ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវអញ្ជើញសំណេះសំណាលជាមួយជនភៀសសឹកជិត១៧០០គ្រួសារ។

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី២៨ ខែកុម្ភ:  ឆ្នាំ២០២៦ នេះ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងលោក​ជំទាវ​ ឧកញ៉ា​ អគ្គមហា​ឧបាសិកា​សិរីករុណាបទុមរតន៍​បណ្ឌិត​ ម៉ៅ​ ម៉ាល័យ​ ព្រមទាំងក្រុមគ្រួសារ អមដោយក្រុមការងារ បានអញ្ជេីញសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកចំនួន ១៦៨៦ គ្រួសារនីវត្តកណ្តោល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក លើកទឹកចិត្ត ជូនពរជ័យពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជូនដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូនជាជនភៀកសឹក នៅខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវបានថ្វាយនូវគ្រឿងសក្ការៈបូជាបួងសួងសុំសេចក្តីសុខសប្បាយ សំណាងល្អដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នានិងសូមឧទ្ទិសផលកុសលដល់ដួងវិញ្ញាណក្ខន្ធរបស់យុទ្ធជនពលីក្នុងបុព្វហេតុជាតិមាតុភូមិទៅចាប់យោងយកនៅឋានបរមសុខកុំប្បីឃ្លៀងឃ្លាតឡើយ ។

ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តរក្សានូវស្មារតីសាមគ្គីភាព ឯកភាពជាតិ ជឿជាក់លើរាជរដ្ឋាភិបាល កុំជឿលើការឃោសនាអកុសលផ្សេងៗដែលនាំឲ្យប៉ះពាល់ដល់អារម្មណ៍របស់បងប្អូននិងបានណែនាំដល់អាជ្ញាធរគ្រប់ថ្នាក់ពិសេសអាជ្ញាធរស្រុកថ្មពួក ត្រូវបន្តយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនយើងឲ្យជាប់ជាប្រចាំមានករណីចាំបាច់ត្រូវរួមគ្នារាយការណ៍សហការដោះស្រាយរដើម្បីបន្តរក្សាបាននូវសុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ ហូបស្អាត រស់នៅស្អាត និងរៀបចំដាំបន្លែ ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានេះដែរ ជាមួយនឹងទឹកចិត្តសទ្ធាជ្រះថ្លា ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងសប្បុរសជន បាននាំយកបច្ច័យ និងអំណោយជាថវិកា សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ប្រគេន និងចែកជូនដល់គ្រួសារជនភៀស សឹក ប្រជាការពារ យុវជន កងកម្លាំង សរុបថវិការួមប្រមាណជា ៥៣១លានរៀល។