ឯកឧត្តម ចាយ បូរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពព្រឹន្ទបាលទោ ឆៃ រ័ត្ន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី សមរភូមិខេត្តព្រះវិហារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំប្រតិភូក្រសួងធម្មការនិងសាសនា និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ គោរពវិញ្ញាណក្ខន្ធនិងឧទ្ទិសកុសលជូនដល់ សពព្រឹន្ទបាលទោ ឆៃ រ័ត្ន នាយទាហានកងពលតូចអន្តរាគមន៍លេខ ៩ វីរ:សេនាតូចអន្តរាគមន៍លេខ ៣៩៤ ដែលបានពលីជីវិតក្នុងជន្មាយុ៤៧ឆ្នាំក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធខេត្ត ព្រះវិហារ កាលពីវេលាម៉ោង ១១និង ៣០ នាទី យប់ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៥ នៅគេហដ្ឋាន នៃសពស្ថិតនៅ ភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម ចាយ បូរិន និងគណប្រតិភូទាំងអស់ សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារសពវីវៈកងទ័ពដ៏អង់អាចក្លាហាន និងបានចាត់ទុកការបាត់បង់វីរយុទ្ធជននេះគឺជាការបាត់បង់កូនប្រុស ជាបងប្រុស ឪពុក ដ៏មានគុណធម៌ សុជីវធម៌ កតញ្ញូ កតវេទិតាធម៌ចំពោះជីដូនជីតា ឪពុកម្តាយ មីងមា បងប្អូន កូនៗជាទីស្រលាញ់ ហើយក៏ជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដែលតែងបានលះបង់អស់ពីកម្លាំងកាយ ចិត្ត បញ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។

ទោះបីរូបរាងកាយរបស់អស់លោក បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរភាពតស៊ូ និងស្នាដៃរបស់លោក បានចារឹកទុកក្នុងប្រវត្តិសាស្ត្រជាតិ និងស្ថិតនៅក្នុងដួងចិត្ត ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យុទ្ធមិត្តរួមអាជីព ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ជានិច្ចនិរន្តរ៍។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ លោកស្រីចាន់ បូរី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ព្រិន្ទបាលទោ ឆៃ រ័ត្ន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕