ឯកឧត្តម ចាយ បូរិន អញ្ជើញបើក ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី៣២ និងការសូត្រចាំមាត់លើកទី៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ” ឥស្លាមនិងបច្ចេកវិទ្យា”

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីបើក ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី៣២ និងការសូត្រចាំមាត់លើកទី៦ ឆ្នាំ២០២៥ នាបរិវេណវិហារធំឥស្លាម ភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥។
ពិធីនេះប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវសមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល , ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ , អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងគណៈអុីម៉ាំ តួន ករី ករីអះ ហាហ្វីស ហាហ្វីហ្សោះ ។
ឯកឧត្តម យោប អះស្ការី រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការពិធីសូត្រ មានប្រសាសន៍ជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តីថា ពិធីសូត្រគម្ពីអាល់គូរអានុមការី ថ្នាក់ជាតិ បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយឡែកពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី៣២ និងការសូត្រចាំមាត់លើកទី៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ” ឥស្លាមនិងបច្ចេកវិទ្យា” ដោយមានបេក្ខជន បេក្ខនារីជា ករី ករីយះ ចំនួន៣៥រូបក្នុងនោះ ស្ត្រី១៥រូប និងបេក្ខជន បេក្ខនារីជា ហាហ្វីស ហាហ្វីហ្សោះ ៩រូប ក្នុងនោះស្រ្តី២រូប។
ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថា ការប្រារព្ធនៅពិធីនេះ គឺជាផ្នែកមួយនៃការថែរក្សា នូវប្រពៃណីវប្បធម៌ និងផ្តល់នូវចំណេះដឹងផ្នែកធម៌វិន័យសាសនាឥស្លាម ទាក់ទងនឹងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជាមធ្យោបាយក្នុងការអនុវត្ត និងបង្ហាញពីតម្លៃរបស់ឥស្លាមក្នុងការរស់នៅក្នុងសម័យទំនើប ដែលជាប្រធាន បទ ដែលមានសារៈសំខាន់ និងសមស្របតាមបច្ចុប្បន្នភាពនៃសង្គមជាតិ និងអន្តរជាតិ ដែលបាននឹងកំពុងតែរីកចម្រើនទៅមុខឥតឈប់ឈរ។
ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា ជាសេនាធិការរបស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យធម្មការនិងសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានមុខងារ និងភារកិច្ចកំណត់វិធានការដឹកនាំ និងគ្រប់គ្រងអង្គការសមាគមសាសនាទាំងអស់ ដែលមានទីតាំង និងធ្វើសកម្មភាពនៅលើទឹកដីកម្ពុជា។ ក្រសួងធម្មការនិងសាសនា មានតួនាទីត្រួតពិនិត្យណែនាំអង្គការ សមាគមសាសនា ឱ្យអនុវត្ត សកម្មភាពរបស់ខ្លួនស្របតាមច្បាប់រដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា។
ដោយឡែកសម្រាប់ប្រធានប្រធានបទ “ឥស្លាម និងបច្ចេកវិទ្យា” ជាប្រធានបទដែលឆ្លើយតបយ៉ាងសមស្របបំផុតទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា និងមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព កំណត់យក អាទិភាពគន្លឹះ ៥ គឺ៖ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”ជាពិសេសគឺ “បច្ចេកវិទ្យាឌីជីថល” សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ។ ប្រធានបទនេះ ស្របទៅនឹងយុគសម័យឌីជីថល បាននាំមកនូវកាលានុវត្តភាពដ៏ប្រសើរ សម្រាប់ការផ្សព្វផ្សាយឥស្លាមសាសនាឱ្យកាន់តែទូលំទូលាយ និងឆាប់រហ័ស ទៅដល់មនុស្សជាតិកាន់តែច្រើន ឥស្លាមសាសនិក ក៏ដូចជាសាសនិកគ្រប់សាសនាបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook YouTube Tiktok Telegram និងបណ្ដាញផ្សព្វផ្សាយសង្គមផ្សេងៗទៀត ដើម្បីរៀន បង្រៀន ពិភាក្សាព្រះធម៌ និងផ្សព្វផ្សាយទ្រឹស្តីសាសនា។
ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី សូមកោតសរសើរចំពោះគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ដែលបានដឹកនាំបងប្អូនឥស្លាមសាសនិក ចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលក្នុងការថែរក្សាសន្តិភាព និង អភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមទំនុកចិត្តរបស់ព្រះអល់ឡោះ និងបំណងប្រាថ្នារបស់ មនុស្សជាតិ ជាពិសេសការលើកកម្ពស់ការប្រតិបត្តិធម៌អាថ៌សាសនា បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សីលធម៌សង្គម ការគោរពច្បាប់រដ្ឋ និងការលើកកម្ពស់កិត្យានុភាពប្រទេសកម្ពុជា ៕