ឯកឧត្តម ចាយ បូរិន ៖ ក្រសួងធម្មការនិងសាសនា មានតួនាទីសំខាន់ក្នុងការលើកកម្ពស់និងអភិរក្សប្រពៃណី ទំនៀមទំលាប់ ព្រះពុទ្ធសាសនា ស្របតាមអនុសាសន៍របស់រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី៤៩ ថា ក្រួសងធម្មការនិងសាសនា មានតួនាទីសំខាន់ក្នុងការលើកកម្ពស់និងអភិរក្សប្រពៃណី ទំនៀមទំលាប់ ព្រះពុទ្ធសាសនា ។
ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៍បន្ថែមថា ក្រោមការយកចិត្តទុកដាក់ប្រកបដោយគិតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រកបដោយគិតិបណ្ឌិតនិងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៩ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សូមឱ្យ ក្រសួងធម្មការនិងសាសនា រៀបចំបង្កើត និងបន្តការបើកវគ្គបណ្តុះបណ្តាលតម្រង់ទិស អាចារ្យខ្មែរ ឱ្យមានការឯកភាពគ្នាក្នុងការដឹកនាំពិធីកម្មនានា តាមទម្រង់ទំនៀមទម្លាប់ ប្រពៃណី រក្សាឱ្យបាននូវអត្តសញ្ញាណជាតិ អភិរក្សមរតកវប្បធម៌ខ្មែរ ដើម្បីបញ្ចៀស វិបត្តិអាចារ្យ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំនិងសំណូមពរ ដល់ អាចារ្យ អាចារិនី ជាសិក្ខាកាមទាំងអស់ដែលរួមមាន ព្រះសង្ឃ អាចារ្យ អាចារ្យនី ចាំបាច់យកចំណេះវិជ្ជាដែលបានបំពេញបន្ថែមនេះ យកទៅដឹកនាំកម្មវិធីផ្សេងៗឲ្យបានត្រឹមត្រូវ និងបទពិសោធន៍គ្នាទៅវិញទៅមក ទៅតាមពិធីកម្មនានា ទាំងផ្នែកសាសនពិធី ក៏ដូចជាពិធីប្រពៃណី ទំនៀមទំលាប់ជាតិជាដើម។
នាឱកាសនេះ លោក កែវ ហេង ប្រធាននាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម បានជម្រាបជូនឯកឧត្តម រដ្ឋមន្រ្តីថា វគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទីភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៩ នាឱកាសនេះ គឺសិក្សារយៈពេល៥ថ្ងៃ ដែលមានគ្រូឧទ្ទេសចំនួន១៨រូប សិក្សាលើ១៨មុខវិជ្ជា ដោយចែកចេញជា៤ផ្នែកធំៗដូចជា ការគ្រប់គ្រង, វិជ្ជាហោរាសាស្រ្ត, ពិធីបុណ្យសព និងទម្រង់អាពាហ៍ពិពាហ៍ខ្មែរ បានបញ្ចប់ទៅដោយរលូននឹងជោគជ័យដូចការរំពឹងទុកផងដែរ។
សូមជម្រាបជូនថា ពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី តួនាទី ភារកិច្ចនិងក្រមសីលធម៌អាចារ្យខ្មែរជំនាន់ទី ៤៩ ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ព្រះមន្រ្តីសង្ឃ សិក្ខាកាមជាអាចារ្យ អាចារ្យនី មកពីរាជធានី-ខេត្ត ចំនួន២០៥ អង្គ/នាក់ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ៕