ឯកឧត្តម គន់ គីម អញ្ជើញប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ។
ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម ម៉ប សារិន ប្រធានក្រុមប្រឹក្សាសាលារាជធានីភ្នំពេញ, ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាល, ស្នងការនគរបាលរាជធានីភ្នំពេញ, មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករាជធានី, បណ្តាមន្ទីរ-អង្គភាពពាក់ព័ន្ធ, អភិបាលខណ្ឌ, ចៅសង្កាត់, នាយប៉ុស្តិ៍, អតីតយុទ្ធជន និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំ សាលារាជធានីភ្នំពេញ។
ក្នុងឱកាសនេះ ឯកឧត្តម ឃួង ស្រេង ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ ព្រមទាំងបានតែងតាំងអនុប្រធានចំនួន ១០រូប និងសមាជិក-សមាជិកាចំនួន ៣៣រូប។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រាជធានីភ្នំពេញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ព្រមទាំងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ដែលបានផ្តល់នូវសេចក្តីទុកចិត្ត និងជឿជាក់យ៉ាងមុតមាំប្រគល់តួនាទី និងភារកិច្ច ដ៏មានសារៈសំខាន់នេះ ដើម្បីដឹកនាំ គ្រប់គ្រង គាំពារ និងគាំទ្របងប្អូនជាអតីតយុទ្ធជន និងនិវត្តជន ចាប់ពីពេលនេះតទៅ។
ឯកឧត្តម ឃួង ស្រេង បានប្រកាសប្តេជ្ញាចិត្ត គោរព និងប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាពិសេសអនុវត្តធ្វើជាសេនាធិការជូនគណៈកម្មាធិការសមាគមថ្នាក់កណ្តាល និងគណៈកម្មាធិការសមាគមថ្នាក់រាជធានី ដោយរក្សានូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងប្រកបដោយឆន្ទៈតែមួយ។
លែងក្នុងឱកាសនោះ ឯកឧត្តម គន់ គីម បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម គន់ គីម បានរម្លឹកពីវីរភាពអង់អាចក្លាហានរបស់អតីតយុទ្ធជនគ្រប់ជំនាន់ ក៏ដូចជានិវត្តជនដែលដៃម្ខាងជួយកសាងជាតិ និងការពារជាតិ ក្នុងការរួមចំណែកធានាជួយឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិមកដល់សព្វថ្ងៃ គឺមានការរួមចំណែកពីអតីតយុទ្ធជន និងនិវត្តជន។
ក្នុងនាម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ដោយមេីលឃេីញពីការរួមចំណែក មិនថាទាំងអតីតយុទ្ធជន និងនិវត្តជន ទេីបសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម ត្រូវតែសម្រេចបញ្ជូលអតីតយុទ្ធជន និងនិវត្តជន ឱ្យជ្រកក្រោមឆ័ត្រតែមួយ និងដឹកនាំដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា រាជរដ្ឋភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានបន្តយកចិត្តទុកដាក់ជាប់ជានិច្ចទាំងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ក៏ដូចដោះស្រាយជីវភាពរស់នៅដល់អតីតយុទ្ធជនណាដែលជួបការលំបាក ដេីម្បីផ្តល់ផ្ទះ និងដីសម្បទានសង្គមកិច្ចសម្រាប់ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសេីរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំសមាគមថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងប៉ុស្ត៍ទាំងអស់ត្រូវចុះពិនិត្យមើលបងប្អូនអតីតយុទ្ធជន និងនិវត្តជនណាដែលពិតជាមិនមានដី ឬផ្ទះ ត្រូវរៀបចំចាត់ចែងផ្តល់ដី និងផ្ទះជូនពួកគាត់ ដើម្បីប្រាកដថាគោលនយោបាយនេះពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការកែប្រែជីវភាពរស់នៅរបស់អតីតយុទ្ធជន និងនិវត្តជន៕



