ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំមន្រ្តីរាជការនិងពាហិរសាសនាសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ១២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើមខេត្តព្រះវិហារ

ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំមន្រ្តីរាជការនិងពាហិរសាសនាសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋ ១២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើមខេត្តព្រះវិហារ
———————
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំមន្រ្តីរាជការ និងពាហិរសាសនា ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយ ដែលជាគ្រឿងឧបភោគបរិភោគនិងថវិកាមួយចំនួនជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១២០០គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ដែលស្ថិតក្នុងភូមិគូលេនត្បូង ឃុំគូលេនត្បូង ស្រុកគូលេន ខេត្តព្រះវិហារ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។
ពិធីនេះមានការចូលរួមដោយ ពី ថា្នក់ដឹកនាំក្រសួងធម្មការនិងសាសនា ឯកឧត្តម សុខ សាន្តតារា អភិបាលរងខេត្តព្រះវិហារ តំណាង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ , ព្រះតេជគុណសីមានុចារី សៀន គុណលាភ ព្រះបាឡាតគុណខេត្ត និងជាព្រះអនុគុណស្រុកគូលេន, អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា , ឧកញ៉ា ឃ្នួរ ម៉ាត់ សា មេដឹកនាំ កនអុីម៉ាំសាន់, បូជាចា អ៊ុន ស៊ុន ព្រះសហគមន៍កាតូលិ, និងតំណាងពាហិរសាសនាផ្សេងៗជាច្រើនរូប។
ឯកឧត្តម ចាយ បូរិន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដោយសេចក្តីនឹករលឹក និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាល តែងតែគិតគូរយកចិត្តទុកដាក់ជាប្រចាំពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាជនយើង ដែលរស់នៅតាមបណ្តោយព្រំដែន។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជាមិនចង់បានទឹកដីប្រទេសជិតខាតសូម្បីមួយមីលីម៉ែត្រ តែកម្ពុជាដាច់ខាតការពារដែនដីមិនឲ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រផងដែរ និងបង្ហាញពីគោលជំហរដ៏រឹងមាំរបស់ សម្តេចមហាបវរធិបតី ក្នុងការដាក់ប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) យកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ មានទិសដៅច្បាស់លាស់ ផ្អែកលើផ្លូវច្បាប់អន្តរជាតិ និងតំបន់ ក្នុងការការពារអធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូរជាតិ ហើយប្រជាពលរដ្ឋទូទាំងប្រទេសក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះសេចក្ដីប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការនាំយកបញ្ហាដែនដី ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីពន្លត់និងបញ្ចប់បញ្ហានេះ ស្របតាមច្បាប់អន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើមសូមរក្សាសុខភាព ធ្វើអនាម័យជាប្រចាំ ដូចជាការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសសម្រាកក្នុងមុងឲ្យបានត្រឹមត្រូវជៀសវាងជំងឺគ្រុនឈាមដែលបណ្តាលមកពីមូសខាំ និងជំងឺដង្កាត់ផ្សេងៗទៀតដែលកើតចេញពីការមិនរក្សាអនាម័យជាប់ជាប្រចាំ។
សូមជម្រាបជូនថា អំណោយដែល ឯកឧត្តមរដ្ឋមន្រ្តី និងពាហិរសាសនា អញ្ជើញនាំមកចែកជូនដល់បងប្អូនប្រជាជនចំនួន ១២០០ គ្រួសារ នៅក្នុងមណ្ឌលសុវត្ថិភាពខាងលើនេះរួមមាន ៖ ថវិកា អង្ករ ទឹកក្រូច ត្រីខខ្មែរ មីជាតិ ត្រីងៀត ងៀតគោ សាច់ក្រកគោ ទឹកស៊ីអ៊ីវ និងឧបត្ថមថវិកាមួយចំនួនដល់ស្រ្តីមានផ្ទៃពោះចំនួន៧២នាក់ផងដែរ។