ឯកឧត្តម ឃឹម វុទ្ធី៖ មហោស្រពប្រឡងចម្រៀងជនមានពិការភាព ជាការផ្តល់ក្តីស្រឡាញ់ លើកកម្ពស់សិទ្ធិ និងផ្តល់ឱកាសដល់បងប្អូនមានពិការភាព បញ្ចេញសមត្ថភាព ទេពកោសល្យផ្នែកសិល្បៈចម្រៀង

មហោស្រពប្រឡងចម្រៀងជនមានពិការភាព ២០២៥ ពានរង្វាន់ក្រសួងព័ត៌មាន បានប្រារព្ធពិធីបើកជាផ្លូវការ នៅព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដោយមានបេក្ខជន បេក្ខនារីចំនួន៤០រូប នឹងត្រៀមខ្លួនចូលរួមបង្ហាញសមត្ថភាព។

បន្ទាប់ពីលោក ប៉ាវ ម៉េងស្រ៊ុន ប្រធាននាយកដ្ឋានផលិតកម្មវិធី បានជម្រាបជូនអំពីដំណើរការ នៃការរៀបចំមហោស្រពប្រឡងចម្រៀងជនមានពិការភាព២០២៥ ពានរង្វាន់ក្រសួងព័ត៌មានរួចមក ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានមានប្រសាសន៍ថា មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៥ នេះ មានគោលបំណងសំខាន់ចូលរួមចំណែកផ្តល់ក្តីស្រឡាញ់ លើកកម្ពស់សិទ្ធិ និងផ្តល់ឱកាសដល់បងប្អូន មានពិការភាព បានបញ្ចេញនូវសមត្ថភាព ទេពកោសល្យផ្នែកសិល្បៈចម្រៀង និងក៏ជាការបង្ហាញថា ជនមានពិការភាព ក៏មានសមត្ថភាពនិងស្នាដៃក្នុងការចូលរួមកសាង អភិវឌ្ឍសង្គមជាតិដូច អ្នកមិន មានពិការភាពដែរ។ មេរៀនជាគុណតម្លៃដែលយើងបានរៀនសូត្រពីជនមានពិការភាពរបស់យើង គឺជា ការតស៊ូដ៏រឹងមាំនៅក្នុងជីវិត។ ពួកគាត់បានបង្ហាញឲ្យសង្គមទាំងមូល ឃើញពីការតាំងចិត្តយ៉ាងខ្ពស់នៅ ក្នុងជីវិត ក្នុងការជម្នះនូវរាល់ឧបសគ្គនានា ដែលមិនត្រឹមគ្រាន់តែដើម្បីបន្តជីវិតរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានជោគជ័យធំធេងនានានៅក្នុងជីវិតរបស់ពួកគាត់ថែមទៀតផង។ ពួកគាត់បាន បំផុសស្មារតីឲ្យយើងទាំងអស់គ្នាឃើញអំពីស្មារតីតស៊ូដ៏រឹងមាំដែលបានជំរុញចិត្ត ឲ្យយើងទាំងអស់គ្នា មានការតស៊ូក្នុងជីវិតដូចគ្នាដែរ ដើម្បីជោគជ័យផ្ទាល់ខ្លួន ក៏ដូចជាសម្រាប់សង្គមជាតិ។

តាងនាមអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ឯកឧត្តម ឃឹម វុទ្ធី មានប្រសាសន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្តួចផ្តើមគំនិត និងផ្តល់ទំនុកចិត្តមកដល់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា រៀបចំនូវព្រឹត្តិការណ៍នេះឡើង និងសូមថ្លែងអំណរគុណចំពោះឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ដែលមានកិច្ចសហការល្អ និងជួយគាំទ្រដល់ដំណើរការនៃការរៀបចំមហោស្រព។

ចំពោះការដាក់ពិន្ទុ គណៈកម្មការនឹងដាក់ពិន្ទុយ៉ាងសុក្រិតបំផុត ដោយផ្តោតទៅលើចំណុចសំខាន់ ចំនួន៣ គឺទឹកដមសម្លេង នឹងទទួលបានចំនួន ៤ពិន្ទុ ចង្វាក់ត្រឹមត្រូវទទួលបានចំនួន ៣ពិន្ទុ និងអក្ខរាវិរុទ្ធច្បាស់លាស់ ត្រឹមត្រូវ នឹងទទួលបាន៣ពិន្ទុ។

មហោស្រពប្រឡងចម្រៀងជនមានពិការភាព២០២៥ ពានរង្វាន់ក្រសួងព័ត៌មាន គឺជាការជំរុញលើកទឹកចិត្តទៅដល់ជនមានពិភារភាព បានបញ្ចេញនូវសមត្ថភាព និងទេពកោសល្យ សិល្បៈ ជាពិសេសតាមរយៈឥទ្ធិពលនៃព្រឹត្តិការណ៍នេះ នឹងធ្វើឲ្យសង្គមជាតិទាំងមូល កាន់តែមានការយកចិត្តទុកដាក់ ចំពោះបងប្អូនដែលមានពិការភាព។

សូមបញ្ជាក់ថា មហោស្រពប្រឡងចម្រៀងជនមានពិការភាព២០២៥ ពានរង្វាន់ក្រសួងព័ត៌មាននេះ គ្រោងនឹងរៀបចំតាំងពីខែធ្នូ ឆ្នាំ២០២៥ មកម្លេះ ប៉ុន្តែដោយសារកត្តាសុខសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ទើបអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាសម្រេចពន្យាពេល រហូតមកដល់ពាក់កណ្តាលខែមិនា ឆ្នាំ២០២៦នេះ៕