ឯកឧត្តម ខាយ ឃុនហេង : មន្ត្រីរាជការនិងប្រតិបត្តិករប្រៃសណីយ៍និងទូរគមនាគមន៍នៅខេត្តកំពតទទួលបានចំណេះដឹងពីគ្រឿងញៀន អេដស៍ និងApp NoDrug 

ខេត្តកំពត: ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ប្រាប់ឲ្យដឹងបែបនេះក្រោយលោកចូលជាអធិបតីក្នុងសិក្ខាសាលាអប់រំផ្សព្វផ្សាយពីការចូលរួមបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ និងការទប់ស្កាត់ ការចរាចរ ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្នុងវិស័យប្រៃសណីយ៍ និងបច្ចេកវិទ្យាឌីជីថល ជូនដល់មន្ត្រីរាជការមន្ទីរប្រៃសណីយ៍ទូរគមនាគមន៍និងសាខាប្រតិបត្តិករប្រៃសណីយ៍និងទូរគមនាគមន៍នៅខេត្តកំពត ដែលមានអ្នកចូលរួមសរុប១៣០នាក់ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ។ 

សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមកិច្ចសហការពីអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងរដ្ឋបាលខេត្តកំពត ។ 

លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍តំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងអំណរគុណដល់ភាគីសហការដោយបានលើកយកពីការករណីលាក់លួចដឹកជញ្ជូនគ្រឿងញៀនតាមបញ្ញើរប្រៃសណីយ៍ហើយត្រូវបានអាជ្ញាធរបង្រ្កាបបាននិងសារៈសំខាន់នៃចំណេះដឹងពីបញ្ហាគ្រឿងញៀនអេដស៍ ដែលអាចជួយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ 

ឯកឧត្តម ខៀវ រិទ្ធិភណ្ឌ អភិបាលរងខេត្តកំពតបានលើកឡើងពីការងារបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀនជាការងារមានសារៈសំខាន់ ដោយលោកបានបញ្ជាក់ថាទោះបីបញ្ហាគ្រឿងញៀនក្នុងខេត្តកំពតមានការធ្លាក់ចុះបើប្រៀបធៀបជាមួយគ្រាមុនយ៉ាងណាក៏ដោយ ក៏រដ្ឋបាលខេត្តក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពតបានបន្តដាក់ចេញការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនដែលជាការងារអាទិភាពដើម្បីការពារសុវត្ថិភាពសង្គម និងបន្តយកចិត្តទុកដាក់ពីសុខុមាលភាពប្រជាពលរដ្ឋ។ 

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ហោ ប៊ុនឡេង អនុប្រធានអាជ្ញាធរប្រយុទ្ធជំងឺអេដស៍ បានថ្លែងនូវអំណរគុណនិងបានចែករម្លែកចំណេះដឹងជូនដល់សិក្ខាកាមទាំងអស់ពី : អ្វីទៅជាគ្រឿងញៀន? ផលប៉ះពាល់លើអ្នកប្រើប្រាស់ គ្រួសារ និងសង្គម ការបង្ការនិងទប់ស្កាត់បញ្ហាគ្រឿងញៀនតាមប្រៃសណីយ៍ និងអត្ថប្រយោជន៍នៃកម្មវិធីទូរសព្ទដៃNoDrug ចំណេះដឹងនិងការរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍ និងយុទ្ធសាស្ត្រនិងវិធាននានាឆ្លើយតបនឹងមេរោគអេដស៍-ជំងឺអេដស៍ឆ្ពោះទៅការបញ្ចប់អេដស៍។ 

ថ្លែងក្នុងនាម ឯកឧត្ដម ជា វ៉ាន់ដេត  រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាឱកាសនោះដែរ ឯកឧត្តម ខាយ ឃុនហេង រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានជំរុញដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ត្រូវយកចំណេះដឹងដែលកើតពីកិច្ចខិតខំប្រឹងប្រែងក្រេបជញ្ជក់ពីវាគ្មិននៃសិក្ខាសាលាទៅអនុវត្តក៏ដូចជាផ្សព្វផ្សាយបន្តដើម្បីប្រសិទ្ធភាពនិងការទទួលខុសត្រូវការងារ និងសូមបន្តជំរុញការទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទ NoDrug សម្រាប់ស្វែងយល់និងរាយការណ៍រាល់បញ្ហាគ្រឿងញៀនក្នុងសហគមន៍ដើម្បីទទួលបានការដោះស្រាយទាន់ពេលវេលា។