ឯកឧត្តម គន់ គីម អញ្ជើញពិនិត្យសាងសង់ផ្ទះ និងការរៀបចំស្នាក់ការភូមិរបស់អតីតយុទ្ធជនសម្រាប់ភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ក្នុងខេត្តព្រះវិហារ
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានចុះពិនិត្យការសាងសង់ផ្ទះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ព្រមទាំងការតភ្ជាប់បណ្តាញទឹកស្អាត និងការរៀបចំស្នាក់ការភូមិ និងប៉ុស្ត៍នគរបាលប្រចាំការ នៅទីតាំងដែលត្រូវបានរាជរដ្ឋាភិបាលរៀបចំសម្រាប់ប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបណ្តោះអាសន្ន ក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
ឯកឧត្តម គន់ គីម បានកោតសរសើរដល់ក្រុមការងារពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែង ក្នុងការពន្លឿនការងាររបស់ខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋភៀសសឹកឆាប់បានចូលស្នាក់នៅផ្ទះបណ្តោះអាសន្នរបស់អតីតយុទ្ធជន។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម គន់ គីម បានណែនាំដល់រដ្ឋបាលខេត្តអំពីការរៀបចំស្នាក់ការភូមិ និងប៉ុស្តិ៍រដ្ឋបាល ព្រមទាំងប៉ុស្ត៍សុខភាពរបស់មណ្ឌលសុខភាពនៅជិតខ្នងផ្ទះរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីមានមន្រ្តី និងក្រុមការងារប្រចាំការ ក្នុងការជួយរៀបចំសន្តិសុខសណ្តាប់ធ្នាប់ និងជួយលើតម្រូវការណាមួយរបស់ប្រជាពលរដ្ឋផងដែរ៕



