ឯកឧត្តម ចាយ បូរិន  សូមអរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែតែងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើកគ្រប់វិស័យ និងបានសហការយ៉ាងជិតស្និទជាមួយក្រសួងធម្មការនិងសាសនា

ឯកឧត្តម ចាយ បូរិន សូមអរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលតែតែងគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាលើកគ្រប់វិស័យ និងបានសហការយ៉ាងជិតស្និទជាមួយក្រសួងធម្មការនិងសាសនា បានរៀបចំគម្រោងស្តារព្រះពុទ្ធសាសនាឡើងវិញនៅ កម្ពុជា ក៏ដូចជាពុទ្ធសាសនបណ្ឌិត្យ ដោយបានចូលរួមចំណែកក្នុងការបោះពុម្ព និងចែកចាយសៀវភៅព្រះពុទ្ធ សាសនា, សៀវភៅពាក់ព័ន្ធវប្បធម៌ និងសៀវភៅអក្សរសាស្ត្រចំនួនរាប់រយពាន់ម៉ឺនក្បាល សម្រាប់វត្តអារាមនិង សាលាពុទ្ធិកសិក្សានានាទូទាំងប្រទេស និងកសាងអគារពុទ្ធសាសនបណ្ឌិត្យជាដើម ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា មានប្រសាសន៍បែបនេះ ក្នុងឱកាសអនុញ្ញាតឲ្យ ព្រះគ្រូ វ៉ាដា មេហ្វូមី ជាអនុប្រធានមូលនិធិអត់អាហារមួយពេលដើម្បីសន្តិភាព (Donate- a-Meal Fund for Peace) របស់អង្គការ រីស្ស កូសេ-កៃ (Rissho Kosei-kai) នៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នាទីស្តីការក្រសួង ព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២៥ ។ 

ព្រះគ្រូ វ៉ាដា មេហ្វូមី អនុប្រធានមូលនិធិអត់អាហារមួយពេលដើម្បីសន្តិភាព របស់អង្គការ រីស្ស កូសេ-កៃ នៃប្រទេសជប៉ុន បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី អំពីសកម្មភាពការងាររបស់អង្គការនាពេលកន្លងមក ចាប់តាំងពីឆ្នាំ១៩៩២មក អង្គការ រីស្សកូសេ-កៃ នៃប្រទេសជប៉ុន ទទួលបានសហការយ៉ាងជិតស្និទជាមួយក្រសួងធម្មការនិងសាសនា លើការងារអប់រំ បោះពុម្ពសៀវភៅសម្រាប់វត្តអារាមនិង សាលាពុទ្ធិកសិក្សានានាទូទាំងប្រទេសកម្ពុជា ដោយប្រជាជនជប៉ុនបានស្ម័គ្រចិត្តចូលរួមយ៉ាងពេញចិត្តក្នុងមូលនិធិអត់អាហារមួយពេលដើម្បីសន្តិភាព របស់អង្គការ រីស្ស កូសេ-កៃ នៃប្រទេសជប៉ុន ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានស្នើរដល់អង្គការ រីស្ស កូសេ-កៃ នៃប្រទេសជប៉ុន តាមរយៈព្រះគ្រូ វ៉ាដា មេហ្វូមី ពិនិត្យលទ្ធភាពក្នុងការជួយជុសជុលអគារពុទ្ធសាសនបណ្ឌិត្យ ដែលមានសភាពទ្រុឌទ្រោមខ្លាំងឲ្យបានល្អប្រសើរឡើងវិញ ពីព្រោះពុទ្ធសាសនបណ្ឌិត្យជាទីតាំងមួយដ៏សំខាន់ដែលក្រសួងធម្មការនិងសាសនា មានគម្រោងយាងនិងនិមន្តគណៈសង្ឃទាំងពីរគណៈ អញ្ជើញក្រុមអ្នកស្រាវជ្រាវទំនៀមទំលាប់ប្រពៃណី ចងក្រងអក្សរសាស្រ្ត ភាសាបាលី គម្ពីរក្បួនច្បាប់ផ្សេងៗ ដែលបានបាត់បង់កាលពីសម័យសង្រ្គាមឡើងវិញ ដើម្បីទុកជាកេរ្ត៍តំណែលដ៏ល្អផូរផង់របស់ជាតិ។ 

នាឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា អង្គការ រីស្ស កូសេ-កៃ នៃប្រទេសជប៉ុន បានចូលរួមចំណែកមិនត្រឹមតែសម្រាប់ការ យោគយល់គ្នា និងការផ្លាស់ប្តូររវាងពុទ្ធសាសនិកប៉ុណ្ណោះទេ គឺថែមទាំងបានរក្សាសុខសន្តិភាពពិភពលោកផងដែរ និងសូមជូនពរព្រះគ្រូ វ៉ាដា មេហ្វូមីនិងគណប្រតិភូរបស់អង្គការ រីស្ស កូសេ-កៃ នៃប្រទេសជប៉ុនទាំងអស់ជួបតែសុខសុវត្ថិភាព ពិសេសសម្រេចបានគ្រប់ភារកិច្ចបេសកកម្មការងារជួយគាំទ្ររាជរដ្ឋាភិបាលកម្ពុជាកាន់តែរីកចម្រើនតរៀងទៅ ៕