ឯកឧត្តម គីម សុវណ្ណឌី អញ្ជើញបើកកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពី ការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

ដោយទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីកុមារ តំណាងឯកឧត្តមរដ្ឋមន្រ្តី និង ជាប្រធាន ក.ជ.ក. បានបើកកិច្ចប្រជុំឆ្លុះបញ្ចាំងស្តីពី ការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ២គឺ ៖
១- បង្ហាញអំពីលទ្ធផល បញ្ហាប្រឈមនានា ការចែករំលែកបទពិសោធន៍ និងចំណេះដឹង នៃការអនុវត្តគម្រោង កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ របស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ
២- ការពិភាក្សាស្វែងរកយុទ្ធសាស្ត្ររួម ដើម្បីលើកកម្ពស់ប្រសិទ្ធភាពលើកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ និងការពង្រឹង និងពង្រីកតំបន់គោលដៅនៃការអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។
ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដេីម្បីកុមារ មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺជាការជួបំ ពិភាក្សាគ្នារវាងអ្នកពាក់ព័ន្ធទាំងអស់ដែលអនុវត្តគម្រោងសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ (Swipe Safe) នឹងតំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល ដែលកំពុងផ្តល់សេរីពាក់ព័ន្ធនឹង សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។ ឯកឧត្តម បានបន្ថែមទៀតថា ស្របពេលគ្នានឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល ឱកាសនៃការកេងប្រវ័ញ្ចផ្លូវភេទលើ កុមារតាមប្រព័ន្ធអនឡាញ ក៏បានត្រូវកើតឡើង និងក្លាយជាទម្រង់ថ្មីមួយ ដែលកំពុងមានការរីករាលដាលនៅលើពិភពលោក ក្នុងនោះក៏មានកម្ពុជាយើងផងដែរ ។ ដើម្បីទប់ស្កាត់ឲ្យបានទាន់ ពេលវេលា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងទទួលបានកិច្ចសហការ និងការគាំទ្រថវិកាពីអង្កការភ្លែនអន្តរជាតិ និងអង្កការTDH ដើម្បីរៀបចំគោលការណ៍ណែនាំ ស្ដីពីកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ ដើម្បីធានាបាននូវកិច្ចការពារកុមារ ដែលមានភាពបត់បែន និងមានភាពងាយស្រួលអនុវត្ត នឹងការទទួលខុសត្រូវលើកិច្ចការពារអ្នក ប្រើប្រាស់ប្រព័ន្ធអនឡាញ ជាពិសេសកុមារ និងយុវជនផងដែរ៕