ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងពិសាអាហារសាមគ្គី ដើម្បីចែករំលែកក្ដីស្រលាញ់ទៅដល់កុមារពិការភ្នែក គថ្លង់ កំព្រា ចំនួន១៩៥នាក់ និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម
(កំពង់ចាម)៖ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ ទេព រង្សុី រួមជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងពិសាអាហារសាមគ្គី ជាមួយកុមារពិការភ្នែក គថ្លង់ កំព្រា និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យអប់រំពិសេសកំពង់ចាម។
ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាវិទ្យាល័យអប់រំពិសេសកំពង់ចាមមានទីតាំងស្ថិតនៅទល់មុខវិមានឯករាជ្យក្រុងកំពង់ចាម ភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសប្បុរសជនក្នុង និងក្រៅប្រទេស បានមកចូលរួមចែករំលែកក្ដីស្រលាញ់ទៅដល់កូនៗ ចៅៗ ជាកុមារគរថ្លង់ កុមារពិការភ្នែក និងកុមារកំព្រា នៅខេត្តកំពង់ចាម។
គួររំលឹកដែរថា រយៈពេល ២០ឆ្នាំមកហើយ ដែល ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ បានមកដល់សាលាកុមារពិការភ្នែក ឬគ ថ្លង់ កំពង់ចាម ដោយក្នុង ១ឆ្នាំម្តង មានរៀបចំអាហារថ្ងៃត្រង់ ឧបត្ថម្ភទឹកប្រាក់ និងអង្ករដល់ សាលា និងមណ្ឌល ដល់បុគ្គលិក សិស្ស សម្ភារប្រើប្រាស់ ឧបករណ៍ភ្លេង សម្លៀកបំពាក់របាំ សម្ភារជំនួយ ដល់ការបង្រៀន និងរៀន កំព្យូទ័រលើតុ កំព្យូទ័រយួរដៃ ម៉ាស៊ីនថតសម្លេង ម៉ាស៊ីនចម្លោះទឹកស្អាត និងគ្រឿងសង្ហារឹមផ្សេ ងៗមួយចំនួនទៀត និងបានឧបត្ថម្ភប្រាក់សម្រាប់ការជួសជុល រៀបការ៉ូ កែលម្អបរិស្ថាន។ ក្រៅពីនេះ ឯកឧត្តម លោកជំទាវ ក៏បានឧបត្ថម្ភគ្រឿងឧបភោគ បរិភគមួយចំនួនទៀតផងដែរ ៕








