ឯកឧត្តម គិម ហុង÷ App No Drugs ជាកម្មវិធីទំនើបដែលបង្កើតឡើងសម្រាប់ជួយសហគមន៍ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន
តាកែវ÷នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម គិម ហុង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោក យង់ សុវឌ្ឍនា អភិបាលរងខេត្ដ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ គឺសុទ្ធតែបានលើកឡើងថា App NoDrugs គឺជាកម្មវិធីទំនើបដែលបង្កើតឡើងសម្រាប់ជួយសហគមន៍ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ការលើកឡើងរួមគ្នាពីសារៈសំខាន់របស់ App NoDrugs ពីសំណាក់មន្ត្រីជាន់ខ្ពស់ទាំងនេះ បានធ្វើឡើងនៅក្នុងឱកាសបើកយុទ្ធនាការអប់រំ និងផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនលើកទី២ នៅទីរួមខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន-មន្ទីរព័ត៌មានខេត្ដ មន្រ្តីរាជការនៃមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្ត សិស្សានុសិស្ស យុវជន យុវនារី ប្រជាពលរដ្ឋប្រមាណ ៦០០នាក់។
ឯកឧត្តម គិម ហុង បានគូសបញ្ជាក់ថា App No Drugs មានតួនាទីសំខាន់ក្នុងការផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចរាយការណ៍ករណីគ្រឿងញៀន ដែលកើតមាននៅមូលដ្ឋានបានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។ ឯកឧត្ដមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា ការបញ្ចប់បញ្ហាគ្រឿងញៀនមិនអាចធ្វើបានក្នុងពេលខ្លីទេតែត្រូវការការចូលរួមរួមគ្នាពីអាជ្ញាធរ សហគមន៍ សាលារៀន និងគ្រួសារ។
ក្នុងឱកាសនោះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបង្ហាញពីលក្ខណៈពិសេសរបស់ App No Drugs អ្នកប្រើអាចប្រាប់ទីតាំងករណីបានត្រឹមត្រូវ ដើម្បីឱ្យអាជ្ញាធរចូលដល់កន្លែងបានលឿន រាល់ព័ត៌មានអ្នករាយការណ៍ត្រូវបានរក្សាការសម្ងាត់ខ្ពស់ អាជ្ញាធរអាចផ្ញើសារជូនដំណឹងទៅប្រជាពលរដ្ឋអំពីស្ថានភាពគ្រឿងញៀនក្នុងតំបន់ និងផ្តល់អត្ថបទ វីដេអូ និងសារផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃគ្រឿងញៀន។ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បានបន្ថែមថា App No Drugs មិនត្រឹមតែជាកម្មវិធីបច្ចេកវិទ្យាទេ ប៉ុន្តែជាឧបករណ៍សង្គមសំខាន់ក្នុងការកសាងបាននូវសហគមន៍មានសុវត្ថិភាព និងគ្មានគ្រឿងញៀន។ វាជួយឱ្យប្រជាពលរដ្ឋមានសិទ្ធិចូលរួមក្នុងការការពារមូលដ្ឋាន និងជួយអាជ្ញាធរចាត់វិធានការប្រឆាំងគ្រឿងញៀនបានមានប្រសិទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត បានថ្លែងឱ្យដឹងទៀតថា ការចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយអប់រំស្តីពី បញ្ហាគ្រឿងញៀន ពង្រីកការប្រើប្រាស់ App NoDrugs ធ្វើឱ្យបញ្ហាគ្រឿងញៀនរួមតូច។ ឯកឧត្ដម ឧត្តមសេនីយ៍ឯកបានឱ្យដឹងផងដែរថា ជាមួយនឹងការផ្សព្វផ្សាយ ការបញ្ជា្របពីបញ្ហាគ្រឿងញៀននេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC នៅតែបន្តចូលរួមដល់ការងារផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន៕



