ឯកឧត្តម ចាយ បូរិន អញ្ជើញសំណេះសំណាល សួរសុខទុក្ខអតីតសមាជិកក្រុមប្រឹក្សាឃុំ ស្រុក ដែលចូលនិវត្តន៍ ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញសំណេះសំណាល់ សួរសុខទុក្ខ អតីតក្រុមប្រឹក្សាឃុំ ស្រុក ដែលចូលនិវត្តន៍ ស្ថិតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំនួន ២០ នាក់។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ែន កុសល្យ អភិបាលគណ:អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ បូរិន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជានិច្ចកាល សម្តេច ព្រមទាំងលោកជំទាវ តែងតែគិតគូរយកចិត្តទុក្ខដាក់ពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសគ្រប់ពេលវេលា។
ថ្លែងក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អតីតក្រុមប្រឹក្សាស្រុក ឃុំ ទាំងអស់ ដែលបានអនុវត្តនាពេលកន្លងមក និងបានបញ្ជាក់បន្ថែមថា ទោះបីក្នុងពេលវេលានេះ បងប្អូនទាំងអស់បានចូលនិវត្តក៏ពិតមែន ប៉ុន្តែ អាស្រ័យដោយបងប្អូនធ្លាប់មានបទពិសោធក្នុងការដឹកនាំនៅមូលដ្ឋាននេះផ្ទាល់ ដូច្នេះសូមឱ្យុបន្តចូលរួមជួយផ្តល់ជាមតិយោបល់ដល់ក្រុមប្រឹក្សាឃុំ ស្រុក ដើម្បីធ្វើឱ្យការដឹកនាំ និងការប្រតិបត្តិការងារនៅតាមមូលដ្ឋានផ្ទាល់ទទួលបាននូវប្រសិទ្ធភាពខ្ពស់ ។ ជាការពិត គុណបំណាច់របស់អស់លោក លោកស្រី ក្នុងពេលកន្លងមក បានចូលរួមចំណែកក្នុងការកសាងនូវសមិទ្ធផលជាច្រើន ធ្វើឱ្យមូលដ្ឋានរបស់យើងមានការរីកចម្រើនគួរជាទីមោទនៈ។
ឯកឧត្តម បានបញ្ជាក់ផងដែរថា បច្ចុប្បន្ន ប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យប្រជាជនគ្រប់រូបរស់នៅប្រកបដោយក្តីសុខក្សេមក្សាន្ត។ មនុញ្ញផលសន្តិភាពនេះ កើតចេញពីការខិតខំប្រឹងប្រែងលះបង់ បូជាសាច់ស្រស់ ឈាមស្រស់ របស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា ដែលបាននាំនាវាកម្ពុជា មានវឌ្ឍនភាពលើគ្រប់វិស័យ ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងអណត្តិកន្លងមក ហើយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់ យកមនុស្ស ជាអាទិភាពចម្បង ក្នុងចំណោមអាទិភាពគន្លឹះទាំង ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ដើម្បីបម្រើប្រជាជនជាម្ចាស់ឆ្នោត ដែលបានផ្ដល់សេចក្តីទុកចិត្ត បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យបន្តការដឹកនាំប្រទេស ធ្វើឱ្យប្រទេសកម្ពុជាយើងមានភាពរីកចម្រើនជាបន្តបន្ទាប់ និងសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត។
ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ផងដែរ អំពីបច្ចុប្បន្នភាពពាក់ព័ន្ធនឹងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា ហើយបានថ្កោលទោសចំពោះភាគីថៃ ដែលបានប្រើប្រាស់អាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា នៅក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១៥:៥០ នាទីរសៀល បណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជារបួសចំនួន ៣នាក់ និងស្លាប់បាត់បង់ ជីវិតចំនួន ១នាក់។ នេះជាទង្វើអមនុស្សធម៌ ខុសច្បាប់អន្តរជាតិ ហើយផ្ទុយទៅនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាព ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី រវាងនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងនាយករដ្ឋមន្ត្រីប្រទេសថៃ ដែលមានឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ជាសាក្សី ព្រមទាំងមានការគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសជាមិត្តដែលស្រឡាញ់សន្តិភាព ហើយសូមឱ្យបងប្អូនគាំទ្រចំពោះយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យពិភពលោកមានការកោតសរសើរចំពោះភាពអត់ធ្មត់ ដែលនាំឱ្យកម្ពុជាទទួលបានលទ្ធផលជោគជ័យ ជូនប្រជាជននិងប្រទេសជាតិ។
ជាទីបញ្ចប់ ឯកឧត្តម ចាយ បូរិន បានប្រគល់ជូននូវអំណោយជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់អតីតសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ចំនួន២០រូប និងបានផ្តាំផ្ញើដល់អតីតសមាជិកក្រុមប្រឹក្សាទាំងអស់ បន្តចូលរួមជួយពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ មានដូចជាការលួច ឆក់ ប្លន់ ការលក់ ជក់ និងចែកចាយគ្រឿងញៀន ការជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់ជាដើម។ល។ ព្រមទាំងបានជូនពរដល់អតីតសមាជិកក្រុមប្រឹក្សាទាំងអស់ ជួបប្រទះតែនឹងពរទាំងឡាយ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ ។



