ឯកឧត្តម ចាយ បូរិន អញ្ជើញជាអធិបតីពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «បរិវត្តកម្មឌីជីថល និងវិស័យសាសនា» 

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «បរិវត្តកម្មឌីជីថល និងវិស័យសាសនា» នៅទីស្តីការក្រសួង រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។

វគ្គបណ្តុះបណ្តាល ស្តីពី «បរិវត្តកម្មឌីជីថល និងវិស័យសាសនា» ដែលក្រសួងធម្មការ និងសាសនា រៀបចំឡើងនាពេលនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ពិភាក្សា ផ្លាស់ប្តូរមតិយោបល់ ចែករំលែកឲ្យគ្នាទៅវិញទៅមកនូវពុទ្ធិ សំដៅស្វែងយល់ឲ្យកាន់តែច្បាស់លាស់ ស៊ីជម្រៅទៅលើការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា។ 

ថ្លែងសន្ទរកថាបើកវគ្គបណ្តុះបណ្តាល ស្តីពី «បរិវត្តកម្មឌីជីថល និងវិស័យសាសនា» ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានប្រសាសន៍កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងពង្រឹងសមត្ថភាពយល់ដឹងបន្ថែមដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងតម្រង់ទិសការផ្សព្វផ្សាយសាសនាតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ។

ឯកឧត្តម រដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ចុវិស័យវែងឆ្ងាយ និងប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់ កាលទី ១ ដោយបានកំណត់អាទិភាពចំនួន ៥ គឺ  មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។ ក្នុងនោះ បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី ៥ គឺការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា យុគសម័យឌីជីថលបាននាំមកនូវឱកាសដ៏ល្អប្រសើរ សម្រាប់ការផ្សព្វផ្សាយសាសនាឱ្យកាន់តែទូលំទូលាយ ទៅដល់មនុស្សជាតិកាន់តែច្រើន ពិសេស ព្រះសង្ឃ និងសាសនិកគ្រប់សាសនា បានប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីចូលរួមចំណែកលើកកម្ពស់សុជីវធម៌ សីលធម៌ គុណធម៌នៅក្នុងសង្គមកាន់តែសកម្មជាពិសេស ថ្នាក់ដឹកនាំកំពូលរបស់ជាតិ មានសម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជាដើម តែងផ្ដល់អនុសាសន៍ដឹកនាំជាប្រចាំលើបញ្ហាលើកកម្ពស់សីលធម៌សង្គម ព្រមទាំងបានជំរុញឱ្យនាំយកទ្រឹស្តី និងរបៀបប្រតិបតិ្តគ្រប់សាសនា ទៅផ្សព្វផ្សាយលើបណ្ដាញសង្គមឱ្យបានទូលំទូលាយផងដែរ។

ឆ្លៀងក្នុងឱកាសនេះ ឯកឧត្តម បានមានប្រសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់នូវចំណុចសំខាន់ចំនួន៣គឺ៖

១ សូមត្រងត្រាប់ស្តាប់នូវការបណ្តុះបណ្តាលពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថល និងវិស័យសាសនា ពីគ្រូឧទ្ទេសដែលមកពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

២ សូមយកចិត្តទុកដាក់រកចំណុចខ្វះខាតរបស់ខ្លួន ដើម្បីអភិវឌ្ឍន៍អង្គភាពឲ្យស្របនឹងយុគសម័យឌីជីថល

និង៣ សូមឲ្យគ្រប់អង្គភាព មន្ទីររាជធានី ខេត្ត យកចិត្តទុកដាក់យកចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ មកអនុវត្តបន្តក្នុងអង្គភាពរបស់ខ្លួន ដើម្បីបង្កើនចំណេះដឹងឲ្យកាន់តែទូលំទូលាយ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍សង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ និងកំណត់បាននូវចលករគន្លឹះជំរុញការកសាងមូលធនមនុស្សឌីជីថល និងវិធីជំរុញសន្ទុះនៃការបង្កើនសមត្ថភាពចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់វិស័យសាសនា។

ឯកឧត្តម រស់ វណ្ណី អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលជានិច្ចកាល តែងតែចង្អុលបង្ហាញ និងផ្តល់នូវអនុសាសន៍ដ៏ឧត្តុង្គឧត្តម និងការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ អង្គភាពពាក់ព័ន្ធ និងមន្ទីររាជធានី/ខេត្ត លើការងារគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា ឲ្យស្របតាមនីតិវិធីថ្មី និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលជាការចូលរួមអនុវត្តផងដែរនូវកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ និងរួមចំណែកការឆ្លើយតបទៅនឹងចរន្តសកលនៃសេដ្ឋកិច្ចឌីជីថល និងបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយផ្តោតជាសំខាន់ទៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធានានូវការផ្តល់មូលដ្ឋានចំណេះដឹងរឹងមាំ សម្រាប់ធ្វើបច្ចុប្បន្នភាពក្នុងពេលបំពេញកិច្ច តាមអង្គភាពជំនាញ និងអាចចាប់យកបទពិសោធន៍ល្អៗ ដើម្បីបំពេញការងារឲ្យកាន់តែប្រសើរ កាន់តែមានការទទួលខុសត្រូវ កាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយមនសិការវិជ្ជាជីវៈ៕