ឯកឧត្តម ឃឹម វុទ្ធី៖ ទូរទស្សន៍ជាតិកម្ពុជាមានបំណងបង្កើនការផ្សព្វផ្សាយព័ត៌មានជាភាសាចិនបន្ថែមទៀត ដើម្បីឲ្យព័ត៌មានពិតរបស់កម្ពុជាកាន់តែទូលំទូលាយ

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានគោលបំណងបង្កើនការផ្សព្វផ្សាយព័ត៌មានជាភាសាចិនបន្ថែមទៀត ដើម្បីឲ្យការផ្សព្វផ្សាយព័ត៌មានពិតរបស់កម្ពុជាកាន់តែទូលំទូលាយ។ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃមជ្ឈមណ្ឌលកម្មវិធីភាសាអាស៊ីអាហ្រ្វិកនៃCMG នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦។

លោកស្រី Xu Xiaoxia អគ្គនាយិកានៃវិទ្យុមិត្តភាពកម្ពុជា-ចិននៃ CMG បានថ្លែងអំណរគុណឯកឧត្តមអគ្គនាយកដែលអនុញ្ញាតឲ្យលោកស្រី និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលលោកស្រី និងក្រុមការងារបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តម ឃឹម វុទ្ធី បានមានប្រសាសន៍ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងមហាប្រជាជនចិន ដែលបានឧបត្ថម្ភគាំទ្រដល់ព្រះរាជាណាចក្រកម្ពុជា លើវិស័យសំខាន់ៗជាច្រើន រួមចំណែកធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។
បន្ថែមពីនេះ ភាគីចិន បានជួយឧបត្ថម្ភគាំទ្រលើប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាជាច្រើន ពិសេសទូរទស្សន៍ជាតិកម្ពុជា ជាទូរទស្សន៍រដ្ឋតែមួយគត់ ដែលមានកិច្ចសហប្រតិបត្តិការជាមួយភាគីចិនច្រើនបំផុត។

ឯកឧត្តមបានមានប្រសាសន៍ថា កន្លងមក កិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ បាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ដូចជាការផ្សព្វផ្សាយនូវខ្សែភាពយន្ត វីដេអូឯកសារ គំនូរជីវចល បទយកការណ៍កសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យសំខាន់ៗជាច្រើនទៀត។

ឯកឧត្តម បានមានប្រសាសន៍ដែរថា បច្ចុប្បន្ននេះ ទូរទស្សន៍ជាតិកម្ពុជា មានការផ្សព្វផ្សាយព័ត៌មានជា៣ភាសា ដូចជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង។ ក្រោមការដឹកនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា មានបំណងក្នុងការផ្សព្វផ្សាយព័ត៌មានជាភាសាចិនបន្ថែមទៀត ដើម្បីឲ្យព័ត៌មានរបស់កម្ពុជាកាន់តែមានភាពសម្បូរបែប។ ឯកឧត្តមអគ្គនាយកបានមានប្រសាសន៍បន្ថែមទៀតថា ភាគីកម្ពុជា ចង់ជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរបន្ថែមទៀត លើការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។

លោកស្រី Xu Xiaoxia អគ្គនាយិកានៃវិទ្យុមិត្តភាពកម្ពុជា-ចិននៃ CMG មានប្រសាសន៍ថា ចិន-កម្ពុជា តែងតែផ្សព្វផ្សាយអំពីកិច្ចសហប្រតិបត្តិយ៉ាងជ្រាលជ្រៅរវាងប្រទេសយើងទាំងពីរ។ លោកស្រី បន្ថែមថា CMG នឹងពិភាក្សាក្នុងការនាំយកខ្សែភាពយន្តដែលជាការផលិតរបស់ CMG ផ្ទាល់ មកផ្សព្វផ្សាយលើទូរទស្សន៍ជាតិកម្ពុជា។

លោកស្រី បានជម្រាបផងដែរថា ក្នុងដំណើរទស្សនកិច្ចមកកម្ពុជារបស់គណៈប្រតិភូលើកនេះ CMG បានផលិតខ្សែភាពយន្តឯកសារអំពី សួស្តីគ្រូពេទ្យជនជាតិចិនរបស់ខ្ញុំ ដែលឆ្លុះបញ្ចាំងអំពីកិច្ចសហប្រតិបត្តិការវាងប្រទេសចិន និងបណ្តាប្រទេសជាមិត្តរបស់ប្រទេសចិន។ ហើយតាមរយៈកិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា នៅពេលការផលិតនេះបញ្ចប់ ភាគីចិន នឹងនាំយកមកផ្សព្វផ្សាយបន្តនៅទូរទស្សន៍ជាតិកម្ពុជា។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរ បានស្វាគមន៍ចំពោះការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីឲ្យការផ្លាស់ប្តូរការផ្សព្វផ្សាយរវាងកម្ពុជា-ចិនកាន់តែរីកចម្រើន៕