ឯកឧត្តម កែវបេងវឌ្ឍន៍ ចុះជួបសួរសុខទុក្ខ និងចែកអំណោយជូនជនភៀសសឹក ស្នាក់នៅបណ្ដោះអាសន្ន ក្នុងឃុំភ្នំបាត្រ ឃុំផ្សារដែក និងឃុំវិហារលួង ស្ថិតក្នុង ស្រុក ពញាឮ ខេត្តកណ្ដាល

ឯកឧត្តមកែវ បេងវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលអ្នកក្រោមជាតិ តំណាងអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  បានដឹកនាំមន្ត្រីនិង អាជ្ញាធរ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋជនភៀសសឹក មកពីខេត្ត​កោះកុង ខេត្តបាត់ដំបង​ និងខេត្ត​បន្ទាយ​មានជ័យ​ព្រះវិហារ ដែលកំពុងមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ចំនួន៧៨គ្រួសារ ដែលពិធីនេះ បានប្រព្រឹត្តធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅ វត្ត អង្គសេរី ឃុំភ្នំបាត ស្រុកពញាឮខេត្តកណ្ដាល។

ឯកឧត្តម កែវបេងវឌ្ឍន៍ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចទាំងពីរ​តែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។ សម្តេចតែងតែព្រួយបារម្មណ៍ ពីទុកលំបាករបស់ជនភៀសសឹកនាពេលនេះ ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់ដាច់ស្បៀងឡើយ។

ដោយឡែក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ក៏បានគិតគូរយ៉ាងម្មត់ចត់ទៅលើទុក្ខលំបាករបស់ជនភៀសសឹក ដែលមកពីព្រំដែនកំពុងមានជម្លោះរវាងកម្ពុជា-សៀម និងបាននាំយកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលជាជនភៀសសឹក ក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម, មី, ទឹកត្រី, ទឹកស៉ីអ៉ីវ ត្រីខនិងទឹកបរិសុទ្ធ រួមទាំងថវិកាមួយចំនួនផងដែរ។

ទន្ទឹមនេះ ឯកឧត្តមកែវបេងវឌ្ឍន៍ ក៏បានអំពាវនាវសូមឲ្យប្រជាពលរដ្ឋនៅគ្រប់ទិសទី បន្តសាមគ្គី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងសេចក្តីស្នេហាជាតិ និងចេះជួយគ្នាក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបទុក្ខលំបាក​ រួបរួមគ្នាក្នុងស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ។

ឯកឧត្តម កែវបេងវឌ្ឍន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក លោកស្រីអង្គភាពពាក់ព័ន្ធ គណៈអភិបាល ស្រុក កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលសហការគ្នាបានយ៉ាងល្អក្នុងការរៀបចំជាអំណោយ ជួយដោះស្រាយក្នុងគ្រាលំបាក ជូនដល់ភៀសសឹកទាំងអស់បានទាន់ពេលវេលា៕ សូមបញ្ជាក់ថា ជនភាសិតសរុប 78 គ្រួសារ ដែលបានស្នាក់នៅបណ្ដោះអសន្ន ក្នុងនេះមានឃុំភ្នំបាតចំនួន 44 គ្រួសារឃុំផ្សារដែកចំនួន 20 គ្រួសារនិងឃុំវិហារលួងចំនួន 14 គ្រួសារ។