ឯកឧត្តម គួច ចំរើន អញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី « ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»ជូនដល់សិស្សមន្ត្រី នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០ អង្គ/នាក់

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី « ភាពជាអ្នកដឹកនាំ និងនវានុ វត្តន៍»ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០ អង្គ/នាក់ (ស្រី ២០៩នាក់ , ព្រះសង្ឃ ២០អង្គ) ដែលក្នុងនោះ អ្នកចូលរួមដោយផ្ទាល់  មានចំនួន ១៨២ អង្គ/នាក់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធ Microsoft Teams ចំនួន ៦១៦អង្គ/នាក់។

ឯកឧត្តម  សូលី វណ្ណប៉ុក នាយករងសាលាភូមិន្ទរដ្ឋបាល

តំណាងឯកឧត្តម  យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានជម្រាបជូនថា នៅក្នុងឆ្នាំ២០២៥នេះ សាលាភូមិន្ទរដ្ឋបាល បាននិងកំពុងផ្តល់ការបណ្តុះបណ្តាលសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការីមន្ត្រីមធ្យម ចំនួនសរុប  ៩៧៨ អង្គ/នាក់។ លើសពីនេះ គិតត្រឹមដើមត្រីមាសទី៤ សាលាបានបណ្តុះបណ្តាលវគ្គតម្រង់ទិសសិស្សមន្ត្រីក្របខណ្ឌថ្មី និងវគ្គបណ្តុះបណ្តាល រយៈពេលខ្លីៗក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ គ្រឹះស្ថានបណ្តុះបណ្តាលអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើន សរុបចំនួនប្រមាណ ៥៦០០ នាក់។ នៅក្នុងឱកាសនេះ ឯកឧត្តម បានជម្រាបជូនបន្តថា ក្នុងក្របខ័ណ្ឌនៃការបណ្តុះ បណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល បាឋកថា ត្រូវបានចាត់ទុកថាជាវេទិកាដ៏សំខាន់មិនអាចខ្វះបាន ដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី និងកម្មសិក្សាការី ។

ឯកឧត្ត គួច ចំរើន បានសម្តែងនៅក្តីរីករាយដែលបានមកចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី « ភាពជាអ្នកដឹកនាំ និងនវានុ វត្តន៍»ជូនគណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល នាថ្ងៃនេះ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម បានយកឱកាសនេះធ្វើការចែករំលែកជូនអង្គពិធីនូវព័ត៌មានមួយចំនួនអំពីបទពិសោធការងារ និងប្រវត្តិសិក្សារបស់ ឯកឧត្តមផ្ទាល់ផងដែរ។ មាតិកាសំខាន់ៗដែល ឯកឧត្ត គួច ចំរើន បានលើកយកមកធ្វើបទបង្ហាញនាថ្ងៃនេះ រួមមាន៖ 1. សេចក្តីផ្តើម (ស្ថានភាពទូទៅ ,រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋបាលខេត្ត ,ចក្ខុវិស័យអភិវឌ្ឍន៍ខេត្ត)។ 2. ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ការងារ( ភាពជាអ្នកដឹកនាំ ,វិធីសាស្ត្រនៃការដឹកនាំប្រកបដោយបរិវិត្តកម្ម និងនវានុវត្តន៍)។ 3. ឧត្តមានុភាព (ការងារច្រកចេញចូលតែមួយ ,ការងារសេវាសង្គម ,ការងារគណនេយ្យភាពសង្គម ,ការប្រឡងប្រណាំងចលនាភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ,ការប្រឡងប្រណាំងអង្គភាពផ្តល់សេវាសាធារណៈគំរូ ,ការងារអប់រំ) និងទី៤. ទស្សនៈផ្ទាល់ខ្លួន និងអនុសាសន៍។

ជាចុងបញ្ចប់, ឯកឧត្តម  បានលើកទឹកចិត្តដល់ មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ សិស្សមន្ត្រីក្រមការ និងកម្មសិក្សាការី ឱ្យបន្តសិក្សាស្រាវជ្រាវ បណ្ដុះទម្លាប់ស្រឡាញ់ការអាន និង បង្កើនការសិក្សាស្វែងយល់សំដៅកសាង និង អភិវឌ្ឍសមត្ថភាព និងចំណេះជំនាញ ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញតួនាទីភារកិច្ច ប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តសិទ្ធិ សំដៅចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

នៅក្នុងឱកាសនៃកម្មវិធីបាឋកថានេះដែរ ក៏មានការរៀបចំកម្មវិធីសំណួរ ចម្លើយផងដែរ៕