឱ្យមន្ត្រីជំនាញមានទាំងចំណេះដឹង ជំនាញបច្ចេកទេស និងសមត្ថភាពក្នុងការរៀបចំខ្លឹមសារឱ្យមានភាពច្បាស់លាស់ ទាក់ទាញ អាចជឿទុកចិត្តបាន និងស្របតាមគោលការណ៍នៃការផ្សព្វផ្សាយ ព័ត៌មានរបស់រាជរដ្ឋាភិបាល។
ឯកឧត្តម ឆាយ សុផល បានបញ្ជាក់ថា មន្ទីរព័ត៌មានមិនត្រឹមតែជាសេនាធិការរបស់ក្រសួងព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែទាំងស្ថាប័នគាំទ្រដល់រដ្ឋបាលខេត្ត និងមន្ទីរផ្សេងៗក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តទៀតផង នៅក្នុងវិស័យព័ត៌មាន និងសោតទស្សត៍ ដោយជំរុញការផ្សាយពីសមិទ្ធផលរបស់ខេត្ត និងប្រយុទ្ធប្រឆាំងរាល់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់។ ថ្ងៃនេះ មន្ទីរព័ត៌មាន បានក្លាយជាអង្គភាពដំបូងគេ ដែលបានជំរុញការអនុវត្ត ការធ្វើបច្ចុប្បន្នភាព និងការផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រ បន្ទាប់ពីបានទទួលការបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ និងការពារគេហទំព័រកាលពីកន្លងទៅ។ ការចាប់ផ្តើមមុនគេនេះ បានបង្ហាញឱ្យឃើញពីឆន្ទៈ ម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្នុងការចូលរួមអនុវត្តគោលនយោ បាយបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល៕






