ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគ ជូនដល់វីរៈកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំមន្រ្តីរាជការក្រសួង និងសាសនាឥស្លាម សាសនាគ្រឹស្ត រួមទាំងសាសនាផ្សេងៗ មកសួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងគ្រឿងឧបភោគបរិភោគ ជូនដល់វីរៈកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម នាយឧត្ដមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ក្នុងនាមកងកម្លាំងកម្ពុជា ដែលជាការចូលរួមចំណែកក្នុងការលើកទឹកចិត្ត និងសួរសុខទុក្ខ ចំពោះវីរៈកងទ័ព ដែលកំពុងបំពេញបេសកកម្មប្រចាំការនៅសមរភូមិជួរមុខ តាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។

ពិធីនេះ មានការចូលរួមដោយ ឯកឧត្តម លោកជំទាវ ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តម សុខ សាន្តដារ៉ា អភិបាលរងខេត្តតំណាង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ,
អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា , ឧកញ៉ា ឃ្នួរ ម៉ាត់ សា មេដឹកនាំ កនអុីម៉ាំសាន់, បូជាចា អ៊ុន ស៊ុន ព្រះសហគមន៍កាតូលិ, និងតំណាងពាហិរសាសនាផ្សេងៗជាច្រើនរូបទៀត។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខសេចក្តីនឹករលឹក និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល តែងគិតគូរយកចិត្តទុកដាក់ជាប្រចាំពី សុខភាព និងសុខទុក្ខបងប្អូនកងទ័ព ដែលកំពង់ឈរជើង ការពារទឹកដី នៅសមរភូមិមុខគ្រប់ពេលវេលា។

ក្នុងពិធីសំណេះសំណាលជាលក្ខណៈមហាគ្រួសារខ្មែរក្នុងស្មារតី ជួរក្រោយគាំទ្រ នៅជាប់ជានិច្ចជាមួយយុទ្ធជនជួរមុខ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដូចអ្វីដែលប្រមុខដឹកនាំដែលជាស្ថានិកសន្តិភាពនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ជាញឹកញាប់រួចមកហើយ ពិសេសនៅពេលសម្តេចទាំងពីរ បានអញ្ជើញមកសួរសុខទុក្ខ វីរកងទ័ពកាលពីពេលថ្មីៗនេះ។
ប៉ុន្តែជាអកុសល ដែលយើងមានអ្នកជិតខាងដូចជាសៀម មានចិត្តមិនស្មោះចិញ្ចឹមចិត្តឈ្លានពាន រំលោភបំពានទឹកដីរបស់កម្ពុជាតាំងពីអតីតកាលរហូតមក។ ដោយសារបញ្ហានយោបាយនៅទីក្រុងបាងកក ភាគីថៃបានបង្កជម្លោះ រំលោភបំពានលើ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលផ្ទុយនឹងកិច្ចព្រមព្រៀងទ្វេភាគី និងធម្មនុញ្ញសហប្រជាជាតិ សមដូចប្រសាសន៍សម្តេចតេជាលើកឡើងថា «មានមិត្តជិតខាងល្អដូចមានមាស ពេលមានមិត្តជិតខាងអាក្រក់ដូចមានមីន»។

ឯកឧត្តម ចាយ បូរិនបានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់កម្ពុជាយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពេចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី។ ជាមួយគ្នានេះ កម្ពុជា បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ)ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ។ បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ។ កម្ពុជាមិនចង់បានអ្វី ក្រៅពីយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយប៉ុណ្ណោះ ក្នុងការកំណត់ខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា ជាពិសេស ការកសាងខ្សែបន្ទាត់ព្រំដែន ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើកិច្ចការងារនេះប្រកបដោយឆន្ទៈនិងការទទួលខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដីនិងឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជន។

នៅក្នុងឱកាសនេះ ឯកឧត្តម ចាយ បូរិន បានថ្លែងអំណរគុណនិងដឹងគុណជាអនេក ចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។ ហើយគំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះ ជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម។

សូមជម្រាបជូនថា អំណោយដែល ឯកឧត្តមរដ្ឋមន្រ្តី អញ្ជើញនាំមកចែកជូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ នាឱកាសនេះរួមមាន ៖ ថ្នាំពេទ្យ អង្ករ ទឹកក្រូច ត្រីខខ្មែរ មីជាតិ ត្រីងៀត សាច់គោស្រស់ សាច់ក្រក ទឹកស៊ីអុីវ និងថវិកាមួយចំនួន ផងដែរ៕