ឯកឧត្តម ឃឹម វុទ្ធី៖ មន្ត្រីទូរទស្សន៍ជាតិកម្ពុជា ជាង១០០នាក់ ទទួលបានចំណេះដឹង និងជំនាញបន្ថែមលើការសរសេរព័ត៌មានទូរទស្សន៍ ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ ដើម្បីបង្កើនគុណភាពការផ្សព្វផ្សាយ

ភ្នំពេញ៖ ឯកឧត្តម ឃឹម វុទ្ធី បានលើកឡើងថា មន្ត្រី និងបុគ្គលិកទូរទស្សន៍ជាតិកម្ពុជា (ទទក) ជាង ១០០នាក់ បានទទួលចំណេះដឹង និងជំនាញបន្ថែមលើការសរសេរព័ត៌មានទូរទស្សន៍ ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ តាមរយៈវគ្គបណ្តុះបណ្តាលដែលរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងលើកកម្ពស់គុណភាពព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍនៃវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបណ្តុះបណ្តាលស្តីពី «ការសរសេរព័ត៌មានទូរទស្សន៍» និង «ការថត និងការប្រើប្រាស់កាមេរ៉ាវីដេអូ» នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួង ក្រោមអធិតីភាព ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានគូសបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពព័ត៌មាន និងកម្មវិធីផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។ មន្ត្រីជំនាញត្រូវបន្តសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព និងធ្វើបច្ចុប្បន្នភាពចំណេះដឹងជាប្រចាំ ដើម្បីអាចផលិតព័ត៌មានដែលមានភាពត្រឹមត្រូវ ឆាប់រហ័ស ទុកចិត្តបាន និងឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជនក្នុងយុគសម័យឌីជីថល។

ឯកឧត្តមបានបញ្ជាក់ថា ការសរសេរព័ត៌មានទូរទស្សន៍មិនអាចផ្តាច់ចេញពីគុណភាពរូបភាព និងបច្ចេកទេសថតបានឡើយ ពិសេសត្រូវចេះថតទាំងវីដេអូ និងរូបហ្វិច។
ដូច្នេះ អ្នកសារព័ត៌មាន និងអ្នកថតរូបត្រូវធ្វើការសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធ ដើម្បីផលិតព័ត៌មានដែលមានខ្លឹមសារច្បាស់លាស់ រូបភាពមានគុណភាព និងអាចទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនបានកាន់តែប្រសើរ។

ឯកឧត្តមអគ្គនាយក បានសំដែងនូវមោទនៈ ដែលបានពង្រឹងសមត្ថភាពវិជ្ជាជីវៈដល់មន្ត្រីរាជការ ស្របតាមទិសដៅនៃការធ្វើបរិវត្តកម្ម   ឌីជីថលក្នុងវិស័យព័ត៌មាននិងផ្សព្វផ្សាយ ឆ្លើយតបនឹងការអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស លើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ ពង្រឹងគុណភាពការផលិតព័ត៌មាន និងមាតិកាទូរទស្សន៍ តាមការវិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងតម្រូវការសាធារណជនក្នុងយុគសម័យថ្មី ។

ឯកឧត្តម ឃឹម វុទ្ធី បានបញ្ជាក់ដែរថា សម្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា វគ្គបណ្តុះបណ្តាលនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការផលិតព័ត៌មាន និងមាតិកាទូរទស្សន៍ ដើម្បីឲ្យការផ្សព្វផ្សាយព័ត៌មាន និងមាតិកានានា មានភាពត្រឹមត្រូវ ទុកចិត្តបាន ប្រកបដោយវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការរបស់សាធារណជនក្នុងយុគសម័យឌីជីថល។ លើសពីការបណ្តុះបណ្តាល និងបំប៉នជំនាញបន្ថែម វគ្គនេះក៏បានរួមចំណែកអនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងពង្រឹងសមត្ថភាពវិជ្ជាជីវៈមន្ត្រីព័ត៌មាន ដើម្បីធានាបាននូវការផ្សព្វផ្សាយព័ត៌មានប្រកបដោយគុណភាព តម្លាភាព ការទទួលខុសត្រូវ និងភាពជឿទុកចិត្ត។

ឯកឧត្តមក៏បានជំរុញឱ្យសិក្ខាកាមទាំងអស់ យកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តក្នុងការងារជាក់ស្តែង ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីរួមចំណែកលើកកម្ពស់គុណភាពព័ត៌មាន ការផ្សព្វផ្សាយព័ត៌មានពិត និងពង្រឹងភាពជឿជាក់របស់ទូរទស្សន៍ជាតិកម្ពុជា៕