ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ទិវាអធិដ្ឋានគ្រិស្តបរិស័ទកម្ពុជា ២០២៥ ដែលប្រព្រឹត្តទៅរៀងរាល់ឆ្នាំនៅថ្ងៃទី ០១ កក្កដា ជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយ ក្នុងចំណោមព្រឹត្តិការណ៍ ជាអាទិ៍ពិធីណូអែលសម្រាប់គ្រីស្ទបរិស័ទក្នុងប្រទេសកម្ពុជា នារសៀលថ្ងៃទី ០១ កក្កដា ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ។
ពិធីនេះមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ,ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទតាមបណ្ដា រាជធានី ខេត្ត ក្រុង និងសមាជិក សមាជិកាគ្រីស្ទបរិស័ទទូទាំងប្រទេស។
ពិធីរបស់គ្រីស្ទបរិស័ទក្នុងប្រទេសកម្ពុជា នាឱកាសនេះ ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន ប្រធានព្រឹទ្ធសភា តែងតែលើកកម្ពស់សេរីភាពជំនឿ និងជំរុញសុខដុមនីយកម្មសាសនា ក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់លក្ខណៈងាយស្រួលដល់សាសនិក-សាសនិកាគ្រប់រូប ក្នុងការប្រណិប័តន៍ជំនឿគ្រប់សាសនា និងការប្រឆាំងដាច់ខាត ចំពោះការរើសអើងពូជសាសន៍ និងជំនឿសាសនា។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ភាពសុខដុមនីយកម្មសាសនានៅកម្ពុជា ក៏ដូចជាការបង្ហាញពីការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបើកចំហរនូវសិទ្ធ សេរីភាព នៃជំនឿសាសនារបស់ ប្រជាពលរដ្ឋកម្ពុជា យ៉ាងពេញលេញ ទាំងលើឆាកជាតិ និងអន្តរជាតិ ព្រមទាំងបានដាក់ចេញនូវវិធានការ ឬយន្តការគន្លឹះសម្រាប់ចូលរួម អនុវត្តជាក់ស្តែងបន្ថែមទៀត ឱ្យសមស្របតាមការវិវត្តន៍របស់សង្គម ដើម្បីរួមចំណែកការអភិវឌ្ឍន៍សង្គមជាតិ។ ទន្ទឹមនឹងការផ្តល់នូវសិទ្ធសេរីភាពខាងជំនឿសាសនា ដែលរាជរដ្ឋាភិបាលផ្តល់ឲ្យ ការគ្រប់គ្រងនៃសាសនាក៏ត្រូវតែគោរពទៅតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ផងដែលអំពី ស្ថានភាពតានតឹងរវាងកម្ពុជា-ថៃ លើប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដែលរាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរដ៏រឹងមាំ នៅក្នុងការនាំយកបញ្ហានេះទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយឱ្យដាច់ស្រេច ជៀសវាងមានបញ្ហានាពេលអនាគតមិនចេះចប់ ។ ប្រជាជនខ្មែរគ្រប់រូប គាំទ្រពេញទំហឹង ចំពោះប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកឡើងថា «ត្រូវពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង» ។
នៅក្នុងដំណាក់កាលដ៏សំខាន់នេះ ក្នុងនាមជាប្រជាជនខ្មែរពិតជាមោទកភាព និងការស្ងើចសរសើរយ៉ាងខ្លាំង ដែលបានឃើញស្មារតីជាតិនិយម របស់ប្រជាជាតិខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់សាសនា ជាពិសេស ថ្នាក់ដឹកនាំ ព្រះមន្រ្តីសង្ឃនិងបងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលបាននាំយកអំណោយមានគ្រឿងឧបភោគ បរិភោគ និងថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្រោមស្មារតីជួយខ្មែរ ខ្មែរតែមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងនាំយកទៅឧបត្ថម្ភគាំទ្រ លើកទឹកចិត្តដល់កងកម្លាំងជួរមុខកម្ពុជា នាពេលកន្លងមក។
ឯកឧត្តម ចាយ បូរិន ថ្លែងនៅការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការ ដែលបានសហការជាមួយក្រសួងធម្មការនិងសាសនា រៀបចំពិធីនេះឡើង ដើម្បីបង្ហាញឱ្យឃើញនូវសាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នារវាងសហគមន៍គ្រីស្ទសាសនានៅកម្ពុជាក្រោមម្លប់សុខសន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍន៍។
ឯកឧត្តម រដ្ឋមន្រ្តីបានផ្តល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត ដល់ថ្នាក់ដឹកនាំគ្រីស្ទបរិស័ទ និងគ្រីស្ទបរិស័ទទាំងអស់ ដូចខាងក្រោម៖
១.ត្រូវសហការគ្នា សាមគ្គីគ្នា និងមានឯកភាពផ្ទៃក្នុងតែមួយ ក្នុងសង្គមគ្រីស្ទបរិស័ទ និងមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម។
២. រៀបចំឲ្យមានការដឹកនាំ ឬតំណាងច្បាស់លាស់ ក្នុងជំនឿគ្រីស្ទបរិស័ទក្នុងប្រទេសកម្ពុជា ដោយសហការជាមួយក្រសួងធម្មការ និងសាសនា។
៣. បង្កើនការបង្ហាញវត្តមាន និងសកម្មភាព តាមរយៈមនុស្សធម៌ អប់រំ ការអភិវឌ្ឍន៍ និងសកម្មភាពសាសនា ឈរលើគោលការណ៍នៃជំនឿ និងព្រះនាមព្រះយេស៊ូគ្រីស្ទ ពិតប្រាកដ៕