ឯកឧត្តម ចាយ បូរិន  អញ្ជើញដឹកនាំ ប្រតិភូក្រសួងធម្មការនិងសាសនា គោរពវិញ្ញាណក្ខន្ធ សពវរយុទ្ធជន វរសេនីយ៍ត្រី ព្រៀប ចំរើន នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំប្រតិភូក្រសួងធម្មការនិងសាសនា គោរពវិញ្ញាណក្ខន្ធនិងឧទ្ទិសកុសលជូនដល់សពវរយុទ្ធជន វរសេនីយ៍ត្រី ព្រៀប ចំរើន ជំនួយការសេនាធិការវរ២១៤ នៃកងពលតូចថ្មើរជើងលេខ២១ ដែលបានពលីជីវិតក្នុងជន្មាយុ ៥៣ ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង៩ និង១៥នាទី កន្លងទៅ នៅទីបញ្ជាការវរសេនាតូចថ្មើរជើងលេខ២១៤ ភូមិសំពៅផុសថ្មី ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

មរណភាពរបស់ វរសេនីយ៍ត្រី ព្រៀប ចំរើន គឺជាការបាត់បង់នូវឪពុក ប្អូនប្រុស បងប្រុស កូនប្រុស ដែលប្រកបដោយព្រហ្មវិហារធម៌ជាទីគោរពស្រលាញ់បំផុតដែលលោកវរសេនីយ៍ត្រី ព្រៀប ចំរើន បានបូជាកម្លាំងកាយ កម្លាំងចិត្ត បញ្ញា ស្មារតី ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងផ្តល់ដំបូន្មានល្អៗដល់កូនក្មួយ ឱ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌ នៅក្នុងសង្គមជាតិ ជាពិសេសគឺបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តម ដែលបានរួមចំណែកការពារដែនអធិបតេយ្យប្រឆាំងជាមួយខ្មាំងសៀម ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជាយើង។

នាឱកាសរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ចាយ បូរិន ព្រមទាំងប្រតិភូទាំងអស់ បានចូលរួមរំលែកទុក្ខជាមួយក្មួយស្រី ហង្ស សិកា  ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់តេជបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់លោក វរសេនីយ៍ត្រី ព្រៀប ចំរើន  បានទៅ សោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕