ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី ពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី ស្តាប់សម្តេច និងព្រះសង្ឃចម្រើនព្រះបរិត្ត បុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។ ដែលរៀបចំដោយ ក្រសួងធម្មការនិងសាសនា សហការជាមួយគណ:សង្ឃនាយកទាំងពីរគណ:។

យាង និងនិមន្ត ចម្រើនព្រះបរិត្តដោយ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករងគ្រប់ព្រះឋានានុក្រម និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គទាំងពីរគណ: ។

សូមជម្រាបជូនថា ពិធីបុណ្យខួបលើកទី៥៦នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួនបី៖ ១. អបអរសាទរសមិទ្ធផលប្រវត្តិសាស្ត្រ៖ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរ។ ២. រំលឹកគុណក្រុមជំនុំ៖ បង្ហាញនូវកតញ្ញូតាធម៌ចំពោះបុព្វបុរស និងក្រុមជំនុំព្រះត្រៃបិដក ដែលបានខិតខំប្រឹងប្រែងចងក្រង និងថែរក្សាកេរមរតកធម៌សម្រាប់ពុទ្ធសាសនិកខ្មែរ។ ៣. ការសូធ្យព្រះត្រៃបិដក៖ ដើម្បីលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ៕