ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ជាប់ព្រំដែនមកកាន់ទីកន្លែងសុវត្ថិភាព

ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ជាប់ព្រំដែនមកកាន់ទីកន្លែងសុវត្ថិភាព 

ខេត្តបន្ទាយមានជ័យ : នៅល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ជាប់ព្រំដែនមកកាន់ទីកន្លែងសុវត្ថិភាព នៅវត្តរស្មីសាមគ្គីស្តៅ ស្ថិតនៅភូមិស្តៅ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ 

ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក កោតសសើរ លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់នៃមហាគ្រួសារអ្នកបន្ទាយមានជ័យ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យថែរក្សាសុខភាព អនាម័យ ” ហូបស្អាត រស់នៅស្អាត ” ចូលរួមតាមដាននិងសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានជាប់ជាប្រចាំសំដៅប្រសិទ្ធភាពក្នុងការដោះស្រាយ ហើយជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដឹកនាំដោះស្រាយបញ្ហាជាតិដ៏ធំមួយនេះហើយកុំមានគំនិតរើសអើងជាតិសាសន៍ណាដែលគេហើយល្អនៅជាមួយយើង “កម្ពុជាប្រទេសតូចបេះដូងធំ “។ 

ក្នុងឱកាសនោះដែរ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា ឯកឧត្តម កែ គឹមយ៉ាន បាននាំយកអំណោយមួយចំនួនផ្ដល់ជូនដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋផងដែរ។ 

នៅល្ងាចដដែលនោះ បន្ទាប់ពីកម្មវិធីសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋចប់ ឯកឧត្តម កែ គឹមយ៉ាន និងក្រុមការងារបន្តអញ្ជើញសួរសុខទុក្ខគ្រួសារសពលោកវរសេនីយ៍ទោ រៀម តុងសៀន ដែលបានពលីជីវិតក្នុងសមរភូមិ ក្នុងបុព្វហេតុជាតិមាតុភូមិ នៅគេហដ្ឋានស្ថិតនៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចា ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យជាមួយនឹងការចូលរួមនូវមរណទុក្ខដ៏សែនក្រៀមក្រំនិងបានបួងសួងដល់វត្ថុសាកសិទ្ធិក្នុងលោកពាំនាំយួរដួងវិញ្ញាណក្ខន្ធលោកវរសេនីយ៍ទោទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយហើយវីរភាពដ៏អង់អាចក្លាហាននិងពលិកម្មរបស់លោកវរសេនីយ៍កូនខ្មែរនឹងចងចាំ។