ឯកឧត្តម កឹម គុណវឌ្ឍន៍ បើកវគ្គបណ្ដុះបណ្ដាលស្តីពី « ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ » ដើម្បីបង្កើនសមត្ថភាព និងចំណេះដឹងផ្នែកភាសាអង់គ្លេស ជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលស្តីពី «ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ» ជូនដល់មន្ត្រីរាជការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ នាមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពភាសាអង់គ្លេស និងពង្រឹងជំនាញវិជ្ជាជីវៈ ឱ្យស្របតាមបរិបទនៃការអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យឌីជីថល។
ឯកឧត្ដម ឆាយ សុផល រដ្ឋលេខាធិការ និងជាប្រធានក្រុមបច្ចេកទេស គណៈកម្មការគ្រប់គ្រងកម្មវិធីអភិវឌ្ឍមូល ធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ក.អ.ម
បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី « ភាសាអង់គ្លេសក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ » ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកក្កដា រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពនិងចំណេះដឹងផ្នែកភាសាអង់គ្លេស អាចអាន បកប្រែ សរសេរ និងទំនាក់ទំនងភាសាអង់គ្លេសបានត្រឹមត្រូវតាមបរិបទសារព័ត៌មាន ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព។
វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុប ៦៣នាក់ ស្រី ៣២នាក់ ត្រូវបានបែងចែកជាពីរជំនាញ ដោយមានគ្រូបង្គោល ២រូប ដែលមានជំនាញដាច់ដោយឡែកពីគ្នា រួមមាន ឯកឧត្តម អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជំនាញ BBC Learning English Program ។
ឯកឧត្តម អុិន ឆាយ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជំនាញ English Grammar and Khmer-English Translation ។
ឯកឧត្តម ឆាយ សុផល បានបញ្ជាក់ថា ដើម្បីធានាបាននូវគុណភាពនៃការបណ្តុះបណ្តាល ក្រុមការងារបច្ចេកទេសបានអញ្ជើញគ្រូបង្រៀន ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ក្នុងការបង្រៀនភាសាអង់គ្លេស និងការបកប្រែក្នុងវិស័យព័ត៌មាន។ ខ្លឹមសារនៃវគ្គសិក្សាត្រូវបានរៀបចំឡើងដោយផ្តោតលើការអនុវត្តជាក់ស្តែង ដូចជា ការអានព័ត៌មាន ការសរសេរព័ត៌មាន ការបកប្រែឯកសារ ការប្រើប្រាស់វាក្យសព្ទវិជ្ជាជីវៈ និងការទំនាក់ទំនងជាភាសាអង់គ្លេស ក្នុងបរិបទការងារប្រចាំថ្ងៃ។
ថ្លែងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តម កឹម គុណវឌ្ឍន៍ បានលើកឡើងថា ការពង្រឹងសមត្ថភាពភាសាអង់គ្លេស គឺជាកត្តាសំខាន់មួយសម្រាប់មន្ត្រីរាជការ ជាពិសេសមន្ត្រីបម្រើការក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដែលត្រូវធ្វើការទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ ស្រាវជ្រាវឯកសារ និងផ្សព្វផ្សាយព័ត៌មានជាមួយដៃគូជាតិ និងអន្តរជាតិ។ ការមានចំណេះដឹងភាសាអង់គ្លេសល្អ នឹងជួយបង្កើនប្រសិទ្ធភាពការងារ ពង្រីកឱកាសសិក្សា និងលើកកម្ពស់គុណភាពនៃការផលិតខ្លឹមសារព័ត៌មានឱ្យកាន់តែមានវិជ្ជាជីវៈ។
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា កិច្ចការងារបណ្តុះបណ្តាលនេះ ស្របតាមទិសដៅរបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកំណត់ការកសាងធនធានមនុស្សជាអាទិភាពមួយ ដោយជំរុញការបណ្តុះបណ្តាលជាបន្តបន្ទាប់ទាំងជំនាញវិជ្ជាជីវៈសារព័ត៌មាន ជំនាញបច្ចេកវិទ្យាឌីជីថល ជំនាញទំនាក់ទំនងសាធារណៈ និង ជំនាញភាសាបរទេស ដើម្បីឱ្យមន្ត្រីរាជការអាចបំពេញការងារបានកាន់តែមានប្រសិទ្ធភាព ស្របតាមការវិវឌ្ឍនៃវិស័យព័ត៌មាន និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ។
ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ខិតខំសិក្សា ចូលរៀនឱ្យបានទៀងទាត់ ហ៊ានសួរ ហ៊ានអនុវត្ត និងខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យបានជាប្រចាំ ព្រោះចំណេះដឹងដែលទទួលបាននៅថ្ងៃនេះ នឹងក្លាយជាដើមទុនដ៏មានតម្លៃសម្រាប់ការងាររបស់ខ្លួននាពេលអនាគត។ ហើយសូមកុំចាត់ទុកវគ្គបណ្តុះបណ្តាលនេះ គ្រាន់តែជាការបំពេញកាតព្វកិច្ចប៉ុណ្ណោះ ប៉ុន្តែត្រូវចាត់ទុកថា ជាឱកាសដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍខ្លួន។
ឯកឧត្តម ឯកឧត្តម កឹម គុណវឌ្ឍន៍ បានបញ្ជាក់ថា ការសិក្សារៀនសូត្រមិនគួរបញ្ចប់ត្រឹមវគ្គបណ្តុះបណ្តាលនេះទេ ប៉ុន្តែត្រូវបន្តជាប្រចាំ ព្រោះការរៀនពេញមួយជីវិត គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសមត្ថភាព និងការរីកចម្រើនក្នុងអាជីព។
ចំណេះដឹង និងជំនាញថ្មីៗ ដែលសិក្ខាកាមទាំងអស់នឹងទទួលបាន អាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការងារប្រចាំថ្ងៃ និងរួមចំណែកអភិវឌ្ឍវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
វគ្គបណ្ដុះបណ្ដាលនេះ គឺជាផ្នែកមួយនៃការអនុវត្តផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងព័ត៌មាន ដែលផ្តោតលើការកសាងសមត្ថភាពមន្ត្រីរាជការ ឱ្យមានទាំងជំនាញវិជ្ជាជីវៈ ជំនាញឌីជីថល និងជំនាញភាសាបរទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារក្នុងបរិបទនៃការវិវឌ្ឍយ៉ាងឆាប់រហ័សនៃវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ៕






