ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយជូនប្រជាជនភៀសសឹក ក្នុងខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនបងប្អូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃទីស្ដីការគណៈរដ្ឋមន្រ្តី ស្ថិតក្នុងបរិវេណវត្តកំពង់ធំ ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ឯកឧត្តម នួន ផារ័ត្ន បានធ្វើរបាយការណ៍បញ្ជាក់ថា ប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងខេត្តកំពង់ធំ មានចំនួន ២ ៦៤៦ គ្រួសារ ស្មើនឹងចំនួន ៩ ៣៩៨ នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ឈរលើស្មារតីរួមគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិខ្មែរ និងក្នុងស្មារតីចែករំលែក ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ, ថ្ងៃនេះ ឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃទីស្ដីការគណៈរដ្ឋមន្រ្តី បានមកជួបសួរសុខទុក្ខបងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងខេត្តកំពង់ធំ ក្នុងក្រុងស្ទឹងសែន និងមួយចំនួនមកពីស្រុកកំពង់ស្វាយ ហើយកំពុងជួបការលំបាកនិងទុក្ខសោក ដោយសារការឈ្លានពានពីកងទ័ពថៃមកលើទឹកដីកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែបានគិតគូរជានិច្ចពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនទាំងអស់ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជនពលី និងរងរបួស នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែក នៅក្នុងខេត្តកំពង់ធំរបស់យើងផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម វង្សី វិស្សុត ក៏បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះគណៈអភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនភៀសសឹកក្នុងពេលដ៏លំបាកនេះ និងសូមឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រុមការងារចុះមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតចំពោះសុខទុក្ខ និងផលលំបាកនានារបស់បងប្អូន រហូតបងប្អូនអាចវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។ ជាមួយគ្នានេះ សូមបងប្អូនបន្តរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាសុខភាពឱ្យបានល្អ រហូតដល់ស្ថានការណ៍វិលត្រលប់ទៅធម្មតាឡើងវិញ។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា ក្នុងកាលៈទេសៈនេះ បងប្អូនកំពុងជួបប្រទះនូវការលំបាក ដោយត្រូវចាកចោលផ្ទះសម្បែង ភូមិឋាន ទ្រព្យសម្បត្តិ មុខរបរ និងអាជីវកម្មផ្សេងៗ។ ប៉ុន្តែការលំបាកនិងទុក្ខសោករបស់បងប្អូន ក៏គឺជាទុក្ខសោកនិងការលំបាករបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ជាតិខ្មែរយើងទាំងអស់គ្នា ក្នុងស្មារតីជាប្រជាជាតិតែមួយ។ ដូច្នេះ សូមអ្នកទាំងអស់គ្នាជឿទុកចិត្ត និងបន្តគាំទ្រដល់វីរយុទ្ធជនរបស់យើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ លះបង់ជីវិត ដើម្បីការពារបូរណភាពទឹកដី មាតុភូមិនៃយើង និងសូមបន្តរួមគ្នាចែករំលែក រែកពុននូវទុក្ខសោកនិងការលំបាកទាំងនេះទាំងអស់គ្នា និងរួមគ្នាប្រឹងប្រែង តស៊ូ លះបង់ ហ៊ានកែ បន្តពង្រឹងនិងលើកកម្ពស់សមត្ថភាព ដើម្បីប្រែក្លាយការលំបាកនិងទុក្ខសោកនេះ ឱ្យក្លាយទៅជាចលនាជាតិ ចលនារួបរួមជាតិ ឯកភាពជាតិ ដើម្បីអាចម្ចាស់ការការពារជាតិ និងកសាងជាតិខ្មែរយើងឱ្យខ្លាំងពូកែ រឹងមាំ និងមានស្ថិរភាព ព្រមទាំងជំរុញដល់ការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនជានិរន្តរ៍។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានគូសបញ្ជាក់អំពីគុណតម្លៃនៃ «សន្តិភាព» ដែលយើងទាំងអស់គ្នាត្រូវចូលរួមការពារនិងរក្សាឱ្យបានក្នុងគ្រប់កាលៈទេសៈ ដើម្បីជាគុណប្រយោជន៍ដល់ជីវភាពរស់នៅរបស់យើងផ្ទាល់ ក្រុមគ្រួសារយើងផ្ទាល់ និងជាមូលដ្ឋានមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិ និងការកសាងជាតិរបស់យើង ក្នុងរយៈពេលវែង។ ក្នុងន័យនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ផ្តល់ជំនឿទុកចិត្តទៅលើសមត្ថភាពដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង គឺ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយមានការជ្រោមជ្រែងពេញទំហឹងពី សម្ដេចតេជោ ហ៊ុន សែន ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវ
សន្តិភាពជូនបងប្អូន និងការពារបាននូវអធិបតេយ្យភាព បូរណភាពទឹកដីរបស់យើង ដោយសន្តិវិធី តាមរយៈនយោបាយការទូត និងឈរលើគោលការណ៍ច្បាប់ ជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ ទាំងសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងទាំងបណ្ដាប្រទេសអាស៊ាន។
ក្នុងស្មារតីរួមគ្នាជាធ្លុងមួយ និងដើម្បីសម្រាលការលំបាករបស់បងប្អូនភៀសសឹក ក្នុងពេលដ៏លំបាកនេះ
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវអំណោយសម្រាប់ចែកជូនដល់បងប្អូនប្រជាជនភៀសសឹកសរុបចំនួន៣០៩គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ ១បាវ, មី១កេស, ទឹកសុទ្ធ១កេស, ត្រីខកំប៉ុង១យួរ, ទឹកស៊ីអ៊ីវ១យួរ, ទឹកត្រី១យួរ, ថ្នាំប៉ារ៉ា១ប្រអប់, ទឹកឃ្មុំ១ដប និងថវិកាចំនួន ៥០ ០០០រៀល។ ដោយឡែក ឯកឧត្តម នួន ផារ័ត្ន ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ ក៏បានផ្ដល់ជូននូវអំណោយក្នុង១គ្រួសារទទួលបានឃីត ១កញ្ចប់ និងទឹកសុទ្ធចំនួន៣យួរផងដែរ។