ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៦និងកិច្ចប្រជុំពាក់ព័ន្ធនៅខេត្តសៀមរាប

កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) ទទួលធ្វើជាម្ចាស់ផ្ទះ និងភាពជាប្រធាន ដើម្បី ដំណើរការរៀបចំ និងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធនាព្រឹកថ្ងៃទី២០ខែឧសភាឆ្នាំ២០២៥ នៅខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវត្តមានឯកឧត្តម អភិបាលរងខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបី ឯកឧត្តម សាន ឡីវីន អគ្គលេខាធិការរង ទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន,ឯកឧត្តម ប្រធាន និងសមាជិក នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាននិងសមាជិកតាមបណ្តាលប្រទេសអាស៊ាន រួមទាំងតំណាង លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌល – អាហា ។
កិច្ចប្រជុំនេះរៀបចំដោយកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) សហការគាំទ្រពីមជ្ឈមណ្ឌល – អាហា ចាប់ពីថ្ងៃទី២០ដល់២៣ ខែឧសភា ឆ្នាំ២០២៥ ក្រោម ប្រធានបទ នៅឆ្នាំនេះ គឺបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់អាស៊ាន ក្នុងការជំរុញ បរិយាប័ន្ន ភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ដូចដែល អាស៊ានបានប្រារព្ធខួបលើកទី២០ឆ្នាំ នៃអាត់ប៊ែរ (AADMER) ក៏ឆ្លុះបញ្ចាំងពីសមិទ្ធិផលរបស់ពួកគេ. និង ដោះស្រាយបញ្ហាប្រឈម ដែលកំពុងកើតមាន និងកំណត់មាគ៌ាសម្រាប់អនាគត។
រំលេចថាការអនុម័តលើ សេចក្តីថ្លែងការណ៍រដ្ឋមន្ត្រីអាស៊ាន ស្តីពី២០ឆ្នាំនៃអាត់ប៊ែរ (AADMER): ចក្ខុវិស័យរបស់អាស៊ាន សម្រាប់ភាពជាអ្នកដឹកនាំសកលក្នុងភាពធន់នឹងគ្រោះមហន្តរាយ នឹងក្លាយជាព្រឹត្តិការណ៍សំខាន់មួយ។ អាស៊ានក៏កំពុងរៀបចំកសាងកម្មវិធីការងារអាត់ប៊ែរ ឆ្នាំ២០២៦-២០៣០ ស្របតាមផែនការយុទ្ធសាស្ត្រ សហគមន៍សង្គម-វប្បធម៌អាស៊ាន និងចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ ដើម្បីនាំគ្នាឆ្ពោះ ទៅកាន់អាស៊ាន ប្រកបដោយភាពធន់ជាងមុន នវានុវត្តន៍ និងប្រជាជន ជាចំណុចស្នូល។
ថ្លែងបើកឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានស្វាគមន៍ យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន លើកទី៤៦។ ជាកិត្តិយសដ៏ធំធេងណាស់ សម្រាប់ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន នៅឆ្នាំនេះ ដែលទទួលរៀបចំកិច្ចជុំដ៏សំខាន់នេះ។ ក្រោមប្រធានបទ “២០ឆ្នាំ នៃអាត់ម៉ែល ចក្ខុវិស័យរបស់អាស៊ាន សម្រាប់ភាពជាអ្នកដឹកនាំសកល ក្នុងភាពធន់នឹងគ្រោះមហន្តរាយ” យើងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពរួម និងបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់យើងចំពោះតំបន់ ប្រកបដោយភាពរឹងមាំ និងធន់ជាងមុន។ ជាពិសេស មកចូលរួមកិច្ចប្រជុំ ACDM ជាលើកដំបូងក្នុង ឆ្នាំ២០២៥។ ការបន្តការចូលរួម និងការគាំទ្ររបស់ សមាជិកអាស៊ានមានសារៈសំខាន់ នៅពេលយើងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ។ឯកឧត្តមទេសរដ្ឋមន្ត្រីឆ្លៀតក្នុងឱកាសនោះតាំងនាមអោយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជន មីយ៉ាន់ម៉ា និងថៃ បន្ទាប់ពីគ្រោះគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ កាលពី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ ការចូលរួមរំលែកទុក្ខ និងការយកចិត្តទុកដាក់របស់យើង គឺស្ថិតនៅជាមួយគ្រួសារ និងសហគមន៍ ដែលរងផលប៉ះពាល់។ សោកនាដកម្មនេះ រួមទាំងការ រអិលបាក់ដីនាពេលថ្មីៗនេះ នៅក្នុងខេត្តចាវ៉ា ភាគកណ្តាល នៃប្រទេសឥណ្ឌូនេស៊ី គឺជាការរំលឹក យ៉ាងច្បាស់អំពីការគំរាមកំហែងនៅបន្ត ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនៅក្នុងតំបន់ ។ ទេសរដ្ឋមន្ត្រីបានកោតសរសើរ ចំពោះការឆ្លើយតបយ៉ាងរហ័ស និងកិច្ចសហការដ៏រឹងមាំ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌល-អាហា ក្នុងការ ផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយ ក្រោមប្រព័ន្ធភស្តុភារសង្គ្រោះគ្រោះមហន្តរាយសម្រាប់អាស៊ាន (DELSA) ដល់អ្នកដែលត្រូវការជំនួយ។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) ជាវេទិកាថ្នាក់តំបន់ដ៏សំខាន់សម្រាប់ ជំរុញការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយ តបគ្រោះអាសន្ន ដែលមានកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយ តបសង្គ្រោះបន្ទាន់ (អាត់ម៉ែរ) ជាមគ្គុទ្ទេសក៍។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន មានកាតព្វកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ នៅគ្រប់ដំណាក់កាល នៃការគ្រប់គ្រងគ្រោះមហន្តរាយ ពោលគឺ ការត្រៀមបង្ការ ការកាត់បន្ថយ ការត្រៀមរៀបចំ ការឆ្លើយតប និងការស្តារឡើងវិញ ក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន នៃគ្រោះមហន្តរាយ មកលើសហគមន៍ និង សេដ្ឋកិច្ចរបស់យើង។