ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត

(ទីស្តីការគណៈរដ្ឋមន្រ្តី)៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានអញ្ជើញអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីគោលការណ៍ណែនាំស្តីពីនីតិវិធី និងវិធាននៃការតាក់ តែ ងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមមកពីគ្រប់ក្រសួងស្ថាប័ននានា ព្រមទាំងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី សរុបប្រមាណ ៥០០នាក់។
ថ្លែងក្នុងការបើកវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការវង្សី វិស្សុត បានលើកឡើងថា វគ្គបណ្តុះបណ្តាលលើកទី៣នេះ ក៏ដូចជា២លើកកន្លងមក គឺមានគោលបំណងធ្វើសុខដុមនីយកម្ម និងពង្រឹងការរៀបចំ និងការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដផ្សេងទៀត ឱ្យមានឯកភាព ឯកសណ្ឋាន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីធានាបាននូវឯកភាពផ្នែករដ្ឋបាល ដែលជាកត្តាមួយយ៉ាងសំខាន់នៃឯកភាពជាតិ ស្របតាមគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ដែលត្រូវបានដាក់ឱ្យអនុវត្តដោយអនុក្រឹត្យលេខ១៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក៏ដូចជាដើម្បី ពង្រឹងប្រសិទ្ធភាព និងសមត្ថភាពក្នុងការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ឱ្យកាន់តែមានគុណភាព និងសង្គតិភាព សំដៅធានាសន្តិសុខគតិយុត្ត និងការលើកកម្ពស់វប្បធម៌នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា ក្នុងបរិការណ៍ដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងបែកបាក់ ហើយប្រទេសខ្លាំងរំលោភប្រទេសខ្សោយ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយឯកតោភាគី ចាកចេញពីគោលការណ៍ពុហភាគី ដែលជាគោលការណ៍ដ៏សំខាន់ក្នុងការគ្រប់គ្រងប្រព័ន្ធអន្តរជាតិ ក៏ដូចជាសង្រ្គាមឈ្លានពានរបស់ថៃមកលើកម្ពុជា ព្រមទាំងបញ្ហាប្រឈម និងហានិភ័យផ្សេងៗទៀត ទាំងខាងក្នុង និងខាងក្រៅ បានធ្វើឱ្យកម្ពុជាយើងដែលជាប្រទេសតូច និងទន់ខ្សោយ បានស្ថិតនៅក្នុងស្ថានភាពមួយដ៏គ្រោះថ្នាក់ ដែលជាការគំរាមកំហែងទៅដល់អត្ថិភាពរបស់ជាតិយើង។ ចំពោះមុខស្ថានភាពនេះទាមទារឱ្យយើងទាំងអស់ត្រូវបន្តខិតខំកសាងពង្រឹងខ្លួន និងអភិវឌ្ឍជាតិឱ្យកាន់តែខ្លាំងក្លាលើគ្រប់វិស័យ។ ជាការពិតយើងមានការដ្ឋានច្រើន ដែលត្រូវយកមកគិត និងត្រូវយកមកធ្វើ ក៏ប៉ុន្តែខ្ញុំយល់ឃើញថា ក្នុងពេលនេះជាងពេលណាៗទាំងអស់ យើងចាំបាច់ណាស់ត្រូវតែកសាងប្រព័ន្ធច្បាប់រឹងមាំ ដែលជាសមាសធាតុមួយមិនអាចខ្វះបានក្នុងការលើកស្ទួយនីតិរដ្ឋ ដើម្បីទ្រទ្រង់ដល់ការពង្រឹងការកសាង និងការអភិវឌ្ឍជាតិយើង ឱ្យងើបឡើង និងឱ្យខ្លាំងក្លាឡើង ទោះបីជាកម្ពុជាយើងជាប្រទេសតូចក្តី។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏មានប្រសាសន៍លើកឡើងផងដែរ អំពីទស្សនៈរួមក្នុងការរៀបចំច្បាប់ និងការកសាងនីតិរដ្ឋនៅកម្ពុជា ដោយបានគូសបញ្ជាក់ថា នីតិរដ្ឋ គឺជាចន្ទុល ឬសសរស្ដម្ភមួយ ដែលមិនអាចខ្វះបានក្នុងការគ្រប់គ្រងរដ្ឋ។ ទស្សនាទាននីតិរដ្ឋនេះ បានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ និងក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ចាប់តាំងពីយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្រ្តចតុកោណ រហូតមកដល់យុទ្ធសាស្រ្តបញ្ចកោណពោលគឺកម្ពុជាបានទទួលយកនូវគោលការណ៍នីតិរដ្ឋជាធំ ក្នុងការគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិនោះទេ។ ឯកឧត្តមបានបន្តថា ដើម្បីពង្រឹងនីតិរដ្ឋ គឺ៖ ទី១.ត្រូវកសាងប្រព័ន្ធច្បាប់មួយដែលមានបូរណភាពភាពពេញលេញគ្រប់ជ្រុងជ្រោយ និងទី២.ត្រូវបណ្តុះនិងលើកស្ទួយវប្បធម៌នីតិរដ្ឋ ដែលមានន័យថា ប្រជាជនយើងម្នាក់ៗ មានការយល់ដឹង និងមានវប្បធម៌គោរពច្បាប់ទាំងអស់គ្នាទាំងអ្នកអនុវត្ត ទាំងអ្នកទទួលរង ដោយភ្ញាក់រលឹក និងដោយយល់ដឹង។
នៅក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុតក៏បានផ្តល់អនុសាសន៍ចំនួន៧ ចំណុច ដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល មានដូចតទៅ ៖
ទី១. រដ្ឋធម្មនុញ្ញកម្ពុជា មានចែងយ៉ាងច្បាស់អំពីគោលការណ៍សមភាពចំពោះមុខច្បាប់ ដែលទាំងអស់គ្នាត្រូវគោរពច្បាប់ និងមិនមាននរណាម្នាក់នៅលើច្បាប់ទេ។ ដូចនេះ ជាទស្សនវិជ្ជានៃការរៀបចំប្រព័ន្ធច្បាប់ ដែលមិនអាចខ្វះបាន គឺច្បាប់នោះត្រូវតាក់តែងឱ្យបានល្អ ដោយកំណត់នូវរាល់វិធាននានា ឱ្យច្បាស់លាស់ និងត្រូវតែមានប្រសិទ្ធភាព មានប្រយោជន៍ បម្រើមនុស្ស បម្រើសង្គមជាតិកម្ពុជា  ព្រមទាំងត្រូវស័ក្តិសមទៅនឹងតថភាពជាក់ស្តែងរបស់កម្ពុជា ដោយបង្កប់នូវគុណតម្លៃល្អៗ ក្នុងនោះ មានទាំងគុណតម្លៃផ្នែកសីលធម៌ និយាមសង្គម ប្រពៃណី និងទំនៀមទម្លាប់ផងដែរ។ ទន្ទឹមនេះ ក៏ត្រូវគិតគូរដល់គុណតម្លៃសកលផងដែរ តែមិនត្រូវយកគុណតម្លៃសកលនេះមកសង្កត់យើងនោះទេពោលគឺយើងមានសេរីភាពសម្រេច និងជ្រើសរើសអ្វីដែលជារបស់ខ្លួនឯង។
ទី២. មុននឹងធ្វើច្បាប់ ឬតាក់តែងច្បាប់ ក៏ត្រូវគិតគូរផងដែរដល់ជម្រើសផ្សេងៗ ក្រៅពីការធ្វើច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតក្រោមច្បាប់ដូចជាវិធានការអប់រំ និងណែនាំ វិធានការរដ្ឋបាល និងវិធានការសេដ្ឋកិច្ចព្រមទាំងវិធានការផ្សេងៗទៀត ដែលមិនមែនជាលិខិតបទដ្ឋានគតិយុត្ត។ ក្នុងករណីជ្រើសយកជម្រើសវិធានការធ្វើច្បាប់ គឺត្រូវតែសិក្សាឱ្យបានច្បាស់អំពីផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តមកលើសេដ្ឋកិច្ច សង្គម បរិស្ថាន ធុរកិច្ច បុគ្គល និងថវិកាជាតិ ស្របតាមទិសស្លោកដែលថា លិខិតបទដ្ឋានគតិយុត្តល្អ សេដ្ឋកិច្ចរីកចម្រើន ជីវភាពប្រជាជនល្អប្រសើរ!។ តាមទស្សនវិជ្ជា ខុងជឺ ពេលធ្វើច្បាប់ត្រូវគិតពី Natural Acceptance និងពីអារម្មណ៍ប្រជាជន។
ទី៣. អភិក្រមនៃការរៀបចំច្បាប់ គឺដើម្បីដោះស្រាយបញ្ហារបស់មនុស្សនិងសង្គម គប្បីចៀសវាងឱ្យបាននូវបញ្ហា Vested Interest និង Conflict of Interest, កាត់បន្ថយនូវភាពស្មុគស្មាញ ឬការិយាធិបតេយ្យហួសហេតុ (red-tape) ដែលអាចបង្កការលំបាកដល់ការរីកធំធាត់ និងបង្កើនបន្ទុកមិនចំាបាច់ដល់ធុរកិច្ច អាជីវកម្ម និងប្រជាជន។
ទី៤. ការកសាងច្បាប់ ត្រូវគិតគូរ និងផ្សារភ្ជាប់ជាមួយនឹងការកសាងជាតិ និងចក្ខុវិស័យកម្ពុជារយៈពេលវែង ព្រមទាំងត្រូវបើកច្រកទុកឱ្យយើងអាចបត់បែនបាន ប៉ុន្តែបត់បែនក្នុងន័យបម្រើឱ្យការរស់រាន ការរីកចម្រើន និងស្ថិរភាព ចីរភាព នៃការអភិវឌ្ឍ និងការកសាងប្រជាជាតិកម្ពុជារបស់យើង។ ការរៀបចំប្រព័ន្ធច្បាប់របស់យើងនិង វប្បធម៌នីតិរដ្ឋ ត្រូវឆ្លុះបញ្ចាំងពីគោលដៅ និងទស្សនវិជ្ជា ក្នុងដំណើរដ៏វែងឆ្ងាយឆ្ពោះទៅរក២០៥០ ពោលគឺធ្វើ Alignment ជា Aspirationរបស់ជាតិកម្ពុជាទាំងមូល។
ទី៥. ចំពោះការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ដែលមានលក្ខណៈជាច្បាប់គោល ត្រូវគិតគូរដល់គោលការណ៍រួម ដែលពាក់ព័ន្ធនឹងវិស័យច្បាប់នោះ (ឧទាហរណ៍ ដូចជាច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៣ ដែលបានកំណត់ឱ្យមានគោលការណ៍ចំនួន១០ចំណុច)។ ដូចនេះគ្រប់ច្បាប់ គួរមានចែងអំពីគោលការណ៍រួម ក្នុងនោះជាពិសេស ពាក់ព័ន្ធនឹងវិស័យជំនាញបច្ចេកទេសនិងបច្ចេកវិទ្យា ដូចជា បញ្ញាសិប្បនិម្មិត(AI) និងឧក្រិដ្ឋកម្មសាយប័រ(Cyber Crimes) ជាដើម។
ទី៦. យើងត្រូវរៀនសូត្រ និងដកស្រង់បទពិសោធពីឧត្តមានុវត្តន៍អន្តរជាតិឱ្យបានច្រើន ជាពិសេសពាក់ព័ន្ធនឹងវិស័យថ្មីៗ  ដូចជាវិស័យបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ជាដើម។ បើចាំបាច់យើងមិនគួរខ្លាចការចម្លងពីគេ ដើម្បីរៀបចំច្បាប់របស់យើងនោះទេ បើសិនជា Ecosystem ហ្នឹងស្រដៀងគ្នា និងមានប្រយោជន៍ ហើយស័ក្តិសមនឹងតថភាពប្រទេសយើង ព្រោះក្នុងបរិបទសាកលភាវូបនីយកម្ម យើងត្រូវបើកចំហរ ទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយអ្វីៗឆ្លងគ្នាទៅវិញទៅមក។
ទី៧. មុននឹងចុះសន្ធិសញ្ញា អនុសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិនានា គួរគិតគូរពីការទទួលយកទាំងស្រុង ឬចំណុចណាដែលមិនគួរទទួលយក។ បើចំណុចណាពុំផ្តល់ប្រយោជន៍សម្រាប់ប្រទេសជាតិ កុំទទួលយក យើងត្រូវធ្វើខរក្សាសិទ្ធិ មិនត្រូវទទួលយក១០០% ទេ។