ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ជំរុញឱ្យថ្នាក់ដឹកនាំសមាគមខេត្តថ្មីត្រូវធ្វើបច្ចុប្បន្នភាពសមាជិក
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជន ខេត្តកែប។
ពិធីនេះមានការអញ្ជេីញចូលរួមពី ឯកឧត្ដម-លោកជំទាវ ប្រតិភូអមរបស់សមាគម, ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលក្រុង-ស្រុក, មេឃុំ-ចៅសង្កាត់, នាយប៉ុស្តិ៍, និងនិវត្តជន ដែលពិធីនេះរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកែប។
ក្នុងឱកាសនេះ ឯកឧត្តម សោម ពិសិដ្ឋ ត្រូវបានតែងតាំងជា ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត ព្រមទាំងមានការតែងតាំងអនុប្រធានចំនួន ១១រូប និងសមាជិក-សមាជិកាចំនួន ៤៦រូប។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត បានប្រកាសប្តេជ្ញាចិត្ត ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់បងប្អូនជាសមាជិក អតីតយុទ្ធជន និងនិវត្តជន ជាពិសេសចូលរួមយ៉ាងខ្ជាប់ខ្ជួនជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តយុទ្ធសាស្តនយោបាយនានា ពាក់ព័ន្ធនឹងការគាំពារដល់អតីតយុទ្ធជន និងនិវត្តជន៍។
ឯកឧត្តម អគ្គលេខាធិការ មានប្រសាសន៍រម្លឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម មានចក្ខុវិស័យគិតគូរដល់អតីតយុទ្ធជន និងនិវត្តជនដូចគ្នា ដោយសារអតីតយុទ្ធជន និងនិវត្តជនទាំងអស់សុទ្ធសឹងតែជាអ្នកធ្វើពលិកម្ម និងលះបង់បម្រើជាតិមាតុភូមិដូចគ្នា ហើយថែមទាំងជាកម្លាំងសាមគ្គីដែលបានរួមចំណែកការពារជាតិ ស្ថាបនាជាតិ និងអភិវឌ្ឍន៍ជាតិ។
ជាមួយគ្នានេះ ឯកឧត្តម គន់ គីម មានប្រសាសន៍ថា បន្ទាប់ពីពិធីប្រកាស និងប្រគល់ភារកិច្ចដល់គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្ត, ថ្នាក់ដឹកនាំសមាគមខេត្តត្រូវរៀបចំបែងចែកតួនាទី និងការទទួលខុសត្រូវជូនគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុង-ស្រុក និងឃុំ-សង្កាត់ ដើម្បីមានរចនាសម្ព័ន្ធរឹងមាំ។
ទន្ទឹមគ្នានេះ ឯកឧត្តម គន់ គីម បញ្ជាក់ថា ការរៀបចំបែងចែងតួនាទី ភារកិច្ច ចាប់ពីថ្នាក់រហូតដល់មូលដ្ឋានឃុំ-សង្កាត់ ក្នុងគោលបំណងពង្រឹងដល់ការសម្របសម្រួល និងដោះស្រាយរាល់តម្រូវការជូនអតីតយុទ្ធជន និងនិវត្តជនឱ្យទទួលបានប្រសិទ្ធភាព និងទាន់ពេលវេលានៅទូទាំងប្រទេស។
ក្នុងនាមសេនាធិការជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម, ឯកឧត្តម គន់ គីម បានណែនាំដល់ថ្នាក់ដឹកនាំសមាគមគ្រប់ជាន់ថ្នាក់ទូទាំងខេត្តត្រូវពិនិត្យឱ្យបានហ្មត់ចត់ចំពោះការដាក់ពាក្យស្នើសុំដី និងផ្ទះ ដោយថ្នាក់ដឹកនាំសមាគមខេត្តត្រូវរៀបចំក្រុមការងារចុះពិនិត្យវាយតម្លៃទៅដល់ឃុំ ដោយផ្ទាល់ ហើយកសាងឯកសារបញ្ជូនមកថ្នាក់កណ្តាល ដើម្បីសម្រេច និងចាត់ចែងជូនអតីតយុទ្ធជន និងនិវត្តជនរូបណាដែលខ្វះខាតពិតប្រាកដ។
ជាចុងបញ្ចប់ ឯកឧត្តម គន់ គីម បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ដើម្បីបន្តទទួលបានការយកចិត្តទុកដាក់ និងអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតពីរាជរដ្ឋាភិបាល៕



