នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.)បានអញ្ជើញចុះសួរទុក្ខអតីតយុទ្ធជន និងនិវត្តជន រស់នៅចំណុចដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងពេលអញ្ជើញចុះពិនិត្យ ឯកឧត្តម គន់ គីម បានសង្កេតឃើញមានសមាជិក អ.ន.ក.មួយចំនួនបានរៀបចំជីវភាពរស់នៅ និងមុខរបរតាមខ្នងផ្ទះ ដើម្បីបង្កើនប្រាក់ចំណូលសម្រាប់បម្រើីជីវភាពប្រចាំថ្ងៃក្នុងគ្រួសាររបស់ខ្លួន។
ឯកឧត្តម គន់ គីម ក៏បានកត់សម្គាល់ឃើញសមាជិក អ.ន.ក.មានផ្ទះសាងសង់លើដីឡូត៍របស់ខ្លួន បានដាំដុះដំណាំហូបផ្លែមួយចំនួននៅជុំវិញផ្ទះ មានដូចជា ដូងជាដើម គឺចំណុចយ៉ាងល្អប្រសើរសម្រាប់លក់ដូរ និងជាចំណូលបន្ថែមពីលើប្រាក់សោធន។
បន្ទាប់ពីនេះ ឯកឧត្តម គន់ គីម បានពន្យល់ពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធាន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានបន្តគិតគូរយកចិត្តទុកដាក់ជាប់ជានិច្ចទៅលើការលើកកម្ពស់ជីវភាព សុខុមាលភាព និងការជំរុញការដាំដុះដំណាំ ដើម្បីធានាដល់ជីវភាពប្រចាំថ្ងៃ និងកាត់បន្ថយការចំណាយ។
ឯកឧត្តម គន់ គីម បានណែនាំដល់សាខា អ.ន.ក.ឃុំ ដែលនៅជិតសមាជិកតាមខ្នងផ្ទះ ត្រូវចុះពិនិត្យតាមដានជាប់ជាប្រចាំ ដើម្បីចុះសួរសុខទុក្ខ និងអាចក្តាប់បានពីតម្រូវការ ឬសំណូមពរ ក្នុងការដោះបញ្ហាប្រឈមណាមួយដែលសមាជិកជួបការលំបាកជូនពួកគាត់។
ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសមាជិក អ.ន.ក.ទាំងអស់ ក្នុងខែត្តស្វាយរៀង សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍បន្ថែមទៀតពីរាជរដ្ឋាភិបាល។
សូមជម្រាបថា សមាជិក អ.ន.ក.សរុបដែលទទួលបានផ្ទះដីឡូត៍នៅដីសម្បទានសង្គមកិច្ចក្នុងមូលដ្ឋានខាងលើ មានចំនួន ៤៩១នាក់ និងដីទំហំទទឹង ៤០ម៉ែត្រ និងបណ្តោយ ៥០ម៉ែត្រ៕



