ឯកឧត្តម ចាយ បូរិន អញ្ជើញដឹកនាំមន្រ្តីក្រសួងធម្មការនិងសាសនា រៀបចំពិធីទូងស្គរអបអរសាទរក្នុងឱកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នាព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងធម្មការនិងសាសនា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំមន្រ្តីរាជការក្រោមឱវាទ និមន្តព្រះមន្រ្តីសង្ឃ សាសនិកឥស្លាមសាសនា និងសាសនិកគ្រិស្ទសាសនា រៀបចំពិធីទូងស្គរអបអរសាទរក្នុងឱកាសនៃការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
មុននឹងចាប់ផ្តើមពិធីទូងស្គរ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានធ្វើពិធីស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានស្តាប់នូវសុន្ទរកថារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋកន្ត្រីនៃ ព្រះជាណាចក្រកម្ពុជា ដែលផ្សព្វផ្សាយដល់ជនរួមជាតិនូវសារលិខិតអបអរសាទរឱកាសនៃការចុះ « បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សានិងងសន្តិភាព » ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
មហាសមិទ្ធផលនេះ គឺជាកិត្យានុភាពដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងលើឆាកអន្តរជាតិ ដែលកើតចេញពីការបន្តវេននៃវីរជនខ្មែរជំនាន់ក្រោយៗ ក្រោមសា្មរតីសាមគ្គីរួបរួមជាតិ “ខ្មែរតែមួយ” ក្រោមម្លប់នៃសុខសន្តិភាព ដែលជាមូលដ្ឋាននៃការកសាង និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ រួមទាំងការអភិរក្ស ការអភិវឌ្ឍសម្បត្តិវប្បធម៌ និង ការការពារសច្ចភាពប្រវត្តិសាស្រ្តរបស់ជាតិ ។
សូមបញ្ជាក់ជូនថា ការប្រារព្ធពិធីទូងស្គរអបអរសាទរ ដែលបានប្រព្រឹត្តទៅនាវេលាម៉ោង ៧:០០ នាទីព្រឹក នាថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២៥ ត្រូវបានធ្វើឡើងព្រមៗគ្នានៅទូទាំងប្រទេសគ្រប់ទីកន្លែងសាធារណៈសំខាន់ៗរួមមាន ៖ ទីស្តីការក្រសួង ស្ថាប័នថ្នាក់ជាតិ អង្គភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ គ្រប់ទីវត្តអារាម មណ្ឌលវិបស្សនា អាស្រម សាលាបុណ្យ វិហារសាសនា ស្នាក់ការស៊ូរ៉ាវ សាលារៀនរដ្ឋ និងឯកជន និង ទីប្រជុំសហគមន៍ នៅទូទាំងប្រទេស តាមរយៈការវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និង គោះត្រដោក ដើម្បីអបអរសាទរការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជា មណ្ឌលផ្សះផ្សានិងសន្តិភាព” ៕