ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលនានា នៅឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ឯកឧត្តម ចាយ បូរិន បានលើកថា រាជរដ្ឋាភិបាលកម្ពុជាបង្ហាញជំហរដ៏រឹងមាំក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការអន្តរជាតិ ICJ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ មានទិសដៅច្បាស់លាស់ និងផ្អែកលើផ្លូវច្បាប់ដែលបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការពារអធិបតេយ្យភាព និងសេចក្ដីថ្លៃថ្នូរជាតិ។
ថ្លែកលើកឡើងបែបនេះក្នុងឱកាសដែល ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានារួមមានសាលារៀន និងមណ្ឌលសុខភាពដែលជួយកសាង និងជួសជុលដោយសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតនៅភូមិខ្នុរ ឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ។
ឯកឧត្តម ចាយ បូរិន បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល ។
ឯកឧត្តម រដ្ឋមន្រ្តី បានរំលឹកផងដែលថា ខេត្តត្បូងឃ្មុំ ជាទីតាំងភូមិសាស្រ្តប្រវត្តិសាស្រ្ត នៃការចាប់ផ្តើមការតស៊ូលះបង់នៅសាច់ស្រស់ ឈាមស្រស់របស់វីរៈបុរសស្នេហាជាតិដឹកនាំដោយសម្តេចតេជោ បានដណ្តើមសន្តិភាព សេរីភាពជូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ។
ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបានបិទបញ្ចប់សង្គ្រាមរវាងខ្មែរនិងខ្មែរទាំងស្រុងនៅឆ្នាំ១៩៩៨ ប្រទេសជាតិមានសន្តិភាពពេញលេញ នឹងក្រោមការបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តដឹកនាំកម្ពុជាលើមាគ៌ា នៃសន្តិភាព ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ធានាបាននូវស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ ជាពិសេសស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខុមាលភាព និងជីវភាពរបស់ប្រជាជនកាន់តែល្អប្រសើរ។
ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សេរីភាពពេញលេញលើគ្រប់សាសនាទាំងអស់ជ្រកក្រោមម្លប់នៃសុខសន្តិភាព ប៉ុន្តែត្រូវគោរពតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ដោយមានក្រសួងធម្មការនិងសាសនាជាសេនាធិការរបស់រាជរដ្ឋាភិបាល ។ ដោយឡែកសមិទ្ធផលនានាថ្ងៃនេះ ជាសមិទ្ធផលថ្មីមួយទៀត ដែលជាវិភាគទានដ៏ថ្លៃថ្លារបស់សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ក្នុងវិស័យអប់រំនិងសុខាភិបាល កន្លងមក សមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ដ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ធ្លាប់បានចូលរួមចំណែកអភិវឌ្ឍសង្គមលើការងារមនុស្សធម៌ ផ្ដោតលើវិស័យអប់រំ សុខាភិបាល នឹងបម្រើឱ្យការអភិវឌ្ឍមូលធនមនុស្ស ព្រមទាំងការថែទាំសុខភាព ទាំងការបណ្តុះបណ្តាលធនធានបញ្ញាញាណ បណ្តុះមនសិការស្នេហាជាតិ និងបណ្តុះលក្ខណសម្បត្តិសមស្របដល់យុវជនគ្រប់ៗជំនាន់ ឱ្យក្លាយជាសសរទ្រូង និងជាអ្នកបន្តវេនក្នុងការអភិវឌ្ឍប្រទេសជាតិ ក្នុងយុគសម័យនៃការកសាងកំណើនសេដ្ឋកិច្ច ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព និងស្របតាមចក្ខុវិស័យកម្ពុជា២០៥០។
ឯកឧត្តម ចាយ បូរិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក បេនយ៉ាមីន អិមស្សី តៃ ប្រធានតំបន់អាស៊ីនៃសាសនាចក្រ និងសហការីទាំងអស់ ដែលបានបង្ហាញពីឆន្ទៈសកម្មភាពមនុស្សធម៌ និងលទ្ធផលនៃការចូលរួមចំណែករបស់សាសនាចក្រក្នុងការអភិវឌ្ឍសង្គម តាមរយៈការចូលរួមកសាង សមិទ្ធផលនានា មានដូចជាការកសាងនិងជួសជុលសាលារៀន មន្ទីរពេទ្យ ឡដុតសម្រាម ប្រព័ន្ធទឹកស្អាត បរិក្ខារពេទ្យជាដើម និងសូមជូនពរដល់ថ្នាក់ដឹកនាំសាសនាចក្រប្រចាំកម្ពុជា បន្តសម្រេចបានសកម្មភាពមនុស្សធម៌ និងលទ្ធផលនៃការចូលរួមចំណែក ដើម្បីចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ។
លោក បេនយ៉ាមីន អិមស្សី តៃ ប្រធានតំបន់អាស៊ីនៃសាសនាចក្រ មានប្រសាសន៍គោរពអរគុណ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដែលតែងតែផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ដល់ សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានចូលរួមចំណែកនៅសកម្មភាពមនុស្សធម៌ និងអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងធម្មការនិងសាសនា ៕