ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រគេនទៀនព្រះវស្សានិងទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្តចំនួន ២៤ ស្ថិតក្នុងឃុំវិហារលួង ឃុំផ្សារដែក និង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល 

   ឯកឧត្តម កែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំវិហារលួងឃុំផ្សារដែក និងឃុំភ្នំបាត រួមទាំងសហការី បានអញ្ជើញប្រគេន ទៀន ព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃចំនួន ២៤វត្ត ។

ពិធីប្រគេន ទៀន ព្រះវស្សា ទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃចំនួន ២៤វត្ត រៀបចំឡើងនៅ វត្តអរិយកស្សប នៅក្នុងឃុំភ្នំបាត ស្រុកពញាឮខេត្ត កណ្ដាល នាថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០២៥ ។ 

ក្នុងនាម ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈពង្រឹងស្រុកបញាឮ ឯកឧត្តម កែវ បេងវឌ្ឍន៍ មានប្រសាសន៍ថា ការរៀបចំពិធីប្រគេនទទៀនវស្សានៅថ្ងៃនេះ គឺដើម្បីបង្ហាញពីទឹកចិត្ត គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើង និងដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺ (ជានិមិត្តរូប) បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវ គម្ពីធម៌វិន័យ ព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូ ក្នុងឱកាសព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេល៣ខែ ។

ឯកឧត្តម កែវ បេងវឌ្ឍន៍ បានផ្តាំផ្ញើដល់អាជ្ញាធរ បន្តផ្តល់សេវាសាធារណៈឲ្យបានល្អដល់ប្រជាពលរដ្ឋ លប់បំបាត់គ្រឿងញៀន ល្បែងពាលាអាវាសែ ក្មេងទំនើង ជាដើម ។ ហើយចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ អង្គពិធីទាំងមូលបានប្រកាសគាំទ្រគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តមធ្យោបាយសន្តិវិធី តាមរយៈការចរចាទ្វេភាគី និងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់ភាពតានតឹង និងជម្លោះដែលនឹងអាចរីកធំឡើងនាពេលខាងមុខ ដោយ កម្ពុជាបានបញ្ជូនសំណុំរឿងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ 

ខណៈនោះដែរ ឯកឧត្តម កែវ បេងវឌ្ឍន៍ និងមន្ត្រីក្រុមការងារ រួមជាមួយប្រជាពុទ្ធបរិស័ទ បានប្រគេនទៀនព្រះវស្សា ថ្វាយព្រះសង្ឃទាំង ២៤វត្ត ស្ថិតក្នុងឃុំវិហារលួង ឃុំផ្សារដែក និង ឃុំភ្នំបាត ស្រុកពញាឮខេត្ត កណ្ដាល រួមមាន ទៀន ព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគបរិភោគ និងបច្ច័យ ព្រមទាំង ចែកជូនថវិកាដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានចូលរួមផងដែរ ៕