ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគ ចែកជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅតំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តរមានជ័យ ទិសទី៣ នៃយោធភូមិភាគទី៤

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង និងពាហិរសាសនា សួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគ ចែកជូនវីរៈកងទ័ព ដែលជាការចូលរួមចំណែកក្នុងការលើកទឹកចិត្ត និងចង់ដឹងពីសុខទុក្ខ របស់វីរៈកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ តាមព្រំដែនកម្ពុជា-ថៃ នាតំបន់ប្រតិបត្តិការសឹករង ខេត្តឧត្តរមានជ័យ ទិសទី៣ នៃយោធភូមិភាគទី៤ រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។

ពិធីនេះមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមឧត្តមសេនីយ៍ឯកកែវ ធី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការពលធំអន្តរាគមន៍លេខ២ និងជាគណៈបញ្ជាការទិសទី៣ នៃយោធភូមិភាគទី៤ , និងមានការចូលរួមដោយលោកជំទាវ , លោកស្រី មិន ធារី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តឧត្តរមានជ័យ , អ្នកឧកញ៉ា សុះ កំរុីចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា , ឧកញ៉ា ឃ្នួរ ម៉ាត់ សា មេដឹកនាំ កនអុីម៉ាំសាន់, បូជាចារ្យ អ៊ុន ស៊ុន ព្រះសហគមន៍កាតូលិ, និងតំណាងពាហិរសាសនាផ្សេងៗជាច្រើនរូបទៀត។
មុននិងចាប់ផ្តើមមានប្រសាសន៍សំណេះសំណាល ឯកឧត្តម ចាយ បូរិន បានអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្នុងអង្គពិធី សឹងស្មានគោរពវិញ្ញាណក្ខន្ធព្រឹន្ទបាលឯក សួន រោន ដែលបានពលីជីវិតដោយត្រូវបានលបវាយធ្មក់ពីកងទ័ពឈ្លានពាន ដែលចិញ្ចឹមចិត្តចង់បានទឹកដីកម្ពុជាជាយូរមកហើយ ។

ឯកឧត្តម រដ្ឋមន្រ្តី បានសម្ដែងនូវសេចក្ដីគោរព ក្តីស្រឡាញ់ ការគាំទ្រ និងក្តីសោមនស្ស រីករាយយ៉ាងក្រៃលែង ដែលបាន មកជួបវីរកងទ័ពជួរមុខដែលកំពុងឈរជើងយ៉ាងរឹងមាំ អង់អាចក្លាហាន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ទិសខេត្តឧត្តរមានជ័យ និងបាននាំមកជាមួយនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែបានគិតគូរយកចិត្តទុកដាក់ជានិច្ចពីសុខទុក្ខរបស់កងទ័ព ទាំងសុខភាព និងការហូបចុក ព្រមទាំងជីវភាពរបស់ក្រុមគ្រួសារកងទ័ព។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍បញ្ជាក់ថា ការបង្កើតផែនទីដោយឯកតោភាគី មិនគោរពកិច្ចព្រមព្រៀងរបស់ថៃ បង្ហាញអន្តរជាតិកាន់តែច្បាស់ ពីចរិកនយោបាយឈ្លានពានរបស់ថៃមកលើកម្ពុជា ។ កម្ពុជាមិនចង់បានអ្វី ក្រៅពីយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយប៉ុណ្ណោះ ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា ជាពិសេស ការកសាងខ្សែបន្ទាត់ព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាការពារដាច់ខាតដែនអធិបតេយ្យជាតិ មិនឲ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ និងបានខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន។ ហើយការការសម្រេចចិត្តរបស់កម្ពុជាយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺជាការសម្តេចចិត្តដ៏ត្រឹមត្រូវបំផុត ក្នុងការជៀសវៀងការទុកបញ្ហាឱ្យនៅបន្តស្រពេចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី។

ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះ គឺជា ការផ្សារភ្ជាប់រវាងសមរភូមិ មុខនិងសមរភូមិក្រោយ និងជាបេសកកម្មនាំយកនូវការគោរព ការដឹងគុណ ការគាំទ្រ និងការលើកទឹកចិត្ត ដែល ចេញពីបេះដូងពិតប្រាកដ ពុំមែនត្រឹមតែនិយាយឱ្យរួចពីមាត់នោះទេ គឺឈរលើស្មារតី រួមគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិ ដើម្បីគាំទ្រដល់កងកម្លាំងនៅតាមព្រំដែន ក្នុងបុព្វហេតុ ការពារជាតិ ទប់ទល់នឹងចោរឈ្លានពានលើបូរណភាពទឹកដីយើង។

សូមជម្រាបជូនថា អំណោយដែល ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញនាំមកចែកជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ នាឱកាសនេះរួមមាន ៖ អង្ករ ទឹកក្រូច ត្រីខខ្មែរ មីជាតិ ត្រីងៀត ងៀតគោ សាច់គោទឹកស៊ីអុីវ នំ ថ្នាំពេទ្យ និងថវិកាមួយចំនួន ៕