ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី១០ នៃ អ.ដ.ក.

ថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១០ នៃ អ.ដ.ក. ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ២ គឺ៖
ទី១- វឌ្ឍនភាពការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ដែលសម្រេចបាននៅចន្លោះកិច្ចប្រជុំលេីកទី៩ និងលើកទី១០ នៃ អ.ដ.ក.។
ទី២- វឌ្ឍនភាពនៃការរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។
ផ្អែកតាមរយ:កិច្ចប្រជុំនេះ អ.ដ.ក. បានវាយតម្លៃខ្ពស់លេីវឌ្ឍនភាពការងាររបស់ អ.ដ.ក. និងបានឯកភាពជាគោលការណ៍លេីការរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដេីមភាគតិច និងតំបន់ដាច់ស្រយាល តាមរយៈការបង្កេីតឱ្យមាននូវការិយាល័យតំណាង អ.ដ.ក. នៅតាមបណ្តាខេត្តចំនួន ៤ នៅភូមិភាគឦសាន ហេីយគម្រោងនេះក៏គ្រោងនឹងប្រកាសដាក់ឱ្យអនុវត្តនាពេលឆាប់ៗ ខាងមុខនេះផងដែរ។