ឯកឧត្តម ចាយ បូរិន អនុញ្ញាតឲ្យ អគ្គកុងស៊ុលចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុញ្ញាតឲ្យ ឯកឧត្តម ហ្ស៊ាវ ហៃយ៉ាន(Zhao HaiYan )អគ្គកុងស៊ុលចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។

ឯកឧត្តម ហ្ស៊ាវ ហៃយ៉ាន អគ្គកុងស៊ុលចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីគោលបំណងសំខាន់ៗមួយចំនួនដូចជា ៖

-ពិភាក្សា ផ្លាស់ប្តូរយោបល់ និងពង្រឹងចំណងមិត្តភាព តាមរយៈ វិស័យព្រះពុទ្ធសាសនារវាង ចិន-កម្ពុជា ។

-ការផ្តល់អាហារូបករណ៍ដល់ក្រសួង សម្រាប់ផ្តល់ឲ្យព្រះមន្រ្តីសង្ឃនិមន្តការសិក្សានៅប្រទេសចិន ។

-ការបកប្រែព្រះធម៌ ដែលព្រះមន្រ្តីសង្ឃកម្ពុជានិមន្តទៅផ្សព្វផ្សាយនៅប្រទេសចិន ជាភាសាចិន ជាដើម។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អគ្គកុងស៊ុល ក្នុងនាមរដ្ឋាភិបាលចិន សូមថ្លែងអំណរគុណដល់ ឯកឧត្តម រដ្ឋមន្រ្តី ដែលបានដឹកនាំសហការបានយ៉ាងស្និតរមួតជាមួយ រដ្ឋាភិបាលចិនក្នុងវិស័យព្រះពុទ្ធសាសនា បានយ៉ាងទូលំទូលាយ។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ បានក្លាយជាទំនាក់ទំនងការទូតគម្រូ រវាងកម្ពុជា-ចិន ។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបានបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំពង្រឹងចំណងមិត្តភាពដែលមានស្រាប់ឲ្យកាន់តែរឹងមាំថែមទៀត ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ចាក់ផងដែលថា កន្លងមកក្រសួងធម្មការនិងសាសនា យកចិត្តទុកដាក់ និងមានទំនាក់ទំនងយ៉ាងល្អជាមួយនិងវិស័យព្រះពុទ្ធសាសនានៅប្រទេសចិន ពិសេសសម្តេចព្រះសង្ឃចិន តែយកព្រះទ័យទុកដាក់លើការផ្សព្វផ្សាយវិស័យព្រះពុទ្ធសាសនាឲ្យបានកាន់តែទូលំទូលាយ ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានជម្រុញនិងស្នើរដល់ ឯកឧត្តម អគ្គកុងស៊ុល ជួយស្នើរសុំអាហារូបករណ៍បន្ថែម ដើម្បីផ្តល់ឱកាសដល់ព្រះមន្រ្តីសង្ឃកម្ពុជាទាំងពីរគណៈ បាននិមន្តទៅសិក្សានៅប្រទេសចិនបានកាន់តែច្រើន ។

ក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន ក្នុងនាមថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សូមថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងតែជួយដល់រាជរដ្ឋាភិបាលកម្ពុជា លើគ្រប់វិស័យ ក្នុងនាមជាបងប្អូនល្អ នៃកិច្ចសហប្រត្តិការដែកថែប កម្ពុជា-ចិន និងជូនពរឯកឧត្តម គណៈប្រតិភូ និងក្រុមការងារ ជួបតែសុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ចការងារ ៕