ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងព័ត៌មាន

(ភ្នំពេញ)៖ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារនីតិកម្ម និងក្រុមការងារបរិវត្តកម្មឌីជីថលក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ និងមន្ត្រីជំនាញនៃក្រសួងព័ត៌មាន ។
កិច្ចប្រជុំនាឱកាសនេះ ដើម្បីពិភាក្សា និងពិនិត្យលើការអនុវត្តការងារបច្ចេកវិទ្យាឌីជីថល ព្រមទាំងដាក់ចេញទិសដៅបន្ត សម្រាប់លើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រសួង។
កិច្ចប្រជុំនេះក៏មានគោលបំណងសំខាន់ក្នុងការពង្រឹងការអនុវត្តគោលនយោបាយបរិវត្តកម្មឌីជីថល បង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងការងារផ្សព្វផ្សាយព័ត៌មានឱ្យកាន់តែទាន់សម័យ និងឆាប់រហ័ស។

ឯកឧត្តម ហួត ឃាងវេង បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺតាមផ្នែកនីមួយៗចំណុះឱ្យក្រសួងបានខិតខំប្រឹងប្រែងដើម្បីភាពជោគជ័យរួមក្នុងកិច្ចការងារងបរិវត្តកម្មនៃប្រព័ន្ធផ្សព្វផ្សាយឌីជីថល វិស័យព័ត៌មាន និងសោតទស្សន៍បានរីកចម្រើនរឹងមាំបន្ថែមទៀត។

ឯកឧត្តម កឹម គុណវឌ្ឍន៍ មានជម្រាបជូនថា កិច្ចប្រជុំនាឱកាសនេះ ដើម្បីប្រមូលធាតុចូលសំខាន់ៗពីថ្នាក់ដឹក និងមន្ត្រីជំនាញគ្រប់ផ្នែកពាក់ព័ន្ធ ហើយដាក់ជូនទៅ ឯកឧត្តមរដ្ឋមន្ត្រី ធ្វើកាេពិនិត្យសម្រេចដាក់ចេញផែនការ និងទិសដៅអនុវត្តន៍ឲ្យមានប្រសិទ្ធិភាព។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានណែនាំឲ្យក្រុមការងារ បរិវត្តកម្មឌីជីថល ក្រសួងព័ត៌មាន បន្តសហការយ៉ាងជិតស្និទ្ធ រវាងអង្គភាពពាក់ព័ន្ធ ដើម្បីធានាថាការប្រើប្រាស់ប្រព័ន្ធឌីជីថល មានសុវត្ថិភាព ប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការពិតប្រាកដនៃការងាររដ្ឋបាលសាធារណៈ៕