ឯកឧត្តម ចាយ បូរិន អញ្ជើញចូលរួម ពិធីសូត្រមន្តផ្តួចផ្តើមអង្គកឋិនទានមហាសាមគ្គី នាវត្តមុនីសុវណ្ណ (ហៅវត្តជំពុះក្អែក)

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញចូលរួមពិធីសូត្រមន្ត ចម្រើនព្រះបរិត និង សម្តែងធម្មទេសនា ផ្តួចផ្តើមអង្គកឋិនទានមហាសាមគ្គី ដើម្បីវេរថ្វាយនិងប្រគេន សម្តេចជាអម្ចាស់ និង ព្រះមន្រ្តីសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា ទុកជាគរុភណ្ឌក្នុងពុទ្ធសីមា វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។
ពិធីសូត្រមន្តផ្តួចផ្តើមអង្គកឋិនទានមហាសាមគ្គី នេះមានការយាងផ្តល់ ព្រះរាជាកិត្តិយសពីសំណាក់ សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក នៃគណៈមហានិកាយ និងជាសម្តេចព្រះចៅអធិការវត្តមុនីសុវណ្ណ , ព្រះថេរានុថេរគ្រប់ព្រះអង្គ , ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា មន្រ្តីរាជការនិងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ។
អង្គកឋិនទាន គឺជាបុណ្យមួយមានតែក្នុងព្រះពុទ្ធសាសនាតែប៉ុណ្ណោះ ជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ គឺរយៈកាលទទួលកឋិនទានក្តី និងរយៈកាលធ្វើកឋិនទានក្តីអាចធ្វើបានក្នុងសម័យតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្តិក។
សូមជម្រាបជូនថា អង្គកឋិនទានមហាសាមគ្គី ដែលផ្តួចផ្តើមពីសទ្ធាជ្រះថ្លារបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នាឱកាសនេះ បានរៀបចំទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយរៀបចំពិធី ពិធីសូត្រមន្ត ចម្រើនព្រះបរិត និង សម្តែងធម្មទេសនា នារសៀលថ្ងៃសៅរ៍ ១១ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥។ លុះព្រឹកឡើងថ្ងៃអាទិត្យ ១ រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៥ រៀបចំដង្ហែអង្គកឋិនទានប្រទក្សិណ៣ជុំព្រះវិហារ និងវេរថ្វាយនិងប្រគេន គ្រឿងអត្ថបរិក្ខារ ត្រៃចីវរ និងបវេរណាបច័្ចយ ថ្វាយសម្តេចជាអម្ចាស់ ទុកជាគរុភណ្ឌក្នុង វត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ជាកិច្ចបង្ហើយបុណ្យ ៕