ឯកឧត្តម ចាយ បូរិន និងលោកជំទាវ អញ្ជើញ កាន់បិណ្ឌវេនទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខេមវ័ន( ហៅវត្តបឹងស្នាយ )ខេត្តកំពង់ចាម ដើម្បីឧទ្ទិសមហាកុសលជូនបុព្វការីជន និងវីរៈកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និង លោកជំទាវ សូ ភត្រ្តា ចាយបូរិន បានអញ្ជើញកាន់បិណ្ឌវេនទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា លោកតាជី លោកយាយជី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ។

អញ្ជើញដល់សាលាធម្មសភា វត្តខេមវ័ន(ហៅវត្តបឹងស្នាយ) ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន និងលោកជំទាវ បានអញ្ជើញ ថ្វាយគ្រឿងសក្ការៈបូជា និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបរវណាបច្ច័យមួយចំនួនប្រគេនចំពោះព្រះសង្ឃ ប្រារព្ធបទនមស្សកាព្រះរតនត្រ័យ សមាទានសីល ថ្វាយបង្គំពុទ្ធបដិមា រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល និងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ស្វាធ្យាយពុទ្ធជ័យមង្គលជូនដល់ប្រមុខដឹកនាំកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បិណ្ឌត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងធម្មការនិងសាសនាទាំងអស់ ដែលកំពុងបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំ នឹងក្រុមគ្រួសារ ញាតិមិត្ត សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារ ។

មានប្រសាសន៍សំណេះសំណាលជាមួយ ព្រះសង្ឃ លោកយាជី លោកយាយជី ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍លើកឡើងថា ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា នៃការលេចចេញជារូបរាងរបស់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វាអាកាសថ្មីមួយចាំទទួលភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិមកកាន់កម្ពុជា ហើយគ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលនេះស្តែងចេញពីការខិតខំអភិវឌ្ឍឥតឈប់ឈររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហើយកាន់តែទាក់ទាញនោះគឺ ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃ គង់លើសុវណ្ណអសនៈផ្កាឈូក តម្កល់នៅទីតាំងកណ្ដាលស្ថានីយ៍អ្នកដំណើរ (Terminal) ដែលចង់បង្ហាញដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា លើវប្បធម៌ ប្រពៃណី សាសនា និងគុណតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយបន្តជួយផ្សព្វផ្សាយទៅពិភពលោកកាន់តែទូលំទូលាយ។

នាពិធីកាន់បិណ្ឌវេនទី១២នេះ ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ បានអញ្ជើញប្រគេន ទេយ្យទាន បវរណាចតុបច្ច័យ ប្រគេនដល់ព្រះសង្ឃ និងអញ្ជើញ រាប់បាត្រ និមន្តព្រះសង្ឃ បង្សុកូលឧទ្ទិសមហាកុសលផលបុណ្យ ដើម្បីជាកិច្ចប្រគេននិងជូនចំពោះដួងវិញ្ញាណក្ខន្ធ សម្តេចព្រះឧត្តមមុនី ម៉ែន ទួន អតីតព្រះចៅអធិការវត្ត ខេមវ័ន( ហៅវត្តបឹងស្នាយ ) និងឧកញ៉ា មហាសប្បុរសធម្មសិរីញាណ ចាយ ស៊ាងអុី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើត ឯកឧត្តម រដ្ឋមន្រ្តី ព្រមទាំងដួងវិញ្ញាណក្ខន្ធបុព្វការី ញាតិកាទាំង៧សន្តាន និងម្យ៉ាងទៀតសូមឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលពលីជីវិតនៅក្នុងបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី សូមបានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវប្រជាពុទ្ធបរិស័ទ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឃុំគ្រងវីរៈកងទ័ពកម្ពុជាយើងដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់បានធូរស្បើយ និងសូមបួងសួងដល់វត្ថុសក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឱ្យមានជោគជ័យនិងសុខសុវត្ថិភាពគ្រប់ពេលវេលា ។

ទេយ្យទាន គ្រឿងអត្ថបរិក្ខារ និងបច្ច័យដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ ឯកឧត្តមរដ្ឋមន្រ្តី និង លោកជំទាវ ព្រមទាំងសហការី យកមកប្រគេនព្រះសង្ឃនាឱកាសនេះរួមមាន ៖ អង្ករ សាដក ទឹកបរិសុទ្ធ គ្រឿងអត្ថបរិក្ខារ និងបច្ច័យកសាងវត្ត, និង ជូនតាជី យាយជី ប្រមាណ២០០នាក់ នៅក្រណាត់ស១ដុំ និងថវិកាមួយចំនួន ។

សូមជម្រាបជូនថា សម្រាប់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី ២២ខែកញ្ញា ឆ្នាំ២០២៥ ៕