ឯកឧត្តម ចាយ បូរិន អនុញ្ញាតប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន យិន ផារ៉ាដាយ ចូលជួបសម្តែងការគួរសមនាំយកថវិកានិងអំណោយជាគ្រឿងឧបភោគបរិភោគ ចូលរួមជាមួយក្រសួងធម្មការនិងសាសនាឧបត្ថម្ភកងទ័ពជួរមុខ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឱ្យឧកញ៉ា ឡុង ណាលី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន យិន ផារ៉ាដាយ ចូលជួបសម្តែងការគួរសមនាំយកថវិកានិងអំណោយជាគ្រឿងឧបភោគបរិភោគ ចូលរួមជាមួយក្រសួងធម្មការនិងសាសនាឧបត្ថម្ភកងទ័ពជួរមុខ នារសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

នាឱកាសអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកាមកប្រគល់ជូន ក្រសួងធម្មការនិងសាសនា សម្រាប់ចូលរួមឧបត្ថម្ភកងទ័ពជួរមុខ ឧកញ៉ា ឡុង ណាលី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន យិន ផារ៉ាដាយ ដែលកំពុងអភិវឌ្ឍគម្រោងបង្កើតទីកន្លែងសម្រាប់ទីសក្ការៈ ចេតិយរួម និងទីដំកល់ធាតុ ជាដើម ក្នុងខេត្តកំពត បានមានប្រសាសន៍ជម្រាបជូនថា ក្នុងកាលៈទេសៈដែលប្រទេសជាតិនិងប្រជាជនកម្ពុជា កំពុងជួបការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង ក្នុងនាមប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន យិន ផារ៉ាដាយ សូមប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលគ្រប់កាលៈទេសៈ និងប្តេជ្ញាចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ព និងបងប្អូនជនភៀសសឹកនៅតាមបណ្តោយព្រំដែនដែលកំពុងមានជម្លោះ។

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាដាច់ខាតមិនឱ្យប្រទេសណាឈ្លានពានទឹកដីកម្ពុជាបានសូម្បីតែមួយមីលីម៉ែត្រ។ ចាប់តាំងពីមានការប៉ះទង្គិចរវាងកងកម្លាំងកម្ពុជាយើងនិងថៃកន្លងមកនេះ សម្តេចទាំងទ្វេ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានស្វះស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងសន្តិភាព និងទទួលបានការចរចារជាបន្តបន្ទាប់ ដោយមានការសម្របសម្រួលពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិច ចិន និងប្រធានអាស៊ានប្តូរវេន ប្រទេសម៉ាឡេស៊ី ជាដើម ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការសោកស្តាយនិងដឹងគុណចំពោះវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលបានបានពលីជីវីតក្នុងបុព្វហេតុការពារដែនអធិបតេយ្យកម្ពុជាមិនឱ្យបាត់បង់ សូម្បីតែមួយមីលីម៉ែត្រ ។

ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា វីរកងទ័ព និងបងប្អូនជនភៀសសឹក និងក្នុងនាមថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន យិន ផារ៉ាដាយ ដែលដឹកនាំដោយ ឧកញ៉ា ឡុង ណាលី ដែលបាននាំយកគ្រឿងឧបភោគបរិភោគនិងថវិកាមកប្រគល់ជូនក្រសួងធម្មការនិងសាសនា និងសូមជូនពរដល់ប្រធានក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ជួបតែសេចក្តីសុខនិងសម្រេចគ្រប់ភារកិច្ច៕