ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបង្កើត «បណ្តាញស្រាវជ្រាវកម្ពុជា»
(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការបង្កើត «បណ្តាញស្រាវជ្រាវកម្ពុជា» (Cambodia Research Network – CRN) រវាងទីស្តីការគណៈរដ្ឋមន្ត្រី និងស្ថាប័នស្រាវជ្រាវនានា ដោយរួមទាំងសាកលវិទ្យាល័យធំៗមួយចំនួននៅកម្ពុជា សរុបចំនួន៣១។
ថ្លែងក្នុងពិធីចុះហត្ថលេខាខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងអំពីស្ថានភាពប្រែប្រួលយ៉ាងគំហុក និងស្មុគស្មាញនៃនិន្នាការសកល (Megatrends) រួមមានការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថលនិងបញ្ញាសិប្បនិម្មិត (AI) វិបត្តិបម្រែបម្រួលអាកាសធាតុ ហានិភ័យសន្តិសុខទម្រង់ថ្មីៗ ទាំងប្រពៃណីនិងមិនប្រពៃណី ដូចជាសន្តិសុខបច្ចេកវិទ្យា ជំងឺរាតត្បាត និងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបរិការណ៍ព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមបានគូសបញ្ជាក់អំពីតម្រូវការកែលម្អវិធីសាស្ត្រនៃការដឹកនាំ និងការធ្វើគោលនយោបាយ បម្រើឱ្យការអភិវឌ្ឍរបស់ប្រទេសទៅមុខបានរឹងមាំ និងឱ្យបានវែងឆ្ងាយ។ ដូច្នេះ កម្ពុជាមានតម្រូវការទាំងសមត្ថភាពប្រមើលមើល សមត្ថភាពឆ្លើយតបសមត្ថភាពបត់បែន និងសមត្ថភាពនវានុវត្តន៍ខ្ពស់ ដើម្បីអាចឈរជើង អាចរស់រាន និងប្រកួតប្រជែងបាន។ ក្នុងន័យនេះ ដើម្បីធានាបាននូវ «ភាពធន់របស់ជាតិ (National Resilience)» កម្ពុជាចាំបាច់ត្រូវមានការផ្សារភ្ជាប់ការសិក្សានិងស្រាវជ្រាវផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ (Evidence-based Research) ទៅនឹងការតាក់តែង ការតាមដាន និងការវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ព្រមទាំងយុទ្ធសាស្ត្រជាតិធំៗជាច្រើន ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ ឆ្ពោះទៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដោយផ្អែកលើគោលការណ៍ខាងលើនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឡើងនូវការដ្ឋានការងារគន្លឹះចំនួន៥, ការតម្រង់ទិសលើ
វិស័យអាទិភាពចំនួន ៥ និងទិសដៅយុទ្ធសាស្រ្តចំនួន ៥ (៥+៥+៥) ដើម្បីឱ្យ «បណ្តាញស្រាវជ្រាវកម្ពុជា» ដំណើរការដោយមានប្រសិទ្ធភាព។ ក្នុងនោះ ការដ្ឋានការងារទាំង៥ រួមមាន៖ ១. ការបង្កើតបណ្តាញទំនាក់ទំនង
តភ្ជាប់ស្ថាប័នរដ្ឋនិងគ្រឹះស្ថានស្រាវជ្រាវ, ២. ការកសាងធនធានមនុស្សនិងការចែករំលែកចំណេះដឹង, ៣. ការ
តភ្ជាប់ការសិក្សាស្រាវជ្រាវទៅនឹងការរៀបចំនិងការអនុវត្តគោលនយោបាយ, ៤. ការបង្កើតវេទិកាអនឡាញ ដើម្បីចែករំលែកព័ត៌មាន និងរបបគំហើញ និង ៥. ការបង្កើតប្រព័ន្ធទិន្នន័យរួម។ ការងារនេះផ្តោតទៅលើវិស័យអាទិភាពធំៗចំនួន ៥ គឺ ភូមិសាស្ត្រនយោបាយ, សេដ្ឋកិច្ច, សង្គម វប្បធម៌ និងប្រវត្តិសាស្ត្រ, បច្ចេកវិទ្យា, និងអភិបាលកិច្ច ដោយចាប់ផ្តើមពីគម្រោងតូចៗ តែសំខាន់ក្នុងដំណាក់កាលដំបូង។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានផ្តល់នូវអនុសាសន៍ណែនាំលើទិសដៅយុទ្ធសាស្ត្រចំនួន ៥ ចំណុចទៀត ដោយផ្តោតសំខាន់លើ ១. ការធានាឱ្យបានដាច់ខាតនូវគុណភាព សុចរិតភាព និងក្រមសីលធម៌នៃការស្រាវជ្រាវ (Quality and Rigor), ២. ការលុបបំបាត់ «វប្បធម៌ធ្វើការដាច់ដោយឡែកពីគ្នា (Breaking Silos)», ៣. ការតម្រង់ទិសការស្រាវជ្រាវតាមតម្រូវការជាក់ស្តែង ដោយត្រូវធានាថា ការស្រាវជ្រាវមានឯករាជ្យភាព និងសេរីភាព សំដៅបណ្តុះគំនិត និងធនធានបញ្ញារបស់សង្គម ក្នុងគោលដៅនិងគុណតម្លៃរួម, ៤. ការពង្រឹងចីរភាពនិងនិរន្តរភាពស្ថាប័ន តាមរយៈការរៀបចំលក្ខន្តិកៈ កំណត់តួនាទីនិងភារកិច្ចនៃបណ្តាញស្រាវជ្រាវកម្ពុជា និង ៥. ការលើកកម្ពស់ការស្រាវជ្រាវ និងកសាងភាពជាដៃគូរវាងរដ្ឋ វិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវ។
បន្ថែមលើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា គំនិតនៃការបង្កើតបណ្តាញស្រាវជ្រាវនេះ ត្រូវបានគិតគូរឡើងដោយទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងក្របខ័ណ្ឌនៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តាំងពីដើមអាណត្តិទី៧ អស់រយៈពេលជាង២ឆ្នាំមកហើយ ទើបទទួលបានផ្លែផ្កា និងសម្រេចបាននូវក្របខ័ណ្ឌទស្សនាទានរួម ព្រមទាំងសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនាពេលនេះ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបង្កើត CRN មិនមែនគ្រាន់តែជាពិធីចុះហត្ថលេខាលើក្រដាសនោះទេ ប៉ុន្តែជា «ការចាប់ផ្តើមនៃទំព័រថ្មីមួយ» នៃការប្រមូលផ្តុំកម្លាំងបញ្ញាញាណ ដោយបង្កើនប្រសិទ្ធភាពនៃការចំណាយថវិកា និងធនធានជាតិ ឱ្យចំទិសដៅ និងឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហាប្រឈមធំៗរបស់ប្រទេសជាតិ។
ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់
រាជរដ្ឋាភិបាល និងទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការបន្តគាំទ្រ សម្របសម្រួល និងបើកផ្លូវដល់ដំណើរការរបស់ CRN ក្នុងគ្រប់រូបភាព។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវជំនឿយ៉ាងមុតមាំថា ស្ថាប័នសមាជិកទាំង ៣១ នឹងក្លាយជា «បង្អែកបញ្ញាញាណ» ដ៏រឹងមាំ ប្រៀបដូចជាកម្លាំងចលករជួយជំរុញកំណើនខឿនសេដ្ឋកិច្ចជាតិ និងសង្គម ក្នុងស្មារតី «រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ» ដើម្បីធានាបាននូវអធិបតេយ្យភាព បូរណភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់សម្រាប់កម្ពុជា។
សូមជម្រាបជូនផងដែរថា អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើត «បណ្តាញស្រាវជ្រាវកម្ពុជា»ត្រូវបានរៀបចំក្នុងគោលបំណងបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ (Collaboration Framework) ដើម្បីបង្កើត «បណ្តាញស្រាវជ្រាវកម្ពុជា» ដែលជា «របត់ប្រវត្តិសាស្ត្រថ្មីមួយ» ក្នុងការប្រមូលផ្ដុំកម្លាំងបញ្ញាញាណ ចំណេះដឹង ជំនាញ ដែលជាដើមទុនប្រាជ្ញា (Intellectual Capital) និងបទពិសោធរបស់អ្នកស្រាវជ្រាវកម្ពុជាទាំងក្នុងនិងក្រៅប្រទេស។ ការចុះ MOU នេះ ក៏មានគោលបំណងពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវផ្អែកលើភស្តុតាង ជាមួយនឹងការតាក់តែង ពិនិត្យ តាមដាន និងវាយតម្លៃគោលនយោបាយ ការព្យាករជាយុទ្ធសាស្ត្រ និងការរៀបផែនការសេណារីយ៉ូ សំដៅផ្តល់ធាតុចូលដល់គោលនយោបាយប្រកបដោយវិទ្យាសាស្ត្រ និងទាន់ពេលវេលា ដើម្បីបម្រើឱ្យបុព្វហេតុការពារ ស្ដារ និងកសាងជាតិមាតុភូមិកម្ពុជា។







