ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជាអធិបតី ពិធីចុះអនុស្សរណៈពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច និងវិនិយោគរវាង កម្ពុជា-ចិន
នេះជាថ្ងៃទី២ នៃវេទិកាកិច្ចសហប្រតិបត្តិការធុរកិច្ចកម្ពុជា-ចិន បានបន្តប្រព្រឹត្តទៅដោយមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសមាគមអតីតយុទ្ធជនខេត្តហ្គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យធុរកិច្ច ការវិនិយោគ និងការអភិវឌ្ឍរួម ស្របតាមទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។
ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តទៅ នៅព្រឹកថ្ងៃទី២៣ ខែកក្ដដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងលោក Gu Rong អនុប្រធានអតីតយុទ្ធជនខេត្តហ្គ័ងស៊ី ដឹកនាំក្រុមប្រតិភូអតីតយុទ្ធជនខេត្តហ្គ័ងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងទាំងថ្នាក់ដឹកនាំ អ្នកធុរកិច្ច និងអ្នកវិនិយោគមកពីកម្ពុជា និងប្រទេសចិនជាច្រើនរូប។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងកម្ពុជា និងចិន ព្រមទាំងបន្តពង្រឹងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងបង្កើតឱកាសថ្មីៗសម្រាប់អ្នកធុរកិច្ច និងអ្នកវិនិយោគនៃប្រទេសទាំងពីរ ក្នុងការក្លាយជាដៃគូអាជីវកម្មដ៏ជិតស្និទ្ធ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។
ក្នុងនោះមានចំណុចសំខាន់ចំនួន ៤ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាព
១/គឺការស្វែងយល់ពីតួនាទីរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្នុងការសម្របសម្រួល និងគាំទ្រដល់សកម្មភាពធុរកិច្ច និងការវិនិយោគ។
២/គឺការស្វែងយល់ពីបរិយាកាសអំណោយផលនៃការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា ដើម្បីលើកកម្ពស់ផលិតភាព និងការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព។
៣/គឺការជំរុញការវិនិយោគលើវិស័យដែលមានសក្ដានុពល ដូចជា រោងចក្រទឹកដោះគោ ការចិញ្ចឹមគោសាច់ និងគោពូជ ការដាំដំណាំស្មៅ ដំណាំដូង ការផលិតជី និងវិស័យផ្សេងៗទៀត។
៤/គឺការបង្កើតឱកាសសហប្រតិបត្តិការថ្មីៗ ដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក សម្រាប់អតីតយុទ្ធជន និងនិវត្តជននៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចាត់ទុកថាជាជំហានថ្មីមួយ ក្នុងការពង្រឹងទំនាក់ទំនងរវាងស្ថាប័ន និងអ្នកធុរកិច្ចនៃកម្ពុជា និងចិនព្រមទាំងបង្កើតមូលដ្ឋានសម្រាប់ការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្តែងនាពេលអនាគត ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងវិបុលភាពរួមរបស់ប្រទេសទាំងពីរ៕







