ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»

ថ្លែងក្នុងពិធីបិទសិក្ខាសាលា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា “ក្នងនាមក្រសួងមុខងារសាធារណៈកម្ពុជា ជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ឆ្នាំ២០២៤-២០២៦ សូមស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ សហការីពីប្រទេសទីម័រ-លេស្ទេ ព្រមទាំងរដ្ឋាភិបាល និងប្រជាជន សាធារណរដ្ឋប្រជាធិបតេយ្យប្រទេសទីម័រ-លេស្ទេ ចំពោះការទទួលបានការអនុម័តក្លាយជាសមាជិកអាស៊ានពេញសិទ្ធនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ថ្មីៗនេះ”។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាលើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ឯកឧត្តម បានលើកឡើងដែរថា ក្នុងដំណើរការនៃការកសាងផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ នេះគឺជាផែនការលើកទី៤របស់យើងសម្រាប់បរិបទថ្មី ក្នុងការកសម្រេចចក្ខុវិស័យសហគមអាស៊ានឆ្នាំ២០៤៥។”

ទន្ទឹមនេះ ឯកឧត្តម ក៏បានចែករំលែកជូនសិក្ខាសាលាអំពីបទពិសោធរបស់កម្ពុជាក្នុងការកសាង និងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដែលផ្តើមចេញពីមូលដ្ឋានគ្រឹះនៃសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារដើមទុនធនធានមនុស្ស។ និងបានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសសមាជិកអាស៊ាន អាស៊ានបូក៣ និងប្រទេសដៃគួរមានដំណើរការវិវត្តនៃទំនើបកម្មនៃវិស័យមុខងារសាធារណៈរៀងៗខ្លួន។

ក្នុងពិធីដដែលនេះ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានឡើងថ្លែងសេចក្តីរាយការណ៍សង្ខេបអំពីសាវតាចាប់តាំងពីការបង្កើតកិច្ចសហប្រតិបត្តិការអាស៊ានសម្រាប់វិស័យមុខងារសាធារណៈ នៅឆ្នាំ១៩៨១ រហូតមកដល់ពេលបច្ចុប្បន្ន និងវឌ្ឍនភាពនៃការរៀបចំ59សិក្ខាសាលាពិគ្រោះយោបល់ទាំង២លើក និងលទ្ធផលសម្រេចបានមួយចំនួននៃសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ជូនអង្គសិក្ខាសាលាទាំងមូល ៕