ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធាន អ.ប.ព. ៖ ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើ ពុករលួយ មិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ច

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធាន អង្គភាពប្រឆាំងអំពើ ពុករលួយ បានថ្លែងថា ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើ ពុករលួយ មិនមែនជាជម្រើសទេ ប៉ុន្តែ គឺជាកាតព្វកិច្ច ការថ្លែងបែបនេះ ធ្វើក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីគណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យុិនទៀង បានបន្តថា ប្រព័ន្ធគាំពារសង្គមអាចដំណើរការបានកាន់តែប្រសើរ លុះត្រាតែមានតម្លាភាព និងគណនេយ្យភាព។ តម្លាភាព និងគណនេយ្យភាព ជាសសរស្តម្ភដ៏សំខាន់២ នៃអភិបាលកិច្ចល្អ ហើយមានទំនាក់ទំនងជិតស្និតនឹងគ្នា តែមានអត្ថន័យដាច់ពីគ្នា។ ឯកឧត្តម បានសង្កត់ធ្ងន់ថា «មានគណនេយ្យភាព តែគ្មានតម្លាភាព គឺពិបាកនឹងរកភស្តុតាង ដើម្បីដាក់បន្ទុកលើអ្នកធ្វើខុស។ មានតម្លាភាព តែគ្មានគណនេយ្យភាព នោះគ្រាន់តែបានដឹងថា គេម្នាក់នោះ ឬច្រើនគ្នានោះ បានធ្វើខុស តែមិនអាចធ្វើអ្វីគេបាន។ ដូច្នេះ បើមានទាំងគណនេយ្យភាព និងតម្លាភាពព្រមគ្នា យន្តការនេះ ត្រូវបានមហាជន សាធារណជនមានទំនុកចិត្ត អាចទប់ស្កាត់អំពើពុករលួយ អាចកាត់បន្ថយឱកាសប្រើអំណាចខុសច្បាប់ ខុសគោលដៅ និងអាចបង្កើនប្រសិទ្ធភាពនៃការងារ»។

ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង បន្តថា ការងារក្នុងប្រព័ន្ធគាំពារសង្គម ដែលក្នុងនោះមានថវិកា និងអត្ថប្រយោជន៍នានា ត្រូវទៅដល់ប្រជាពលរដ្ឋ ដែលត្រូវការពិតប្រាកដ ដោយគ្មានការលេចធ្លាយនៃអំពើទុច្ចរិត។ ក្នុងន័យនេះ ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់គណនេយ្យភាព តម្លាភាព ចំពោះប្រព័ន្ធគាំពារសង្គម តាមស្មារតី «យើងទាំងអស់គ្នាប្តេជ្ញាចិត្តសហការគ្នា ដើម្បីកសាងប្រព័ន្ធដែលបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ និងប្រសិទ្ធភាព»។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម បានពង្រីកវិសាលភាពលើសមុនជាង២ដង បន្ទាប់ការគ្របដណ្តប់ពលរដ្ឋបានកើនឡើង ពីចំនួនត្រឹមតែ៣,៣លាននាក់ កាលពីឆ្នាំ២០១៧ រហូតដល់ជាង៧,៩លាននាក់ ក្នុងឆ្នាំ២០២៥ ដោយក្នុងនោះរបបសន្តិសុខសង្គម បាននិងកំពុងគ្របដណ្តប់ពលរដ្ឋ សរុបប្រមាណ៣,៩លាននាក់។ ឯកឧត្តម បានបន្តថា គិតត្រឹមដំណាច់ ឆ្នាំ២០២៥កន្លងទៅនេះ, កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅសរុបចំនួនប្រមាណ៤,៨៤លាននាក់ ឬស្មើនឹងប្រមាណ២៨ភាគរយ នៃពលរដ្ឋសរុប ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិការដ្ឋចំនួនប្រមាណជាង១.០២៧ប៊ីលានរៀល ឬស្មើនឹង២៥៧លានដុល្លារអាម៉េរិក ដើម្បីអនុវត្តកម្មវិធីមួយចំនួនរួមមាន៖ ១. កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលក្រសោបនូវកម្មវិធីជាតិជំនួយសង្គមចំនួន៤រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ៦០ឆ្នាំឡើង); ២. កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍; ៣. កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ; ៤. កម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានទៅក្រុងរុនតាឯក តេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប; ៥. មូលនិធិសមធម៌សុខាភិបាល; និង៦. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ សម្រាប់សមាជិក ប.ស.ស. ជាស្ត្រី។ សម្រាប់ជ្រុងនៃការអនុវត្តរបបសន្តិសុខសង្គម, គិតត្រឹមឆ្នាំ២០២៥ បានគ្របដណ្តប់ពលរដ្ឋប្រមាណ៣,៥លាននាក់ ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិកាជាតិប្រមាណ១.៧០០ ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤២៥លានដុល្លារអាម៉េរិក បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស. ដើម្បីអនុវត្តរបបសន្តិសុខសង្គមចំនួន៣ ធំៗរួមមាន៖ ១. របបសន្តិសុខសង្គមផ្នែកប្រាក់សោធន, ២. របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព, និង៣. របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ៕