ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវអញ្ជើញសំណេះសំណាលជាមួយមនុស្សវ័យចាស់ និវត្តន៍ជន និងជនពិការ ចំនួន ៦០០នាក់
ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឧកញ៉ា អគ្គមហាឧបាសិកាសិរីករុណាបទុមរតន៍បណ្ឌិត ម៉ៅ ម៉ាល័យ អមដោយក្រុមការងារបានធ្វើពិធីសូត្រមន្ត បង្សុកូល និងវេរចង្ហាន់ប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន មហាបុព្វបុរសខ្មែរ វីរៈកងទ័ព នគរបាល ដែលបានធ្វើពលីក្នុងបុព្វហេតុការពារទឹកដីព្រមទាំងសំណេះសំណាលសួរសុខទុក្ខជាមួយមនុស្សវ័យចាស់ និវត្តន៍ជន និងជនពិការ ចំនួន ៦០០នាក់នៅមណ្ឌលភៀសសឹក ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនវ័យចាស់ និវត្តន៍ជន និងជនពិការនៃមហាគ្រួសារ អ្នកខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវបានថ្វាយនូវគ្រឿងសក្ការៈបូជាបួងសួងសុំសេចក្តីសុខសប្បាយ សំណាងល្អដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នានិងសូមឧទ្ទិសផលកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់យុទ្ធជនពលីក្នុងបុព្វហេតុជាតិមាតុភូមិទៅចាប់យោងយកនៅឋានបរមសុខកុំប្បីឃ្លៀងឃ្លាតឡើយ ។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានសំណូមពរដល់អ្នកចូលរួមនិងប្រជាពលរដ្ឋទាំងអស់ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ ជឿជាក់លើរាជរដ្ឋាភិបាល កុំជឿលើការឃោសនាអកុសលផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍របស់បងប្អូននិងបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋឲ្យជាប់ជាប្រចាំដើម្បីបន្តរក្សាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ ហូបស្អាត។
ជាមួយគ្នានេះដែរ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកបច្ច័យ និងអំណោយជាថវិកា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ វេរប្រគេន និងចែកជូនដល់មនុស្សវ័យចាស់ និវត្តន៍ជន និងជនពិការប្រជាការពារ យុវជន កងកម្លាំង សរុបថវិការួមប្រមាណជា.១៨០លានរៀល។



