ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញព័ត៌មានវិទ្យា ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រី

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការជំរុញបរិវត្តកម្មឌីជីថល ដើម្បីពិនិត្យវឌ្ឍនភាពប្រមូលធាតុចូលបន្ថែម និងកំណត់មុខសញ្ញាអាទិភាពសម្រាប់ការរៀបចំកម្មវិធីបរិវត្តកម្មឌីជីថលនៅទីស្តីការ
គណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ និងមន្ត្រីដែលមានជំនាញផ្នែក
បច្ចេកវិទ្យាព័ត៌មានវិទ្យា។ ឯកឧត្តម វង្សី វិស្សុត មានប្រសាសន៍ថាកិច្ចប្រជុំនេះក៏ជាឱកាសក្នុងការជួបជាមួយថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ និងមន្ត្រីរាជការទាំងអស់ ដែលមានជំនាញព័ត៌មានវិទ្យានៅទីស្តីការគណៈរដ្ឋមន្ត្រី ហើយដែលត្រូវបានកប់បាត់ ឬ ពុំមានឱកាសបញ្ចេញសមត្ថភាពលើការដ្ឋានការងារដ៏សំខាន់នេះ ដើម្បីប្រមូលជាកម្លាំងសរុបនិងប្រើប្រាស់ធនធានឱ្យអស់សក្តានុពល សម្រាប់ជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅទីស្ដីការគណៈរដ្ឋមន្ត្រី។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចអំពីទិសដៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានផ្ដល់អាទិភាពខ្ពស់ទៅលើការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល។  ឯកឧត្តមបានបន្តថាការងារជំរុញ
បរិវត្តកម្មរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី គឺជាការរួមចំណែកក្នុងការផ្សារភ្ជាប់ជាមួយនឹងចំណែកធំរួម ដែលបង្កើតជា Ecosystem នៃការធ្វើបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅបង្កើនប្រសិទ្ធភាព គុណភាពការងាររបស់ក្រសួង ស្ថាប័ន ព្រមទាំងជាឃ្នាស់ ឬ ជាកម្លាំងចលករ សម្រាប់បម្រើឱ្យបរិវត្តកម្មសង្គមជាតិ។ ក្នុងនោះ
ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងនាមជាសេនាធិការរបស់គណៈរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី ចាំបាច់ត្រូវចាប់យក និងបញ្ជ្រាបបច្ចេកវិទ្យាទៅក្នុងប្រព័ន្ធការងារ ជាពិសេសទៅក្នុងមុខងារស្នូលសំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីបម្រើដល់គណៈរដ្ឋមន្ត្រីទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានចង្អុលបង្ហាញមុខសញ្ញាជាក់ស្តែងសម្រាប់ការធ្វើបរិវត្តកម្មឌីជីថល ដោយផ្អែកលើមុខងារ និងការដ្ឋានសំខាន់ៗរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ជាពិសេស មុខងារស្នូល និងមុខងារគាំទ្រ ដែលរួមមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ធឌីជីថលបង្គោល ប្រព័ន្ធគ្រប់គ្រងរំហូរឯកសារ ការធ្វើទំនើបកម្មប្រព័ន្ធមូលទិន្នន័យមន្ត្រីរាជការនិងថ្នាក់ដឹកនាំ ប្រព័ន្ធគ្រប់គ្រងកិច្ចប្រជុំ ប្រព័ន្ធមូលទិន្នន័យឯកសារ និងប្រព័ន្ធមូលទិន្នន័យសំខាន់ៗផ្សេងទៀត ដែលការដ្ឋានទាំងនេះគឺជាកិច្ចការចាំបាច់សម្រាប់គាំទ្រដល់ដំណើរការការងាររបស់គណៈរដ្ឋមន្ត្រី និងនាយករដ្ឋមន្ត្រី។

ដើម្បីឱ្យការអនុវត្តកម្មវិធីបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្ត្រីមានវឌ្ឍនភាពទៅមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្ដល់ការណែនាំ ឱ្យរៀបចំយន្តការក្រុមការងារដើម្បីរៀបចំកម្មវិធីបរិវត្តកម្មឌីជីថលនៅទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រុមការងាររៀបចំគម្រោងនីមួយៗស្របតាមអាទិភាព និងអភិក្រមដែលបានកំណត់ ដោយត្រូវរៀបចំឱ្យមានទស្សនាទានច្បាស់លាស់, ផែនការបណ្តុះបណ្តាល, និងតម្រូវការធនធាន ព្រមទាំងជំរុញឱ្យមានការចូលរួមនិងភាពប្រតិសកម្មពីសំណាក់ថ្នាក់ដឹកនាំនិងមន្ត្រីពីគ្រប់មជ្ឈដ្ឋាន បណ្ដាអង្គភាព និងអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី។