ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបង្ហាញ និងប្រគល់-ទទួល លទ្ធផលនៃការសិក្សាសមិទ្ធភាពគម្រោងកែលម្អ ធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសារមន្ទីរជាតិកម្ពុជា ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញ និងប្រគល់-ទទួលលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងកែលម្អ ធ្វើទំនើបកម្ម និងពង្រីកសារមន្ទីរជាតិកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្ដម Olivier Richard ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញជាច្រើនរូប។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និង ស្ថានទូតបារាំងប្រចាំកម្ពុជា, Expertise France, សារមន្ទីរជាតិសិល្បៈអាស៊ីហ្គីមេ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យគម្រោងដ៏មានសារៈសំខាន់នេះសម្រេចបានលទ្ធផលជោគជ័យដ៏គួរឱ្យកោតសរសើរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណភាគីបារាំងផងដែរ ចំពោះការបន្តបញ្ជូនអ្នកជំនាញការ និងការសម្របសម្រួលឱ្យមានកិច្ចសហប្រតិបត្តិការផ្ទាល់រវាងសារមន្ទីរជាតិកម្ពុជា និងសារមន្ទីរជាតិសិល្បៈអាស៊ីហ្គីមេ ក្នុងរយៈពេលពីរឆ្នាំបន្ថែមទៀត។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន លើការពង្រឹងមូលធនមនុស្ស ការធ្វើទំនើបកម្មស្ថាប័ន និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ដែលជាមូលដ្ឋានគ្រឹះនៃការពង្រឹងអត្តសញ្ញាណជាតិនិងស្មារតីស្នេហាជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបង្កើតគណៈកម្មាធិការជាតិវប្បធម៌​ ប្រវត្តិសាស្ត្រ និងអារ្យធម៌ខ្មែរ នាពេលថ្មីៗនេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា សារមន្ទីរជាតិកម្ពុជាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា ការពារនិងអភិរក្សមរតកវប្បធម៌ ការសិក្សាស្រាវជ្រាវ ការអប់រំ ព្រមទាំងពង្រឹងអត្តសញ្ញាណ និងមោទនភាពជាតិ ហើយសម្បត្តិបេតិកភណ្ឌដែលបានថែរក្សាទុកនៅទីនេះ បានបង្ហាញពីស្នាដៃសិល្បៈ ជំនឿសាសនា បទពិសោធ ប្រវត្តិសាស្ត្រ និងសមត្ថភាពច្នៃប្រឌិតរបស់ប្រជាជនខ្មែរ ដែលមានឫសគល់តាំងពីជាងពីរពាន់ឆ្នាំមុន។ លើសពីនេះ សារមន្ទីរជាតិក៏ជាមជ្ឈមណ្ឌលសម្រាប់ឱ្យយុវជនបានស្វែងយល់ពីឫសគល់ និងអត្តសញ្ញាណរបស់ខ្លួន ព្រមទាំងផ្តល់ឱកាសដល់ភ្ញៀវអន្តរជាតិស្វែងយល់ពីភាពសម្បូរបែបនៃអារ្យធម៌ខ្មែរ ហើយក៏រួមចំណែកលើកកម្ពស់វត្តមានវប្បធម៌កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាការទាក់ទាញទេសចរ។

ឯកឧត្ដម វង្សី វិស្សុត បន្តថា ការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងនេះ នឹងផ្តល់នូវមូលដ្ឋានសិក្សាដ៏មានតម្លៃសម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍសារមន្ទីរជាតិ។ មហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា គឺអភិវឌ្ឍសារមន្ទីរជាតិឱ្យក្លាយជាស្ថាប័នទំនើបមួយ ដោយធានាបាននូវសុវត្ថិភាព ចីរភាព និងអាចបំពេញមុខងាររបស់ខ្លួនស្របតាមស្តង់ដាវិជ្ជាជីវៈក្នុងសម័យកាលទំនើប ដើម្បីអាចមានសមត្ថភាពទទួលភ្ញៀវជាតិ និងអន្តរជាតិបានកាន់តែច្រើន និងដើម្បីរួមចំណែកដល់ការជំរុញទេសចរណ៍វប្បធម៌ និងសេដ្ឋកិច្ចច្នៃប្រឌិត។ ក្រៅពីនោះ រាជរដ្ឋាភិបាលក៏មានបំណងប្រែក្លាយសារមន្ទីរនេះ ទៅជាវេទិកា សម្រាប់ការស្រាវជ្រាវ ការអប់រំ ការចូលរួមរបស់សាធារណជន និងកិច្ចសន្ទនាវប្បធម៌អន្តរជាតិផងដែរ។

ឯកឧត្ដម វង្សី វិស្សុត ក៏បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជានិងបារាំង ដោយក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈកាលជាង ១៥០ឆ្នាំ កន្លងមកនេះ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា កម្មវិធីនាថ្ងៃនេះ គឺជាសក្ខីភាព ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលបារាំង ក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងបេតិកភណ្ឌ ដើម្បីបន្តថែរក្សាមរតកជាតិ និងផ្សព្វផ្សាយអារ្យធម៌ខ្មែរឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិ។ ទន្ទឹមនេះ កម្ពុជានិងបារាំង ក៏បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ បណ្ណាល័យជាតិ និងសារមន្ទីរជាតិ ដែលសុទ្ធសឹងជាស្ថាប័នមានតួនាទីគន្លឹះ ក្នុងការថែរក្សានិងលើកតម្កើងអត្តសញ្ញាណជាតិ និងបេតិកភណ្ឌជាតិ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការមានជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ និងបេតិកភណ្ឌរវាងប្រទេសទាំងពីរ នឹងឈានដល់ដំណាក់កាលថ្មីមួយទៀត ក្នុងនៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី Emmanuel Macron មកកាន់កម្ពុជា ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាពេលខាងមុខនេះ។