ឯកឧត្តម ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឃ ចំនួន៨វត្ត នៅស្រុកបាទី ខេត្តតាកែវ

តាកែវ ៖ ឯកឧត្តម ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកជំទាវ ឆាយ សាលីន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃចំនួន ៨ វត្ត ដែលស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ ពិធីបុណ្យនេះប្រារព្ធនៅក្នុងវត្តអង្គកំណប់ ឋិតនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ឯកឧត្តម ឃឹង សារ៉ាត់ បានមានប្រសាសន៍លើកឡើងអំពីសារៈសំខាន់នៃពិធីបុណ្យចូលវស្សា និងប្រពៃណីនៃការប្រគេនទៀនព្រះវស្សា ដែលជាផ្នែកមួយយ៉ាងសំខាន់នៃវប្បធម៌ប្រពៃណីព្រះពុទ្ធសាសនារបស់កម្ពុជា។ ឯកឧត្តមបានបន្តថា ការប្រារព្ធពិធីដង្ហែទៀនព្រះវស្សាគឺមិនមែនគ្រាន់តែជាការបំពេញកុសលផលបុណ្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរួមចំណែកថែរក្សា និងផ្សព្វផ្សាយនូវទំនៀមទម្លាប់ដ៏ល្អផូរផង់នេះឱ្យបានស្ថិតស្ថេរគង់វង្សតទៅមុខទៀត។

ឯកឧត្តម ឃឹង សារ៉ាត់ ក៏បានគូសបញ្ជាក់ផងដែរថា ការប្រារព្ធពិធីនាពេលនេះអាចប្រព្រឹត្តទៅបានយ៉ាងរលូន គឺដោយសារតែកម្ពុជាមាន សុខសន្តិភាពពេញលេញ។ សន្តិភាពគឺជាកត្តាចម្បងដែលបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋគ្រប់រូប អាចបំពេញកាតព្វកិច្ចសាសនា និងចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗបានដោយសេរី និងគ្មានការភ័យខ្លាច។

ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកអំពី សុខសន្តិភាពដែលរកបានយ៉ាងលំបាក សម្រាប់ប្រជាពលរដ្ឋកម្ពុជា ដែលជាការលះបង់ដ៏ធំធេងដោយការយកអាយុជីវិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន។

ហើយបច្ចុប្បន្ន កម្ពុជាបន្តស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងបន្តកសាង និងអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។

ជាចុងក្រោយ ឯកឧត្តម ឃឹង សារ៉ាត់ បានបង្ហាញនូវ ការជឿទុកចិត្តយ៉ាងមុតមាំ លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧ ក្នុងការដឹកនាំប្រទេស ជាពិសេសលើការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ ប្រកបដោយប្រសិទ្ធភាព និងភាពវៃឆ្លាត ដើម្បីធានាបាននូវបូរណភាពទឹកដី និងស្ថិរភាពព្រំដែនជូនជាតិមាតុភូមិ ដោយរាជរដ្ឋាភិបាលកម្ពុជា មិនចង់ឲ្យបញ្ហាព្រំដែនដែលបន្សល់ទុករាប់រយឆ្នាំមកនោះ បន្តនៅស្រពិចស្រពិល និងបង្កជាបញ្ហាបន្តទៀតនោះទេ។

ឈ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន បានវេរប្រគេនទៀនវស្សា និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៨វត្តរួមមាន វត្តអង្គកំណប់ វត្តត្រពាំងបឹង វត្តពូនភ្នំ វត្តឱង្ការ៉ាម វត្តឃ្លាំងសៀម វត្តគោកក្រចាប វត្តប្រាសាទមានជ័យ និងវត្តភ្នំទំពែក ព្រមទាំងបាននាំយកនូវបច្ច័យដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃក្នុង១វត្ត៤លានរៀលផងដែរ។