ឯកឧត្តម ឃឹង សារ៉ាត់ អញ្ជើញជាធិបតីក្នុងពិធីបុណ្យឡើងសាសា និងរាបបាតដល់ព្រះសង្ឃចំនួន១៩៩អង្គ ក្នុងព័ទ្ធសីមាវត្តសោមុនីវ័ន ហៅវត្តត្រពាំងបឹង

ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ព្រមទាំងព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យ ក៏ដូចប្រជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត វត្តសោមុនីវ័ន ហៅវត្តត្រពាំងបឹង បានមូលមតិរៀបចំពិធីបុណ្យឡើងសាលា និងរាបបាតដល់ព្រះសង្ឃចំនួន១៩៩អង្គ ក្នុងព័ទ្ធសីមាវត្តសោមុនីវ័ន ឋិតក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ បានធ្វើកិច្ចបូជាផ្កាផ្ញី ទាន ធូប ថ្វាយដល់ព្រះពុទ្ធអង្គស្នងរូប ព្រះសម្មាសមពុទ្ធជារូបស្នងសំរាប់ជាតំណាងព្រះពុទ្ធជាម្ចាស់និងការនឹករលឹក ដឹងគុណ នូវពុទ្ធឱវាទរបស់ព្រះពុទ្ធជាម្ចាស់នៃយើង ។ជាកិច្ចបន្ទាប់ ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញរាបបាតដល់ព្រះសង្ឃចំនួន១៩៩អង្គ ឯកឧត្តម ឃឹង សារ៉ាត់ និង លោកជំទាវ តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគបាលជាតិ និងលោកជំទាវ បានវេរប្រគេនបច្ច័យចំនួន២០លានរៀល ដល់វត្តសោមុនីវ័ន ហៅវត្តត្រពាំងបឹងដើម្បីទុកសម្រាប់កសាងសមទ្ធផលនានាបន្ថែមនៅក្នុងវត្ត ជាកិច្ចបង្ហើយបុណ្យឡើងសាលា។
សូមជម្រាបជូនថា ទំនៀមបុណ្យឡើងសាលានេះ ត្រូវបានចាត់ទុកថាជាកិច្ចមួយដ៏ឧត្តម ជាការតបស្នងសងគុណចំពោះមាតាបិតា ដូចគ្នាទៅនឹងពិធីបុណ្យចម្រើនព្រះជន្មាយុដែរ ហើយជាកិច្ចតបស្នងសងគុណចំពោះបុព្វ-ការីជនរបស់ខ្លួន ដែលធ្វើមរណកាលទៅហើយ រាប់ទុកជាកិច្ចចុងក្រោយបំផុតសម្រាប់អត្តភាពជាមនុស្សក្នុងមួយជាតិៗ។ ដូនតាខ្មែរ ច្រើនយល់ថាអ្នកដែលស្លាប់ទៅហើយ កាលណាបើពុំបានយកអដ្ឋិធាតុទៅធ្វើបុណ្យឡើងសាលាទេ គេទុកអ្នកស្លាប់នោះដូចជាមនុស្សអភ័ព្វ មិនងាយនឹងបានទៅចាប់កំណើតក្នុងសុគតិភពឡើយ, ឯកូនចៅដែលនៅរស់ ក៏ត្រូវចាត់ទុកជាមនុស្សអកតញ្ញូ អាប់យសសិរី ខ្វះសេចក្តីសុខចម្រើន ព្រោះត្រូវពាក្យបណ្តាសាពីបុព្វការីជនរបស់ខ្លួនជាដើម ។ល។ ដោយហេតុនោះ ទើបគេត្រូវខ្នះខ្នែងនាំ អដ្ឋិធាតុបុព្វការីជនរបស់ខ្លួន ទៅធ្វើបុណ្យឡើងសាលា យ៉ាងហោចណាស់ក៏ឲ្យបានម្តងក្នុងមួយអត្តភាព។ ម៉្យាងវិញទៀត ការកុសលនេះ ក៏នាំឲ្យកើតសាមគ្គីភាពមួយដ៏ប្រសើរនៅក្នុងសង្គមខ្មែរ ដែលជាសង្គមគោរពប្រតិបត្តិព្រះពុទ្ធសាសនាយ៉ាងមុតមាំ។
ជារួម ទំនៀមបុណ្យឡើងសាលានេះ ជាកិច្ចបដិបត្តិបូជាដ៏ប្រសើរសម្រាប់ពុទ្ធសាសនិកជនទូទៅ រាប់ទុកថាជាឱកាសមួយយ៉ាងវិសេសក្នុងការបំពេញកុសលតបស្នងសងគុណចំពោះមាតាបិតា និងបុព្វការីជន ក្រោយពីរំលាយខន្ធពីលោកនេះបន្ទាប់អំពីកិច្ចបុណ្យទានផ្សេងៗ ដែលកូនចៅបានធ្វើឧទ្ទិសទៅជាលក្ខណៈគ្រួសារតាមគេហដ្ឋានរៀងៗខ្លួន ឬនិយាយម៉្យាងទៀតតាមគតិអ្នកស្រុកថា «ជាឱកាសបុព្វការីជន បានជួបជុំគ្នា មុននឹងទៅចាប់កំណើតក្នុងភពផ្សេងៗ តាមកម្មវាសនារបស់ខ្លួន» ហើយឱកាសនេះ ពុំមែនសម្រាប់តែមនុស្សស្លាប់ទេ, អ្វីដែលសំខាន់ជាងនេះ គឺកូនចៅបានជួបជុំគ្នាធ្វើបុណ្យសន្សំកុសលទុកជាសម្ពាយជីវិតរៀងៗខ្លួន។